រដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ​នៅតែ​បណ្ដោយ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​យ៉ាង​មហន្តរាយ​

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​តំបន់​ព្រៃ​ឡង់​ចំនួន​៤​ខេត្ត គឺ​ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​សកម្មភាព​បំផ្លាញ​ព្រៃ​ឡង់​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រការនេះ​ធ្វើ​ឲ្យ​មានមតិ​រិះគន់ថា រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ក្រសួង​ពាក់ព័ន្ធ​ជាពិសេស​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម នៅតែ​បណ្ដោយ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​យ៉ាង​ពេញបន្ទុក​។ ប្រការ​នេះហើយ​ទើប​សកម្មជន​ការពារ​ព្រៃ​ឡង់ ស្នើ​ឲ្យ​រដ្ឋាភិបាល​សហការ​ជាមួយ​សហគមន៍​ការពារ​ព្រៃឈើ​ដើម្បី​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ព្រៃ​ឡង់​ប្រកបដោយ​ប្រសិទ្ធភាព​។

សកម្មជន​ការពារ​ព្រៃ​ឡង់​បាន​អះអាងថា ដោយសារតែ​អស់ជំនឿ​លើ​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច ក្នុងការ​បង្ក្រាប​បទល្មើស​ទើប​កន្លងមក​ប្រជា​សហគមន៍​ធ្វើ​សកម្មភាព​ទប់ស្កាត់​បទ​ល្មើស​បំផ្លាញ​ព្រៃ​ឡង់​ដោយ​ខ្លួនឯង​។ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​មិន​ត្រឹមតែ​គ្មាន​ការលើកទឹកចិត្ត​ពី​អាជ្ញាធរ​ខេត្តកំពង់ធំ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បែរជា​ទទួលរង​នូវ​ការគំរាមកំហែង​បំភិតបំភ័យ​និង​កោះហៅ​ឡើង​តុលាការ​ជា​បន្តបន្ទាប់​។ អាច​និយាយបានថា លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​លោក តឹ​ប ញាតា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ជា​អ្នកកាង​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ទើប​សកម្មភាព​កាប់​គាស់​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​នេះ​កើតឡើង​ឥតឈប់ឈរ​។

តំណាង​ប្រជា​សហគម៍​ការពារ​ព្រៃឈើ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ​សហការ​ជាមួយ​ពួកគាត់ ដើម្បី​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​ដែល​កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​។ បើ​មិន​ដូច្នេះ​ទេ ក្រុម​ជនល្មើស​ដែលជា​អ្នកមាន​លុយ អ្នកមានអំណាច នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​ព្រៃ​ឡង់​នៃ​ខេត្ត​ចំនួន​៤ គឺ​ខេត្តកំពង់ធំ ខេត្តព្រះវិហា ខេត្តក្រចេះ និង​ស្ទឹងត្រែង ចៀស​មិន​ផុតពី​ក្លាយទៅជា​វាល​ខ្សាច់​រហោស្ថាន​នោះឡើយ​។ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រី​របស់ខ្លួន​ក្នុង​ខេត្ត​ទាំង​៤​ខាងលើ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​នោះទេ ព្រោះ​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​បច្ចុប្បន្នកំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​៕

preylang_10(1) 2