ទង្វើ​មិន​ប្រក្រតី​របស់លោក ស៊ីវ រដ្ឋា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប ត្រូវបាន​លាតត្រដាង​

លោក ស៊ីវ រដ្ឋា ដែល​ទើប​ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប កាលពី​ខែមេសា ឆ្នាំ​២០១៥ កំពុង​ត្រូវ​មន្ត្រីរាជការ​ក្នុង​មន្ទីរ​នេះ រិះគន់​យ៉ាង​ខ្លាំងក្លា​ហើយ​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ​មន្ត្រី​រូបនេះ​ចេញពី​តំណែង​ផងដែរ​។ មន្ត្រីរាជការ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប​៣៨​នាក់​បាន​ផ្ដិតមេដៃ​ស្នើសុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ផ្លាស់ប្ដូរ​តំណែង​លោក ស៊ីវ រដ្ឋា ជាបន្ទាន់​។ បញ្ហា​នេះ​គេ​រង់ចាំ​មើលថា​តើ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ដោះស្រាយ​បែបណា​ចំពោះ​សំណើ​របស់​មន្ត្រីរាជការ​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប​។

តាមរយៈ​លិខិត​ផ្ញើជូន​នាយករដ្ឋមន្ត្រី និង​ផ្ញើជូន​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប​៣៨​នាក់ បាន​លើកឡើងថា លោក ស៊ីវ រដ្ឋា ដែល​ឡើងកាន់តំណែង​ជា​ប្រធាន​មន្ទីរ​កាលពីដើម​ខែមេសា ឆ្នាំ​២០១៥ បានធ្វើ​ឲ្យ​មន្ត្រី​ក្នុង​មន្ទីរ​នេះ​មិន​ពេញចិត្ត​សកម្មភាព​របស់គាត់​ក្នុងការ​ដឹកនាំ​។ នៅក្នុង​លិខិត​បាន​ឲ្យ​ដឹង​ទៀតថា លោក ស៊ីវ រដ្ឋា ពុំមាន​សមត្ថភាព​គ្រប់គ្រង​ដឹកនាំ ចាត់ចែង​ការងារ ពុំមាន​គណនេយ្យភាព បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង​របស់​មន្ត្រីរាជកា​រ​នៅក្នុង​មន្ទីរ ហើយ​ពុំមាន​ក្រមសីលធម៌​ជា​អ្នកដឹកនាំ ប្រើ​សំដី​ប្រមាថមើលងាយ​មន្ត្រីក្រោមឱវាទ ដឹកនាំ​បែប​ផ្ដាច់ការ​មិនដែល​ស្ដាប់​យោបល់​ឬ​សំណូមពរ​មន្ត្រីក្រោមឱវាទ​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​លោក សុខ សុ​ធុន អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប ដែល​ចូលរួម​ផ្ដិតមេដៃ​ដែរ​នោះបាន​បញ្ជក់​ថា ការដែល​មន្ត្រី​ក្នុង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប ស្នើសុំ​ផ្លាស់ប្ដូរ​លោក ស៊ីវ រដ្ឋា ពី​តំណែង​ប្រធាន​មន្ទីរ គឺ​ដោយសារ​កន្លងមក​លោក ស៊ីវ រដ្ឋា មិនដែល​ដោះស្រាយ​តាម​ការស្នើសុំ​របស់​មន្ត្រី​ក្នុង​មន្ទី​ម្តងណា​ឡើយ​។ លើស​នេះ​ទៅទៀត​លោក ស៊ីវ រដ្ឋា មើលងាយ​ដល់​សមត្ថភាព​មន្ត្រី​ទាំងអស់ ហើយ​ប្រើពាក្យ​ថា​មន្ត្រី​ទាំងអស់នោះ​មិនចេះ​ធ្វើ​ការងារ​អ្វី​ទេ មិនតែប៉ុណ្ណោះ​លោក ស៊ីវ រដ្ឋា ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​មិន​ទុកចិត្ត​មន្ត្រីរដ្ឋបាល​និង​មន្ត្រី​ការិយាល័យ​ផ្សេងៗ​ទៀត​នៅក្នុង​មន្ទីរ​ឡើយ​។ ហេតុនេះហើយ​ទើប​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប ស្នើ​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ចាត់វិធានការ​ផ្លាស់ប្តូ​រ​តំណែង​លោក ស៊ីវ រដ្ឋា ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​មន្ត្រី​រូបនោះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ទៀត​៕

Phara-1លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​