ស្នងការក្រុងបង្ហាញមុខ​ក្រុម​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​៤០​នាក់ ដែល​បង្ក្រាបបាន​ក្នុង​ខណ្ឌ​ទាំង​១២

​រាជធានី​ភ្នំពេញ​៖​កម្លាំង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ប៊​ន សំអាត ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​កាលពី​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ បាន បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​៤០​នាក់ និង​ថ្នាំញៀន​៣០​កញ្ចប់​តូច នៅក្នុង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​។​

​លោក​ប៊​ន សំអាត ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​ទាំង​៤០​នាក់ និង​វត្ថុតាង​ថ្នាំញៀន​ចំនួន​៣០​កញ្ចប់​តូច​នេះ គឺ​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​១៤ និង​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ នៅ​ទូទាំង​១២​ខណ្ឌ ក្នុង​រា​ធានី​ភ្នំពេញ​។​

​លោក​ស្នងការរង​បន្តថា ការបង្ក្រាប​ទីតាំង​ចែកចាយ​នឹង​ប្រើប្រាស់​ថ្នាំញៀន​នេះ​គឺ​កម្លាំង​សមត្ថកិច្ច​ទាំង​១២​ខណ្ឌ និង​កម្លាំង​សមត្ថកិច្ច​ជំនាញ​បន្តធ្វើ​ដូច​ភ្លៀងរលឹម មិន​ថា​ទ្រង់ទ្រាយ​តូច ឬក៏​ធំ​ប៉ុណ្ណា​ទេ​។ 

​លោក​បញ្ជាក់ថា ចាប់ពី​ដើមឆ្នាំ​២០១៥ រហូត​ចុងឆ្នាំ​២០១៥​នេះ​កម្លាំង​សមត្ថកិច្ច​ទាំង​១២​ខណ្ឌ​រួមទាំង​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​បាន​រហូតដល់​៥០​ករណី នឹងធ្វើ​ការឃាត់ខ្លួន​បាន​មនុស្ស​ជាង​១០០០​នាក់​ទូទាំង​រាជធានី​ភ្នំពេញ​។​

​ក្រោយពេល​បង្ហាញមុខ​រួច​សមត្ថកិច្ច​ក៏បាន​ដឹកយក​ជនសង្ស័យ​ទាំង​៤០​នាក់​ទៅកាន់​អធិការ​ខណ្ឌ​នីមួយៗ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ផងដែរ​៕

ស្នងការក្រុងបង្ហាញមុខ​ក្រុម​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​៤០​នាក់ ដែល​បង្ក្រាបបាន​ក្នុង​ខណ្ឌ​ទាំង​១២