សាលាក្ដី​ខ្មែរ​ក្រហម​បន្ត​សវនាការ​រឿង​សម្លាប់​ជនជាតិ​វៀតណាម​នៅ​ខេត្ត​សៀមរាប

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​អង្គារ ទី​១៥ ធ្នូ បាន​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត ទាក់ទង​នឹង​អង្គហេតុ​សម្លាប់​ជនជាតិ​វៀតណាម នៅ​ខេត្ត​សៀមរាប កាល​ពី​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

សាក្សី​ថ្មី​វ័យ ៧៩​ឆ្នាំ ឈ្មោះ អ៊ី វុន ជម្រាប​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា លោក​បាន​ដឹង​អំពី​រឿង​ពួក​ខ្មែរក្រហម​សម្លាប់​ជន​ជាតិ​វៀតណាម នៅ​វត្ត​ខ្សាច់ ក្នុង​ភូមិ​យាង ឃុំ​សង្វើយ ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ពិសេស ករណី​សម្លាប់​ស្ត្រី​ជនជាតិ​វៀតណាម ឈ្មោះ ចន្ថា៖ «ក្នុង​ឆ្នាំ​១៩៧៨ មាន​សម្លាប់​វៀតណាម ទេ​តើ! សម្លាប់​តា ឃុត តា​អី។ តា ឃុត នោះ​សម្លាប់​នៅ​កន្លែង​ផ្សេង​ទេ។ បើ ចន្ថា នោះ​បាន​សម្លាប់​នឹង​វត្ត​ខ្សាច់។ តើ​លោក​ស្គាល់​គ្រួសារ​នាង​ទេ ជា​ពិសេស​យាយតា​នាង? ខ្ញុំ​ស្គាល់​ឈ្មោះ​តា ឃុត បើ​ម្ដាយ​គាត់​វៀតណាម នោះ​ខ្ញុំ​អត់​ស្គាល់​ផង។ គេ​ហៅ​តែ​យាយ​ហាយៗ ហើយ ចន្ថា នោះ​កូន​ចិញ្ចឹម​ទេ។ ឪពុក​វា​ឈ្មោះ ហ៊ីវ ប៉ុន្តែ​យាយ​ហាយ គាត់​យក​មក​ចិញ្ចឹម។ ស្រាប់​តែ​គេ​ប្រមូល​យក​ទៅ​តែ​ម្ដង។ រយៈ​បី​ថ្ងៃ​ក្រោយ ខ្ញុំ​ធ្វើ​ជា​ដើរ​រក​គោ ស្រាប់​តែ​ទៅ​ឃើញ​អន្លង់​ដែល​គេ​កប់ ឃើញ​ដំបង​ដែល​គេ​វាយ។ មាន​អ្នក​ដទៃ​ទៀត​ទេ​តើ! អ្នក​គោក​ក្រោម អ្នក​ឯ​ណាៗ ដែល​គេ​យក​មក។ មួយ​ចំណោម​ដែល​គេ​យក​មក​នោះ ឃើញ​នៅ​រស់​មួយ។ គាត់​ឆ្លើយ​ថា គាត់​ជាតិ​ចិន»

សាក្សី អ៊ី វុន ដែល​អតីត​ជា​សមាជិក​គណៈ​ភូមិ និង​ជា​គ្រូ​ខ្មែរ គឺ​ជា​សាក្សី​ទី​៣ ហើយ ដែល​មក​ផ្ដល់​សក្ខីកម្ម​អំពី​ហេតុការណ៍​សម្លាប់​ជនជាតិ​វៀតណាម នៅ​ក្នុង​ភូមិ​យាង​នេះ។ បន្ទាប់​ពី​សាក្សី​រូប​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ អង្គ​ជំនុំជម្រះ​សាលាដំបូង​នឹង​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត ដែល​មាន​លេខ​កូដ​ថា 2TCW1000៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។