អ្នក​កាសែត​អាជីព​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង​ក្នុង​ឆ្នាំ​២០១៥​កើន​ឡើង

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ប្រកាស​ថា ចំនួន​អ្នក​កាសែត​អាជីព​ដែល​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង​ក្នុង​ឆ្នាំ​២០១៥ នេះ មាន​ចំនួន​កើន​ឡើង​ជាង​ឆ្នាំ​មុន ៣៥​ភាគរយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (RSF) លម្អិត​តួលេខ​ថា ស៊ីរី (Syria) ជា​ប្រទេស​មួយ​ដែល​ចាប់​អ្នក​អ្នក​កាសែត​ជា​ចំណាប់​ខ្មាំង​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក គឺ​មាន​ចំនួន​ដល់​ទៅ ២៦​នាក់ ដែល​ស្ទើរ​តែ​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ចំនួន​អ្នក​កាសែត​ចំណាប់​ខ្មាំង​ទូទាំង​ពិភពលោក ៥៦​នាក់។

រី​ឯ​ចំនួន​អ្នក​យក​ព័ត៌មាន​អាជីព​ដែល​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​វិញ មាន​ចំនួន ១៥៣​នាក់ គឺ​ថយ​ចុះ​ជាង​ឆ្នាំ​មុន ១៤​ភាគរយ។ ទន្ទឹម​គ្នា​នោះ អ្នក​កាសែត​ពលរដ្ឋ (citizen journalists) ១៦១​នាក់ និង​បុគ្គលិក​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន ១៤​នាក់ ក៏​ត្រូវ​បាន​ឃុំ​ខ្លួន​ដែរ។ ក្នុង​នោះ ប្រទេស​ចិន គឺ​នៅ​តែ​ជា​ទី​ឃុំឃាំង​អ្នក​សារព័ត៌មាន​ដ៏​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ធ្លាប់​ចេញ​សេចក្ដី​ប្រកាស​ថា កម្ពុជា​គឺ​ជា​កន្លែង​គ្រោះថ្នាក់​បំផុត​សម្រាប់​​អ្នក​កាសែត ដែល​រាយការណ៍​ពី​រឿង​បរិស្ថាន។
គិត​ចាប់​តាំង​ពី​១៩៩៤ មក មាន​អ្នក​កាសែត ១៣​នាក់ ត្រូវ​បាន​គេ​សម្លាប់​នៅ​កម្ពុជា ដោយ​ក្នុង​នោះ​មាន​អ្នក​យក​ព័ត៌មាន​បរិស្ថាន ៣​នាក់ គឺ​លោក តាំង ទ្រី លោក សួន ចាន់ លោក ហង្ស សិរីឧត្ដម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។