ការប្រមូលពន្ធរយៈពេល១១ខែឆ្នាំនេះកើនឡើងលើសផែនការ

ការប្រមូលពន្ធរយៈពេល១១ខែឆ្នាំនេះកើនឡើងលើសផែនការ

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ពន្ធដារ​បង្ហាញ​កាល​ពី​សប្តាហ៍​មុន​បង្ហាញ​ថា ការ​ប្រមូល​ចំណូល​ពន្ធអាករ​គ្រប់ប្រភេទ​នៅ​ក្នុង​រយៈពេល​ ១១​ខែ​ដំបូងឆ្នាំ ២០១៥ សម្រេច​បាន​១ ១៨៦​លាន​ដុល្លារ​អាមេរិក​ពោល​គឺកើន​ឡើង ២៤ ភាគរយ​បើ​ធៀប​នឹង​អំឡុង​ពេល​ដូចគ្នា​ កាលពីឆ្នាំមុន។

 

ជាមួយ​គ្នា​នេះ តួលេខ​នៃ​ទំហំ​ទឹក​ប្រាក់​នេះ​គឺ​បាន​កើនឡើង​លើស​ផែនការ​ផងដែរ ដែល​ស្មើនឹង​១០១ ៨៣​ភាគរយ នៃ​គោលដៅ​កំណត់​ដោយ​ច្បាប់ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ ២០១៥។ ចំណូល​ពន្ធទាំនេះ​ត្រូវបាន​រុញច្រាន​ដោយ​ពន្ធ​លើ​ប្រាក់បៀវត្សរ៍​កើន​ឡើង​២៧,៩ ភាគរយពន្ធ លើប្រាក់​ចំណេញ​កើនឡើង​២៧,៩ ភាគរយ អាករ​លើ​តម្លៃ​បន្ថែម​កើនឡើង ១២,៦ ភាគរយ និង អាករ​ពិសេស​កើនឡើង ២៤,៧ ភាគរយ។

 

ការប្រមូលពន្ធរយៈពេល១១ខែឆ្នាំនេះកើនឡើងលើសផែនការ

 

លោក គង់ វិបុល អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ពន្ធដារ​បានឲ្យដឹង​នៅក្នុង​ពិធីបូក​សរុបលទ្ធផល​ការងារ​ពន្ធដារ​ប្រចាំ​ខែ វិច្ឆិកា ឆ្នាំ ២០១៥ កាល​ពី​សប្តាហ៍​មុន​ថា ដើម្បី​ប្រមូល ចំណូល​បាន​គ្រប់ផែនការ​ច្បាប់ និង​ដើម្បី​ធានាបាន​នូវភាព​ជឿទុកចិត្ត​ផ្នែក​ថវិកា​អង្គភាព​ពន្ធដារ​នឹងរៀបចំ​សេចក្តី​ព្រាង​ប្រកាស​ស្តីពី​ការ​កំណត់​វិធានការ ការធ្វើ​ចំណាត់​ថ្នាក់​អ្នកជាប់ពន្ធ​តាមរបប​ស្វ័យ​ប្រកាស​បន្ត​ពង្រឹង​ការ​ចុះបញ្ជីពន្ធដារ​តាមប្រព័ន្ធថ្មី និង​ជំរុញ​ដល់ការ​ប្រមូលពន្ធ​លើវិស័យ​សំណង់។

 

ចំណូល​តាម​អាជីវកម្ម​ក៏មាន​ការ​កើនឡើង​ស្ទើរ​គ្រប់ទាំង​អស់ដែរ ដែល​ក្នុង​នោះពន្ធ ផ្នែក​សេវាហិរញ្ញវត្ថុ​កើនឡើង​៣៩,១ភាគរយ ផ្នែក​ផលិត​ភេសជ្ជៈ​កើនឡើង ១៦,៣ ភាគរយ ផ្នែក​ទូរគមនាគមន៍​កើនឡើង ៦,៣ ភាគរយ​ផ្នែក​ផលិតគ្រឿង​ប្រើប្រាស់​កើនឡើង ៤,៥ ភាគរយ ផ្នែក​នីហរណអាហរ័ន​កើនឡើង ២៤,៣ ភាគរយ​ផ្នែក​ផលិត​សម្លៀក​បំពាក់​កើន​ឡើង ១៥ ភាគរយ  ផ្នែក​សណ្ឋាគារ និង​ផ្ទះសំណាក់​កើន​ឡើង ៣៣,៣ ភាគរយ ផ្នែក​លក់​​យានយន្ត​កើន​ឡើង ២៣,៣ ភាគរយ ផ្នែក​ផលិត​ម្ហូប​អាហារ​កើនឡើង ១៣ ភាគរយ ផ្នែក​លក់​សម្ភារៈ​ការិយាល័យ​កើន ឡើង ៣៣,៨​ភាគរយ​ផ្នែក​ផលិត​ថ្នាំ​ជក់កើនឡើង ១១៣,២ ភាគរយ និង ផ្នែក​អាកាសយានដ្ឋាន និង​កំពង់ផែ​កើន​ឡើង ១៣,១ ភាគរយ​ផ្នែក​កសិកម្ម​កើន​ឡើង ៥០,៩ ភាគរយ ផ្នែកលក់ គ្រឿង​ឧបភោគ​បរិភោគ​កើន​ឡើង ៦២,៩ ភាគរយ និង ផ្នែកដឹក​ជញ្ជូន និង​ទេសចរ កើន​ឡើង ១២,៦ភាគរយ។

 

យោង​តាម​របាយការណ៍​របស់​អគ្គនាយដ្ឋាន​ពន្ធដារ​បានបង្ហាញថា ការប្រមូល​ចំណូលពន្ធដារ​របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ២០១៤ កន្លងទៅនេះ មាន​ចំនួន​ទឹកប្រាក់​សរុបប្រមាណ ១០៦២,៧៩ លានដុល្លា អាមេរិក​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៣ គឺ​បាន កើន​ឡើង ១៧,៩៣ ភាគរយ និង​កើនលើ ស​ផែនការ​៧​ភាគរយ៕

 

 

អត្ថបទ៖ ភារុណ
ប្រភព៖ Khmerdaily