មតិ​​លេង​ Facebook យូរ​ៗ​មិន​ចម្រើន​តែ​​កាន់​តែ​តានតឹង​អារម្មណ៍​


មតិ​​លេង​ Facebook យូរ​ៗ​មិន​ចម្រើន​តែ​​កាន់​តែ​តានតឹង​អារម្មណ៍​

Facebook ជា​មធ្យោបាយ​ទំនាក់​ទំនង​ដ៏​មាន​ប្រជាប្រិយភាព​នា​ពេល​បច្ចុប្បន្ន។ ពេល​កម្សាន្ត​ជាមួយ Facebook ​អ្នក​អាច​បង្ហាញ​អារម្មណ៍​រីករាយ ឬទុក្ខ​សោក​គ្រប់​បែបយ៉ាង និង​ចែករំលែក​រឿងរ៉ាវ​ផ្សេងៗ​ដល់​​​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​។

 

មតិ​​លេង​ Facebook យូរ​ៗ​មិន​ចម្រើន​តែ​​កាន់​តែ​តានតឹង​អារម្មណ៍​

 

យ៉ាងណា​ការ​ស្រាវជ្រាវ​ថ្មីៗ​មួយ​បាន​រក​ឃើញ​ថា អ្នក​ដែល​កម្សាន្ត Facebook ជា​ប្រចាំ​​​មិន​ទទួល​បាន​ភាព​រីករាយ​បែរ​ជា​កើត​​អារម្មណ៍​តានតឹង​​​មិន​​ដូច​អ្នក​ដែល​មិន​ប្រើប្រាស់​ Facebook។

 

កំពុង​អង្គុយ​ក្នុង​ចំណត​ចាំ​រថយន្ត​ក្រុង​សាធារណៈ ​កញ្ញា ម៉ី និស្សិត​ឆ្នាំ​ទីពីរ​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​បាន​ប្រាប់ Sabay ថា កញ្ញា​ប្រើ​បណ្ដាញ​សង្គម​មួយ​នេះ​មិន​តិច​ជាង​ប្រាំបី​ម៉ោង​ទេ​ក្នុង​មួយ​ថ្ងៃ ឬ​អាច​លើស​ពី​នេះ​បើ​ចំ​ថ្ងៃ​សម្រាក ​ព្រោះ​កញ្ញា​មាន​ក្រុម​ដែល​ត្រូវ​ចែក​រំលែក​មេរៀន​គ្នា​ក្នុង​បណ្ដាញ​សង្គម​នេះ ឬ​មើល​ព័ត៌មាន​ថ្មីៗ និង​ជាពិសេស​សកម្មភាព​មិត្តភ័ក្ដិ​របស់​នាង ។

 

កញ្ញា​សម្បុរ​ស​មុខ​កាត់​ចិន​រូប​នេះ​បន្ត​ថា ពេល​លេង Facebook យូរ​ក៏​មាន​អារម្មណ៍​ថា​មិន​សូវ​សប្បាយ​ចិត្ត​ដែរ ទោះ​ជា​មាន​មិត្តភ័ក្ដិ​ច្រើន​ក៏​ដោយ ជា​ពិសេស​ពេល​ឃើញ​ព័ត៌មាន​ឆក់ ប្លន់ សម្លាប់ រាល់​ថ្ងៃ​រឹត​តែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​កាន់​តែ​ខ្លាច​ថែម​ទៀត។

 

នៅ​ក្បែរ​ចំណត​រង់ចាំ​នោះ​ដែរ លោក សុភក្តិ ឲ្យ​ដឹង​ថា ចំពោះ​លោក​ពេល​មិន​លេង Facebook មាន​អារម្មណ៍​ថា​ស្រស់ស្រាយ ព្រោះ​ពេល​បើក​ម្ដងៗ​ឃើញ​តែ​រឿង​គេ​ពិបាក​ចិត្ត និង​មាន​ព័ត៌មាន​មួយ​ចំនួន​ក៏​រំខាន​អារម្មណ៍។

 

លោក​បន្ត​ទៀត​ថា ពេល​ខ្លះ​ក៏​កើត​មាន​កូន​ចិត្ត​ច្រណែន​នឹង​គេ ពេល​គេ​មាន​អ្វី​មួយ​ដែល​លោក​មិន​មាន ហើយ​ចេះ​តែ​គិត​ផ្ដេសផ្ដាស ហើយ​បើ​ជក់​លេង​វិញ​គ្មាន​ពេល​បាន​ធ្វើ​អី​ទេ ធ្វើ​ឲ្យ​ខាត​ពេល​អត់​ប្រយោជន៍​។

 

ចំណែក​កញ្ញា សុនា បុគ្គលិក​បម្រើ​ការ​នៅ​ក្រុម​ឯកជន​មួយ​នៅ​ភ្នំ​ពេញ បាន​ឲ្យ​ដឹង​ថា ពេល​កញ្ញា​មិន​លេង Facebook អស់​រយៈ​ពេល​កន្លះ​ឆ្នាំ មាន​អារម្មណ៍​ថា មិន​សូវ​ពិបាក​ចិត្ត ហើយ​អាច​ធ្វើ​អ្វី​មាន​ប្រយោជន៍​ច្រើន ជាង​ពេល​នៅ​លេង​ព្រោះ បើ​លេង​ទៅ​មាន​អារម្មណ៍​ថា​ដូច​ញៀន Facebook ចេះ​តែ​ចង់​ចាំ​មើល Notifications របស់​អ្នក​ដទៃ។

 

ស្រដៀង​គ្នា​ដែរ លោក រិទ្ធ ជា​និស្សិត​សាលា​ពេទ្យ​បាន​ប្រាប់​ថា លេង​យូរៗ​ទៅ​មាន​អារម្មណ៍​ថា​ដូច​ញៀន ខ្វះ​មិន​បាន បើ​អត់​លេង​អផ្សុក ប៉ុន្តែ​វា​មិន​ធ្វើ​ឲ្យ​លោក​ស្មុគស្មាញ​ដូច​កាល​នៅ​លេងជា​ប្រចាំ។

 

ថ្មីៗ​នេះ បើ​យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ Happiness Research Institute ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង Copenhagen ប្រទេស​ដាណឺម៉ាក បាន​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​អ្នក​ប្រើប្រាស់ Facebook ប្រមាណ ១,០៩៥​នាក់​ដោយ​បែង​ចែក​ពួក​គេ​ជា​ក្រុម​ៗ។​ មួយ​ក្រុម​តម្រូវ​ឲ្យ​ប្រើប្រាស់ Facebook ជា​ធម្មតា​ ហើយ​មួយ​ក្រុម​ទៀត​មិន​បាន​ប្រើ​ Facebook ទេ ជា​លទ្ធផល​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ ៨៨% នៃ​អ្នក​ដែល​នៅ​ក្នុង​ក្រុម​មិន​ប្រើ Facebook មាន​អារម្មណ៍​រីករាយ ក្នុង​ពេល​ដែល​ក្រុម​នៅ​បន្ត​ប្រើ Facebook ​ជា​ធម្មតា​​ មាន​៨១% មិន​ទទួល​បាន​ភាព​រីករាយ។

 

ការ​សិក្សា​នេះ​បាន​សន្និដ្ឋាន​ថា ​អ្នក​ដែល​ចំណាយ​ពេល​ជា​មួយ​បណ្ដាញ​សង្គម Facebook ច្រើន​នឹង​មាន​អារម្មណ៍​តាន​តឹង​កម្រិត​ខ្ពស់​ដោយ​ពួក​គេ​ បាន​ចំណាយ​ពេល​ជា​ច្រើន​ដើម្បី​តាម​​ដាន​ទៅ​លើ​ការ​ផុស​របស់​អ្នក​ដទៃ​ជា​ ជាង​អ្វី​ដែល​ពួក​គេ​មាន​។ ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ផ្ដើម​មាន​ចិត្ត​ច្រណែន​នឹង​ធ្វើ​ការ​ប្រៀប​ ធៀប​ខ្លួន​ឯង​នឹង​អ្នក​ដទៃ។

 

ចុច​អាន៖ សម័យ​ថ្មី​ហៅ​ការ​​គ្នា​តាម Facebook ​សមគួរ​​អត់​?

 

អត្ថបទ៖ រក្សា