លោក កឹម សុខា បាន​ចេញពី​បន្ទប់​ប្រជុំ​រដ្ឋសភា ប៉ុន្តែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​បន្ត​ប្រជុំ

ភ្នំពេញ: ​រហូតដល់​ម៉ោង​ជិត ១១ ព្រឹក ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ លោក​កឹម​សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម បាន​ដើរ​ចេញពី​កិច្ចប្រជុំ​រដ្ឋសភា​។ ប៉ុន្តែ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​បន្ត​ប្រជុំ​រដ្ឋសភា ជាមួយនឹង​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​កឹម​សុខា បាន​ដឹកនាំ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៣៤ រូប ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​។ ការចូលរួម​កិច្ចប្រជុំ​រដ្ឋសភា​ឡើងវិញ​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នាពេលនេះ បានធ្វើ​ឡើង ក្រោយពី​រដ្ឋសភា​បាន​បោះឆ្នោត​ទម្លាក់​លោក​កឹម​សុខា ចេញពី​អនុប្រធាន​ទី​១ រដ្ឋសភា កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥​។​

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទុក​កៅអី​អនុប្រធាន​ទី​១ ឲ្យ​នៅ​ទំនេរ​។ រីឯ​អាសនៈ​សមាជិក​រដ្ឋសភា របស់លោក​សមរង្ស៊ី ក៏ត្រូវ​បាន​ទុក​ឲ្យ​ទំនេរ​ផងដែរ​។​

​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ​នេះ ក៏មាន​ការចូលរួម​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នៅ​ម៉ោងជាង ៩ ព្រឹក បន្ទាប់ពី​សម្តេច​បាន​ចូលរួម​ថ្លែង​សន្ទរកថា នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​គ្រោះមហន្តរាយ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹកថា រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ​នេះ បាន​បើក​កិច្ចប្រជុំ ក្រោម​ការដឹកនាំ​របស់​លោក ហេង​សំរិន ប្រធានរដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ចំនួន ៣ រួមមាន​៖ ១-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​សម្រាប់ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង ម៉ា​រ៉ា​កេស ស្តីពី ការបង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​បញ្ចូល​កិច្ចព្រមព្រៀង ស្តីពី កិច្ច​សម្រួល​ពាណិជ្ជកម្ម ទៅក្នុង​ឧបសម្ព័ន្ធ ១​ក នៃ​កិច្ចព្រមព្រៀង ម៉ា​រ៉ា​កេស​។ ២-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី ការបង្កើត​មជ្ឈមណ្ឌល​ជីវៈចម្រុះ​អាស៊ាន​។ ៣-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​៕​