សិស្សសាលា​អនុវិទ្យាល័យ​គោក​ដូង ជាង​៣០​នាក់ នៅ​ស្រុក​អង្គរជុំ យំ​តៗ​គ្នា​មិនដឹង​មូលហេតុ​

​​សៀមរាប: មាន​ហេតុការណ៍​ដ៍​ចម្លែ​កមួយបានកើត​ឡើង តាំងពី​ថ្ងៃទី​១១ រហូតដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​អនុវិទ្យាល័យ​គោក​ដូង ស្ថិត​ក្នុងភូមិ​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ដោយ​សិស្សសាលាអនុវិទ្យាល័យ​គោក​ដូង ប្រមាណ​ជាង​៣០​នាក់ បាន​អង្គុយ​យំ​ម្តងម្នាក់ៗ ដោយ​មិនដឹង​មូលហេតុ ហើយ​អ្នកភូមិ និង​សមត្ថកិច្ច​អះអាងថា ជា​រឿង​ខ្មោច ព្រាយ​អ្នកតា ប្រកាន់​ខឹង ។​

​អធិការនគរបាលស្រុក​អង្គរជុំ លោក​វរសេនីយ៍ត្រី ម៉ាន់ សុខា​ត់ បាន​ឲ្យ​ដឹងថា គាត់​ក៏មាន​ការងឿងឆ្ងល់​ដែរ​ថា មាន​សិស្សសាលានាំគ្នា​យំ​តៗ​គ្នា ដោយ​គ្មាន​មូលហេតុ​អី​សោះ​។ លោក​បាន​បន្តថា បើតាម​ចាស់ៗបាន​និយាយថា សាលារៀន​នេះ ពី​ដើម​ជា​ទួល​មួយ ដែលមាន​ឈ្មោះថា ទួល​ត្របែក ហើយ​ពីមុន​អ្នកភូមិ​តែងតែ​សែន​ក្បាលជ្រូក ជា​រៀងរាល់ឆ្នាំ​។ ក្រោយមក អាជ្ញាធរបានស្នើ​សុំ​ទៅ​សហគមន៍ ដើម្បី​ចាក់ដី​លុប រួច​សង់សាលា​រៀន​នេះ​តែម្តង​។​

​លោក​បាន​បញ្ជាក់ថា សិស្ស​ទាំងនេះមាន​សុខភាព​ធម្មតា​នោះទេ ហើយ​ពេល​មាន​ហេតុការណ៍​នេះបានកើត​ឡើង ក្រុម​អាណាព្យាបាល បាន​នាំ​កូន​ទៅផ្ទះ ហើយក៏​ធូរស្បើយ​វិញ​តែម្តង​។ លោក​បាន​បញ្ជាក់ទៀតថា ពុំមាន​នរណាម្នាក់​ធ្វើ​ឲ្យ​សិស្ស​ទាំងនោះ​យំ ឬក៏​មានការ​គាបសង្កត់ពី​នរណា​នោះទេ​។​

​រហូតមកដល់​ពេលនេះ សិស្សសាលា​ទាំងនោះមិនមាន​បញ្ហា​អ្វី​ទៀត​នោះទេ គឺ​វិល​មករក​ភាព​ធម្មតា​វិញ​ហើយ បន្ទាប់ពី​មានការ​សែនព្រេនពី​សំណាក់  ប្រជាពលរដ្ឋ និង​អាណាព្យាបាល​សិស្ស បាននាំគ្នា​និមន្ត​ព្រះសង្ឃ និង​លោក​អាចារ្យ រៀបចំ​បាយ​សម្ល ដើម្បី​សែនព្រេនដល់​អារក្ស អ្នកតា សុំ​សេចក្តីសុខ និង​សុំ​កុំ​ឲ្យ​ធ្វើបាប​សិស្សសាលា​បន្តទៀត​។​

​សូមបញ្ជាក់ថា ក្នុងចំណោម​សិស្ស សាលា​អនុវិទ្យាល័យ​គោក​ដូង ប្រមាណ​ជាង​៣០​នាក់ បាន​អង្គុយ​យំ​ម្តងម្នាក់ៗ ដោយ​មិនដឹង​មូលហេតុ ក៏មាន​សិស្ស​ប្រុស​ម្នាក់​ដែរ ដែល​បាន​អង្គុយ​យំ​៕V​/S

សិស្សសាលា​អនុវិទ្យាល័យ​គោក​ដូង ជាង​៣០​នាក់ នៅ​ស្រុក​អង្គរជុំ យំ​តៗ​គ្នា​មិនដឹង​មូលហេតុ​

សិស្សសាលា​អនុវិទ្យាល័យ​គោក​ដូង ជាង​៣០​នាក់ នៅ​ស្រុក​អង្គរជុំ យំ​តៗ​គ្នា​មិនដឹង​មូលហេតុ​