ឡាវ ចាប់ផ្ដើម ចុះឈ្មោះនិងផ្ដល់ ប័ណ្ណការងារ បណ្ដោះអាសន្ន ដល់ជនបរទេស

វៀងច័ន្ទ៖ រដ្ឋាភិបាលឡាវ នឹងចាប់ផ្ដើមចុះឈ្មោះ និងចេញប័ណ្ណការងារ បណ្ដោះអាសន្ន សម្រាប់ជនបរទេស នៅទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ ជាមួយនឹងការរំពឹងទុកថា ជនបរទេសយ៉ាងហោចណាស់ ៣ម៉ឺននាក់នឹង ចុះឈ្មោះក្នុងដំណើរការនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា ដើម្បីធានាឲ្យបាននូវការ អនុវត្តបទបញ្ជាផ្ទៃក្នុងប្រទេស និងការពារសិទ្ធិ និង ផលប្រយោជន៍ របស់អ្នកបម្រើការងារផ្នែកអន្ដោប្រវេសន៍ ក៏ដូច ជាដំណើរការរៀបចំសម្រាប់ សមាហរណកម្ម ជាមួយនឹងសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅចុងឆ្នាំ២០១៥ នេះ  រដ្ឋាភិបាលឡាវ នឹងចាប់ផ្ដើម ដំណើរការចុះឈ្មោះ និងចេញលិខិតអនុញ្ញាតសម្រាប់ជនបរទេស ដែលកំពុងធ្វើ ការងារ មិនស្របច្បាប់នៅក្នុងប្រទេស។

ប្រធានអគ្គនាយកដ្ឋានគ្រប់គ្រងកម្លាំងពលកម្មនៃក្រសួងការងារ និងសុខុមាលភាព សង្គម លោក ផុងហ្ស៊ីសាក់ អ៊ិនថាឡាដ បាននិយាយថា ដំណើរការចុះឈ្មោះបាននឹងកំពុងចាប់ផ្ដើម ដើម្បីទទួលបាននូវចំនួនជនបរទេស ដែលធ្វើការងារមិនស្របច្បាប់ និងត្រួតពិនិត្យឥរិយាបថ ក្នុងសកម្មភាពការងាររបស់ពួកគេ ដើម្បីផ្ដល់ព័ត៌មាន ជូនដល់អាជ្ញាធរ និងអាចចៀសវាង ការយល់ច្រឡំក្នុងការគ្រប់គ្រងជនបរទេសបន្ដទៀត។

គួរបញ្ជាក់ផងដែរថា តម្លៃនៃការចុះឈ្មោះគឺ ៣០ម៉ឺនគីប ស្មើនឹង ៣៧ដុល្លារអាមេរិក សម្រាប់ មនុស្សម្នាក់ក្នុង មួយខែ។ ប្រសិនបើហួសពេលកំណត់ ហើយជនបរទេសទាំងអស់ នៅតែបន្ដ ធ្វើការងារមិនស្របច្បាប់ ដោយ មិនមាន ការពន្យល់ច្បាស់លាស់ណាមួយ អាជ្ញាធពាក់ព័ន្ធ នឹងចេញសកម្មភាពស្របច្បាប់ប្រឆាំងនឹងពួកគេ៕

ឡាវ ចាប់ផ្ដើម ចុះឈ្មោះនិងផ្ដល់ ប័ណ្ណការងារ បណ្ដោះអាសន្ន ដល់ជនបរទេស