លោក សម រង្ស៊ី បញ្ជាក់​ពី​ការចងចាំ​វីរបុរស​ខ្មែរ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្មីៗ​នេះ​បាន​រំលឹក​ឧកញ៉ា​ឃ្លាំងមឿង នាម​ដើម ពេជ្រ ជា​វីរបុរស​ខ្មែរ ដ៏​ល្បីល្បាញ ដែល​បាន​បូជាជីវិត ដើម្បី​ប្រទេសជាតិ នៅ​ដើម​សតវត្សរ៍​ទី ១៦ ។ លោក សម រង្ស៊ី បានលើកឡើង​ពី​ព្រឹត្តិការណ៍​ស្តីពី ឧកញ៉ា​ឃ្លាំងមឿង សង្ខេប​ពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​តាម​សៀវភៅសរសេរ​ដោយ​អ្នកស្រាវជ្រាវ​បារាំង​ឈ្មោះ អាដេ​ម៉ារ ឡឺ​ក្លែ​រ​បោះពុម្ពផ្សាយ​ពី​ប្រទេស​បារាំង នៅ​ឆ្នាំ ១៩១៤ ។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពន្យល់​ដោយយោង​ឯកសារ​ប្រវត្តិសាស្ត្រ​ថា​នៅ​ឆ្នាំ ១៥១២ ស្តេច​សោយរាជ្យ​ព្រះ​ស្រី​សុគន្ធ​បទ បាន​ត្រូវ​ស្តេច​កន​ធ្វើ​គុត​។ ពញ្ញា​ចន្ទ​ជា​ប្អូន​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ស្រុក​សៀម​។ នៅពេល​រត់លូន​ឆ្លងកាត់​តាម​ខេត្តពោធិ៍សាត់ ពញ្ញា​ចន្ទ​បានទទួល​ការ​ទំនុកបំរុង​ពី​មន្ត្រី​ម្នាក់​ឈ្មោះ ពេជ្រ​។ នៅ​ឆ្នាំ ១៥១៦ ពញ្ញា​ចន្ទ​ចង់​ចូល​ស្រុក បាន​បោក​ស្តេច​សៀម​ថា​មករក​ទាក់ដំរី​ស ស្តេច​សៀម​ក៏បានផ្តល់​ពល ៥០០ នាក់ ពញ្ញា​ចន្ទ​ក៏បាន​នាំ​ទ័ព​ចូល​ស្រុក​ខ្មែរ រំដោះ​បាន​ខេត្ត​ជាច្រើន​មាន សិរីសោភ័ណ បាត់ដំបង តែ​មកដល់​ខេត្តពោធិ៍សាត់ ទ័ព​ពញ្ញា​ចន្ទ​បានទទួល​ការ​វាយ​ទប់​ពី​ចៅពញ្ញា​សួគ៌ា ដែលជា​ចៅហ្វាយ​ខេត្តពោធិ៍សាត់ (​ទ័ព​ស្តេច​កន​)​។ នៅពេលនោះ​មន្ត្រី​ឈ្មោះ ពេជ្រ ឬ តា​មឿង ជា​អ្នកប្រឆាំង​ទ័ព​ស្តេច​កន បាន​ប្រមូល​ក្រុមគ្រួសារ​មិត្តភក្តិ​បាន ១៥០ នាក់​ដែលជា​អ្នកបម្រើ​ទ័ព​ខេត្ត បាននាំគ្នា​វាយ​សម្លាប់​ចៅហ្វាយខេត្ត​នោះ​ទៅ​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​បន្តថា​ទ័ព​តា​មឿង​បាន​បើកទ្វា​ឲ្យ​ទ័ព​ពញ្ញា​ចន្ទ​ចូល​បន្ទាយ​។ បន្ទាប់ពី​ស្ងប់​មក ពញ្ញា​ចន្ទ​បានតែងតាំង​តា​មឿង​ធ្វើ​ចៅហ្វាយខេត្ត កូនប្រុស​តា​មឿង ៤ នាក់​ក៏បាន​តែងតាំង​ជា​អ្នកដឹកនាំ​ទ័ព​ជួរមុខ ៨​ពាន់​នាក់ ធ្វើការ​ប្រយុទ្ធ​ជាមួយ​ទ័ព​ស្តេច​កន​តទៅទៀត​។ មាន​កំណែន​ទ័ព​ធំ​ណាស់ ខាង​ស្តេច​កន​មាន​ទ័ព ១០​ម៉ឺន​នាក់ ខាង​ពញ្ញា​ចន្ទ​មានតែ ២​ម៉ឺន​នាក់​។ មានការ​ប្រយុទ្ធ​គ្នា​ឆ្ងាយ​ពី​ខេត្តពោធិ៍សាត់ ដល់ពេល​មួយ​បន្ទាយ​ពញ្ញា​ចន្ទ​ត្រូវ​ទ័ព​ស្តេច​កន​ព័ទ្ធ​ជាប់ គឺ​ពេល​នេះហើយ​ដែល​តា​មឿង​បាន​ពលី​ជីវិត​លោត​ចូលក្នុង​រណ្តៅ​មាន​ដោត​សុទ្ធតែ​អាវុធ​ស្រួច​។ ទ័ព​ពញ្ញា​ចន្ទ​មានទឹក​ចិត្តបាន​វាយ​ទម្លាយ​ការ​ហោម​ព័ទ្ធ​របស់​ខ្មាំង​។​

​លោក សម រង្ស៊ី បន្តថា និយាយ​អំពី​មូលហេតុ​ធ្វើ​ឲ្យ​ទ័ព​ស្តេច​កន​បាក់​ចាញ់ គឺមាន​ពួក​ខ្មោច​ដែល​ងើប​ចេញពី​ផ្នូរ​មក​ស្រែក​ហ៊ោ​បន្លាច​។ តែ​អ្វីដែល​ប្រាកដ​នោះ គឺ​ទ័ព​ពញ្ញា​ចន្ទ​បាន​បើក​ការវាយប្រហារ​ទៅលើ​ទ័ព​ស្តេច​កន​ដោយ​មិន​ឲ្យ​ដឹង​មុន ធ្វើ​ឲ្យ​ប​ច្ចា​មិត្រ​បាត់​ម្ចាស់ការ រត់​បែកខ្ញែក​គ្នា​អស់​។ ឧកញ៉ា​ឃ្លាំងមឿង​បាន​ពលី​ជីវិត​ជួយ​ពញ្ញា​ចន្ទ​តែ​នៅពេល​ប្រឆាំង​ស្តេច​កន មិនបាន​ជួយ​ព្រះ​ចន្ទ​រាជា​ឲ្យ​រំដោះ​ខេត្ត​ខ្មែរ​ពី​សៀម​ឡើយ​។ ស្តេច​កន​ត្រូវ​ទ័ព​ពញ្ញា​ចន្ទ​សម្លាប់​កាត់​ក្បាល​នៅ​ឆ្នាំ ១៥២៥​។ ពញ្ញា​ចន្ទ​បាន​ឡើងជា​ស្តេច​មានឈ្មោះ ព្រះ​ចន្ទ​រាជា​។ នៅ​ឆ្នាំ ១៥៣១ ព្រះ​ចន្ទ​រាជា បាន​រំដោះ​បាន​ខេត្ត​ប​ស្ចឹ​ម​បុរី ហើយ​នៅ​ឆ្នាំ ១៥៥៧ រំដោះ​បាន​ខេត្ត​ចន្ទ​បុរី​។ ឥឡូវនេះ មាន​បូជនីយដ្ឋាន ឧកញ៉ា​ឃ្លាំងមឿង ជា​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​ជាទី​សក្ការបូជា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ឋិត​នៅ​ចម្ងាយ ៦ គ​.​ម ពី​ទី​រួម​ខេត្តពោធិ៍សាត់ ក្នុង​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

ជុំវិញ​បញ្ហា​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក​ក៏បាន​បញ្ជាក់ដែរថា​បើ​ខ្មែរ​យើង​នៅតែ​បន្ត​ឈ្លោះ​គ្នា​ទៀត យើង​នឹង​បន្ត​បាត់បង់​ទឹកដី​ទៀត ហើយ​មិនយូរ​ទេ ប្រទេសជាតិ​យើង​នឹង​រលាយបាត់​តែម្តង​។​លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា​គណ​បក្សនយោបាយ​ណាមួយ​ឈ្នះឆ្នោត​ជា​ករណី​មួយ តែ​អ្វីដែល​សំខាន់បំផុត​គឺ​ខ្មែរ​ទាំងអស់​ឈ្នះ អាចរ​ស់បាន​ដោយ​រុងរឿង​ទាំងអស់គ្នា ព្រមទាំង​ចូលរួម​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​អហិង្សា ដូច្នេះ​ខ្មែរ​មិនត្រូវ​ធ្វើ​ឲ្យ​មានការ​បែកបាក់​ជាតិ​ដូច​ក្នុង​ប្រវត្តិសាស្ត្រ​នោះទេ ៕

12391307_1008202972569769_3927126613620956378_n12342577_1008203095903090_8886956552142801239_n