អ្នក​ម៉ៅ​ភាស៊ី​ផ្សារ​សួង ឈ្មោះ ជាម ស៊ីវ​ហ៊ាង កំពុង​គាបសង្កត់​ក្រុម​អាជិ​វករ​តាម​អំពើ​ចិត្ត​

ឈ្មោះ ជាម ស៊ីវ​ហ៊ាង អ្នកវិនិយោគ​ផ្សារ​សួង បានធ្វើ​អាជីវកម្ម​វិនិយោគ​ផ្សារ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ចាប់តាំងពី​ដើមឆ្នាំ​២០០៩​រហូតមកដល់​ចុងឆ្នាំ​២០១៥​នេះ ដោយ​មិនឃើញ​មានការ​អភិវឌ្ឍ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ ក្រុមអាជីវករ​បានលើកឡើង​ថា ការរៀបចំ​អនាម័យ​និង​សណ្ដាប់ធ្នាប់​ជាដើម នៅតែមាន​ភាពស្មោកគ្រោក​ហើយ​ឃើញតែ​ក្រុម​អ្នកវិនិយោគ​ផ្សារ​នេះ​ដើរ​យកលុយ​ភាស៊ី​ពី​ពួកគាត់​លើស​សៀវភៅ​បន្ទុក​យ៉ាង​គឃ្លើន​។ បញ្ហា​នេះ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ គួរពិនិត្យមើល​ខ្លះ​ផង​កុំ​ឲ្យ​ឈ្មោះ ជាម ស៊ីវ​ហ៊ាង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។​

ប្រភពពី​ក្រុមអាជីវករ​ក្នុង​ផ្សារ​សួង​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ បាន​រិះគន់ថា អ្នក​ម៉ៅ​ភាស៊ី​ផ្សារ​នេះ តែងតែ​ប្រមូល​ភាស៊ី​លើស​សៀវភៅ​បន្ទុក ហើយ​មិនបាន​គិតគូរ​ដល់​សណ្ដា​ប់​ធ្នាប់​ក្នុង​ផ្សារ​និង​មិន​ថែរក្សា​អនាម័យ​ឲ្យ​បានល្អ​នោះទេ​។ ជាក់ស្តែង​ផ្លូវ​ដើរ​នៅក្នុង​ផ្សារ​មាន​សភាព​តូចចង្អៀត​និង​មាន​ភក់ជ្រាំ​ស្អុយគគ្រុក​ដោយសារ​គ្មាន​ប្រព័ន្ធ​លូបង្ហូរទឹក​ឲ្យ​បាន​ត្រឹមត្រូវ​ស្របទៅតាម​បទដ្ឋាន​បរិស្ថាន​។ ប្រការនេះ​បានធ្វើ​ឲ្យ​អាជីវករ​មួយចំនួន​ទៅ​លក់ដូរ​តាម​ចិញ្ចើមផ្លូវ​មុខផ្ទះ​ប្រជាពលរដ្ឋ ហើយ​ត្រូវ​បង់លុយ​ភាស៊ី​ផ្សារ​ផង​និង​បង់លុយ​ឲ្យ​ម្ចាស់ផ្ទះ​ផង ធ្វើ​ឲ្យ​ពួកគាត់​ចំណាយ​កាន់តែច្រើន​។

ក្រុមអាជីវករ​លក់ដូ​រ​ក្នុង​ផ្សារ​សួង បាន​អំពាវនាវ​ឲ្យ​លោក ជា សុខ​រិត អភិបាលក្រុង​សួង ពិនិត្យមើល​បញ្ហា​នេះ​ជាបន្ទាន់ ព្រោះ​កន្លងមក​អ្នកស្រី ជាម ស៊ីវ​ហ៊ាង អ្នកវិនិយោគ​ផ្សារ​សួង មិន​ធ្វើតាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​ក្រុង​នោះទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មោះ ជាម ស៊ីវ​ហ៊ាង មាន​ខ្នងបង្អែក​ក្រាស់​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន ហើយ​ទារ​ភាស៊ី​ពី​អាជីវករ​លើស​សៀវភៅ​បន្ទុក ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជុំវិញ​បញ្ហា​នេះ​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ មិនគួរ​មើលរំលង​តទៅទៀត​ឡើយ ព្រោះ​ឈ្មោះ ជាម ស៊ីវ​ហ៊ាង បាន​គាបសង្កត់​ក្រុមអាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សួង​ច្រើន​ឆ្នាំ​មកហើយ ដោយ​ពុំមាន​ការអភិវឌ្ឍ​អ្វី​ឲ្យ​បាន​ប្រសើរ​នោះទេ គឺ​គិតតែ​រឿង​ប្រមូល​លុយ​ប៉ុណ្ណោះ​៕

Hong-0393 Hong-0395 Hong-0392