លោក ហ៊ុន សែន ស្នើ​អាស៊ាន​រឹត​បន្តឹង​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់​គ្រោះ​មហន្តរាយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងអស់ ត្រូវ​ចូល​រួម​សហការ និង ផ្ដល់​ព័ត៌មាន​ឆ្លើយតប​អោយ​បាន​ឆាប់​រហ័ស នៃ​ការ​កើត​មាន​គ្រោះ​មហន្តរាយ​ផ្សេងៗ ដើម្បី​ធ្វើ​យ៉ាង ណា​ឲ្យ​ប្រទេស​នីមួយៗ​បាន​ព្យាករណ៍ និង​ត្រៀម​លក្ខណ​ទប់ស្កាត់​បង្ការ​ជាមុន។

ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ក្នុង​កម្មវិធី​បើក​កិច្ចប្រជុំ​លើក​ទី​៣ ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ទទួល​បន្ទុក​គ្រប់ គ្រង គ្រោះ​មហន្តរាយ នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​ធ្នូ ឆ្នាំ២០១៥។

ទន្ទឹម​គ្នា​នេះ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា បន្ថែម​ថា ប្រទេស​ជា​សមាជិក​អាស៊ាន ត្រូវ​ជួយ​អភិវឌ្ឍន៍ សមត្ថភាព​បច្ចេកទេស និង​ស្ថាប័ន ព្រមទាំង​ផ្ដល់​ចំណេះ​ជំនាញ និង​បទពិសោធន៍​អំពី​របក​គំហើញ ថ្មីៗ ដើម្បី​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

គ្រោះ​មហន្តរាយ គឺ​ជា​បញ្ហា​ប្រឈម​ដ៏​ចម្បង​មួយ សម្រាប់​ប្រទេស និង​ប្រជាជន​នៅ​លើ​សកល​លោក។

លោក ហ៊ុន សែន ឲ្យ​ដឹង​ដែរ​ថា ការ​វិវឌ្ឍ​នៃ​សង្គម និង​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​បច្ចុប្បន្ន ជា​ពិសេស​ដំណាក់កាល​ដែល​ពិភពលោក ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ ដែល​មាន​លក្ខណៈ កាន់​តែ​ស្រួច​ស្រាវ​នោះ គ្រោះ​មហន្តរាយ​កាន់​តែ​កើត​ឡើង​ញឹកញាប់ និង​ទំហំ​កាន់​តែ​ធំ​ដែល​ពិបាក ប៉ាន់​ស្មាន​ឡើង។ បញ្ហា​ទាំង​នេះ បាន​បណ្ដាល​ឲ្យ​បាត់បង់​អាយុ​ជីវិត​មនុស្ស និង​ទ្រព្យ​សម្បត្តិ​យ៉ាង ច្រើន។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។