ក្រសួង​ព័ត៌មាន​រម្លឹក​អ្នកសារព័ត៌មាន ឲ្យ​គោរព​គោរមងារ «​សម្តេច​»

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បានចេញ​ផ្សាយ​សេចក្តីជូនដំណឹង​មួយ​នៅ​ព្រឹក​ថ្ងៃទី​១៦​ធ្នូ​នេះ រម្លឹក​អង្គភាព​សារព័ត៌មាន​ទាំងអស់​ឲ្យ​គោរព​គោរមងារ​ «សម្តេច» ដែល​ត្រូវបាន​ព្រះរាជទាន​ដោយ​ព្រះមហាក្សត្រ ជូន​ឥស្សរជន​ជាន់ខ្ពស់​។​

​ក្រសួង​ព័ត៌មាន​បាន​តម្រូវ​ឲ្យ​ម្ចាស់​អង្គភាព​សារព័ត៌មាន​ទាំងអស់​គោរព​លិខិត​ក្រើនរម្លឹក​ស្តីពី​ការគោរព​វិជ្ជាជីវៈ​សារព័ត៌មាន​រប​ស់​ក្រសួង​ចុះ​ថ្ងៃទី​៣១​កក្កដា​ឆ្នាំ​២០០០ និង​សេចក្តីណែនាំ​មួយចំនួនទៀត ដែល​សំដៅ​ដល់​ការអនុវត្ត​តាមច្បាប់រ​បស់​កម្ពុជា​។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ត្រូវ​ចេញផ្សាយ​សេចក្តីណែនាំ​មួយ​ចុះ​ថ្ងៃទី​១៦​ខែធ្នូ​នេះ ដើម្បី​រម្លឹក​ឲ្យ​អង្គភាព​សារព័ត៌មាន​ទាំងអស់ គោរព​គោរមងារ​«​សម្តេច​»​។​

«​កន្លងមក ក្រសួង​សង្កេតឃើញថា មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​នៅមាន​ភាពខ្វះ​ចន្លោះ ឬ​បំភ្លេចចោល មិន​ប្រើ​គោរមងារ ដែល​ប្រោស​ព្រះរាជទាន​ដោយ​ព្រះមហាក្សត្រ ជា​ស្ថាប័ន​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​គោរព​ងារ​សម្តេច ដែល​បាន​ប្រគល់ជូន​ឥស្សរជន​ជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម តាមរយៈ​ព្រះរាជក្រឹត្យ មាន​លក្ខណៈ​ជា​លិខិតបទដ្ឋាន​គតិយុត្ត មានតម្លៃ​ក្នុង​ឋានានុក្រម​ច្បាប់​»​។ នេះ​ជា​ខ្លឹមសារ​នៃ​មូល​ហេតុដែល​ក្រសួង​ព័ត៌មាន​ត្រូវ​ចេញ​លិខិត​រម្លឹក​អ្នកសារព័ត៌មាន​ឲ្យ​គោរព​គោរមងារ​សម្តេច​។​

​សព្វថ្ងៃនេះ ឥស្សរជន​ដែល​ទទួលបាន​គោរព​ងារ​សម្តេច មានដូចជា សម្តេច ហេង សំរិន​, សម្តេច ហ៊ុន សែន​, សម្តេច ស ខេង​, សម្តេច សាយ ឈុំ​, សម្តេច ប៊ុន រ៉ានី​, សម្តេច គង់ សំអុល​, សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ជាដើម​៕