​លោក ព្រិ​ន សា​វិ​ន បើកដៃ​អោយ​ជនជាតិ​វៀតណាម​ប្រើ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ក្នុង​បឹង​ទន្លេសាប

ដោយ​៖​ចំរើន​

​ខេត្តសៀមរាប​៖​តាម​សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​នៅ​បឹង​ទន្លេសាប​បាន​ឲ្យ​ដឹងថា​គេ​ឃើញ​ជនជាតិ​វៀតណាម​កំពុង​នេសាទ​ខុសច្បាប់​ដោយ​ប្រើ​ឧបករណ៍​ប្រភេទ​អួន​ហ៊ុម​ទឹកសាប អួន​កែច្នៃ និង​រុញ​សី​ប​ដោយ​កាណូត​ធំៗ​កំពុង​ធ្វើ​សកម្មភាព​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ញញើត​នឹង​ច្បាប់​ស្ដីពី​ជលផល​បន្តិច​សោះ ខណៈដែល​ករណីនេះ​ត្រូវបាន​គេ​សង្ស័យ​មានការ​បើ​ភ្លើង​ខៀវ​ពី​មន្ត្រីរដ្ឋបាល​ជលផល​លោក ព្រិ​ន សា​វិ​ន​។​

​ប្រភព​បន្តថា ក្រុម​បទល្មើស​ជនជាតិ​វៀតណាម​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ស្ដីពី​ជលផល​មានឈ្មោះ សេង ហ៊ុ​ង ហៅ​អា​ក្បាល​ដែក និង​ឈ្មោះ ចក់ ប្រុស​ឡា ហៅ​អា​ញ៊ី​វ កំពុង​ធ្វើ​សកម្មភាព​ត្រង់ចំណុច​បឹង​ទន្លេសាប​ជាប់​ព្រំប្រទល់​ឃុំ​រាំង​ទិល​ស្រុក​កណ្ដៀង​ខេត្តពោធិ៍សាត់ ឃុំ​ពាម​បាង​ស្រុក​ស្ទោង​ខេត្តកំពុងធំ និង​ឃុំ​អន្លង់​សំណ​ស្រុក​ជីក្រែង​ខេត្តសៀមរាប​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ការបង្ក្រាប​។​

​ប្រភព​ខាងលើ​បន្តទៀតថា ជាក់ស្តែង​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥ គេ​ឃើញ​លោក អេង ជា​សាន​ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​នៅ​ស្រុក​ក្រគរ​ចុះទៅ​បង្ក្រាប​បទល្មើស​នេសាទ​ប្រភេទ​ឧបករណ៍​រួមផ្សំ «​បរ​» នៅ​ចំណុច​ព្រែកបាក់​ដាវ​ស្ថិតក្នុង​ភូមិ​ពេជ្រ​ក្រី​ឃុំ​ពាម​បាង​ស្ក្រ​ស្ទោង​ខេត្តកំពង់ធំ​។ ប៉ុន្តែ​ការបង្ក្រាប​នោះ​ធ្វើ​បែប​លំៗ ហើយ​គេ​ឃើញ​មន្ត្រី​ជំនាញ​ខាង​ស្រុក​ស្ទោង និង​ស្រុក​ជីក្រែង​បើកកាណូត​ប្រញាប់ប្រញាល់​មកជួយ​បង្ក្រាប​ដោយ​បើក​បណ្ដើរ​ប្រាប់​អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ​ឲ្យ​ស្រាយចំណង​ពន្លិចទឹក​បណ្ដើរ ខណៈ​មេ​កើយ​របស់ខ្លួន​ចុះមក​បង្ក្រាប​ស្ងាត់ៗ​។​

​ប្រភព​បញ្ជាក់ទៀតថា ការចុះ​បង្ក្រាប​ធ្វើ​បែប​គោះ​ទឹក​បង្អើល​ត្រី​ឲ​រត់​ចូល​ស៊ង​ខាងលើនេះ​ធ្វើបាន​តិចតួច​រួច​ក៏​ឡើង​ទៅខាង​ខេត្តសៀមរាប​ក្នុង​ថ្ងៃ​ដដែល ចំណែក​មេ​ប្រព្រឹត្ត​បទល្មើស​ឈ្មោះ សេង ហ៊ុ​ង ហៅ​អា​ក្បាល​ដែក និង​ឈ្មោះ ចក់ ប្រុស​ឡា ហៅ​អា​ញ៊ី​វ ចេញ​ធ្វើ​សកម្មភាព​ដដែល​បញ្ហា​នេះ​ត្រូវបាន​គេ​សង្ស័យ​បើ​គ្មាន​ការអនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ថ្នូរ​នឹង​លាភសក្ការៈ​ទេនោះ​ជន​ប្រព្រឹត្ត​បទល្មើស​មិន​ហ៊ាន​ធ្វើ​សកម្មភាព​នោះឡើយ​។ 

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ខាងលើនេះ​លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​បាន​ប្រាប់​អ្នកយកព័ត៌មាន​កាសែត​ភ្នំពេញ​ដេលី​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ​ថា​លោក​ជាប់រវល់​ប្រជុំ​៕

​លោក ព្រិ​ន សា​វិ​ន បើកដៃ​អោយ​ជនជាតិ​វៀតណាម​ប្រើ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ក្នុង​បឹង​ទន្លេសាប
​លោក ព្រិ​ន សា​វិ​ន បើកដៃ​អោយ​ជនជាតិ​វៀតណាម​ប្រើ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ក្នុង​បឹង​ទន្លេសាប
​លោក ព្រិ​ន សា​វិ​ន បើកដៃ​អោយ​ជនជាតិ​វៀតណាម​ប្រើ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ក្នុង​បឹង​ទន្លេសាប