ពលរដ្ឋ​នៅ​តាកែវ​អះអាង​ថា​វៀតណាម​រំលោភ​យក​ដី​កម្ពុជា​នៅ​ចំណុច​ថ្ម​៣​ដុំ

រឿង​ព្រំដែន​នៅ​តែ​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស​សម្រាប់​កម្ពុជា និង​វៀតណាម នៅ​ឡើយ ថ្វី​បើ​ភាគី​ទាំង​ពីរ ខិតខំ​បន្ត​បោះ​បង្គោល​នៅ​លើ​ខណ្ឌសីមា ដើម្បី​បញ្ចប់​អរិយភាព​នឹង​គ្នា នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​យ៉ាង​ណា​ក្ដី។ បញ្ហា​បាន​លេច​ចេញ​ថ្មី​មួយ​ទៀត ដោយ​ពលរដ្ឋ​នៅ​ស្រុក​បូរីជលសារ ខេត្ត​តាកែវ អះអាង​ថា ដី​នៅ​ចំណុច​ថ្ម៣ដុំ របស់​កម្ពុជា ត្រូវ​បាន​ភាគី​វៀតណាម រំលោភ​យក​បន្ថែម​ទៀត។

ប្រជាពលរដ្ឋ​អះអាង​ថា ភាព​ប្រេះស្រាំ​រឿង​ព្រំដែន ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម នៅ​តែ​ជា​បញ្ហា​ដ៏​ក្ដៅ​គគុក បើ​ទោះ​ជា​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្រឹងប្រែង​កំណត់​ព្រំដែន​តាមរយៈ​ការ​បោះ​បង្គោល​ចែក​ខណ្ឌសីមា​ហើយ​ក្ដី ក៏​ការ​ខ្វែង​គំនិត​គ្នា​រឿង​ខ្សែ​បន្ទាត់​ព្រំដែន​នេះ​នៅ​តែ​ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​ដដែល។

ថ្វី​បើ​ជម្លោះ​ព្រំដែន​ដោយ​ពាក្យ​សម្ដី​រវាង​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម វា​ពុំ​មែន​ជា​រឿង​ថ្មី​សម្រាប់​បរិបទ​នយោបាយ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ​ក៏ដោយ ក៏​ពលរដ្ឋ​កម្ពុជា រស់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ត្អូញត្អែរ​ថា ភាគី​វៀតណាម ពុំ​ដែល​​បាន​គោរព​កិច្ច​ព្រមព្រៀង​ស្ដីពី​អធិបតេយ្យ​របស់​កម្ពុជា ម្ដង​ណា​នោះ​ទេ។

អ្នក​ភូមិ​រស់​នៅ​ភូមិ​ថ្ម៣ដុំ ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ លោក ឃុត សាឃឿន ឲ្យ​ដឹង​ឲ្យ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ថា ដី​នៅ​ចំណុច​ថ្ម៣ដុំ ដែល​ពី​ដើម​គឺ​ជា​ទឹកដី​របស់​កម្ពុជា ប៉ុន្តែ​ពេល​នេះ តំបន់​នោះ​បាន​ក្លាយ​ជា​តំបន់​ដែល​គ្រប់គ្រង​ដោយ​វៀតណាម មួយ​ផ្នែក​ទៅ​ហើយ។ លោក​បន្ថែម​ថា ក្រោយ​ពី​កម្ពុជា និង​វៀតណាម កំណត់​ព្រំដែន​រួច​កាល​​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ គឺ​ខ្សែ​បន្ទាត់​ព្រំដែន​បាន​អូស​កាត់​ទីតាំង​នៃ​ថ្ម៣ដុំ ទៅ​ភាគី​វៀតណាម វិញ ហើយ​តំបន់​នេះ​បាន​ប្រែក្លាយ​ទៅ​ជា​ខ្សែ​បន្ទាត់​ព្រំដែន​តែម្ដង៖ «»។

បើ​ទោះ​ជា​បែប​ណា​អនុប្រធាន​ច្រក​ថ្ម៣ដុំ ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​បដិសេធ​ថា ដី​នៅ​តំបន់​ថ្ម៣ដុំ គឺ​នៅ​តែ​ស្ថិត​នៅ​ក្នុង​អធិបតេយ្យ​របស់​កម្ពុជា នៅ​ឡើយ​ទេ។ ផ្ទុយ​ពី​ការ​ច្រាន​ចោល​ព័ត៌មាន​នេះ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ឃុំ​កំពង់ក្រសាំង អះអាង​ថា ការ​ពិត​ដី​នៅ​ចំណុច​ថ្ម៣ដុំ គឺ​ដី​មួយ​ផ្នែក ហើយ​និង​ថ្ម២ដុំ ត្រូវ​បាន​វៀតណាម គ្រប់គ្រង​ទៅ​ហើយ។ ភាព​ចម្រូងចម្រាស​នេះ ក្រោយ​ពី​កម្ពុជា និង​វៀតណាម កំណត់​ព្រំដែន​រួច​មក កាល​ពី​ឆ្នាំ​២០១៤ ពោល​គឺ​កម្ពុជា នៅ​សល់​តែ​បរិវេណ​ដី​មួយ​ផ្នែក និង​ថ្ម១ដុំ​ប៉ុណ្ណោះ។

ថ្ម៣ដុំ គឺ​ជា​ទីតាំង​ដែល​ស្ថិត​នៅ​លើ​ដី​ល្បាប់ និង​ទំនាប​ពុំ​មាន​ដីទួល ឬ​ជួរ​ភ្នំ​ដែល​អាច​ធ្វើ​ឲ្យ​ថ្ម​នេះ​ដុះ​បាន​នោះ​ទេ។ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទីតាំង​ចំណុច​ថ្ម៣ដុំ អះអាង​ថា គេ​ពុំ​បាន​ដឹង​ថា តើ​ថ្ម​នេះ​កកើត​ដោយ​របៀបណា​ឡើយ ពោល​គឺ​ពេល​ពួក​គេ​ធំ​ដឹង​ក្ដី​ឡើង ឃើញ​ថ្ម​នេះ​រួច​ជា​ស្រេច​ទៅ​ហើយ។

រហូត​មក​ដល់​ពេល​នេះ អ្នក​ភូមិ​ឲ្យ​ដឹង​ថា ពុំ​មាន​ការ​សិក្សា​ណា​មួយ​ដែល​រក​ឃើញ​ពី​ភាព​អស្ចារ្យ​នៃ​ថ្ម៣ដុំ ដែល​អាច​ដុះ​នៅ​លើ​ដី​ល្បាប់​ដូច​នេះ​ឡើយ។ ថ្ម៣ដុំ ដែល​មាន​ប្រវត្តិ​រាប់​រយ​ឆ្នាំ​ណាស់​មក​ហើយ​នេះ ទំហំ​នៃ​ថ្ម​នីមួយៗ ចន្លោះ​ពី​២ ទៅ ៣​ម៉ែត្រ និង​កម្ពស់​ប្រមាណ ៣​ម៉ែត្រ។ ថ្ម២ដុំ នៅ​ប្រកៀក​គ្នា ដោយ​ឡែក​ថ្ម១ដុំ​ផ្សេង​ទៀត ក្នុង​ចំណោម​នោះ នៅ​ចន្លោះ​ប្រមាណ​ពី ៤ ទៅ ៥​ម៉ែត្រ​ពី​គ្នា។

ដី​នៅ​ចំណុច​ថ្ម៣ដុំ ដែល​ជាប់​នឹង​ខេត្ត​អានយ៉ាង (An Dang) ប្រទេស​វៀតណាម គឺ​ស្ថិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ២៦៦ និង ២៦៧។ កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រមាណ ១.២៧០​គីឡូម៉ែត្រ។

លោក កែម ឡី អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម ដែល​បាន​ចុះ​សង្កេត​ដោយ​ផ្ទាល់​នៅ​ទីតាំង​នៃ​តំបន់​ថ្ម៣ដុំ យល់​ឃើញ​ថា ខ្សែ​បន្ទាត់​ព្រំដែន​គឺ​បង្ហាញ​ថា វៀតណាម​ហាក់​មាន​ប្រៀប​លើ​កម្ពុជា ក្រោយ​ពី​បោះ​បង្គោល​ព្រំដែន​រួច។ ជាង​នេះ​ទៀត ពលរដ្ឋ​កម្ពុជា មិន​ត្រូវ​បាន​បើក​ទូលាយ​ដើម្បី​ឲ្យ​ចូល​ពិនិត្យ​ទីតាំង​ថ្ម៣ដុំ ដោយ​សេរី​នោះ​ថែម​ទៀត​ផង។ លោក​បន្ថែម​ថា បញ្ហា​នេះ គឺ​វា​ហាក់​ផ្ទុយ​ពី​មុន​ការ​កំណត់​បង្គោល​ព្រំដែន៖ «»។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ជា​ច្រើន​ដង​តាម​ទូរស័ព្ទ ពី​មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល និង​អភិបាល​ខេត្ត​តាកែវ ក៏ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយតប។ បើ​ទោះ​ជា​បែប​ណា អភិបាល​ស្រុក​បូរីជលសារ លោក ស៊ុត ខុន ច្រាន​ចោល​ការ​លើក​ឡើង​ថា ដី​នៅ​បរិវេណ​ថ្ម៣ដុំ គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​ទៅ​វិញ បន្ទាប់​ពី​បោះ​បង្គោល​ព្រំដែន​រួច។ជាង​នេះ​ទៀត លោក​តែង​នាំ​កម្លាំង​ល្បាត​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ជា​ដរាប ហេតុ​នេះ​ពុំ​មាន​ហេតុផល​ណា​មួយ​ដែល​ដី​នៅ​តំបន់​ថ្ម៣ដុំ ស្ថិត​ក្នុង​អធិបតេយ្យ​របស់​ប្រទេស​វៀតណាម​ទេ៖ «»។

បើ​ទោះ​ជា​បែប​នេះ​ក៏​ដោយ​ចុះ ទីតាំង​ថ្ម៣ដុំ មិន​ត្រូវ​បាន​អាជ្ញាធរ​ខាង​កម្ពុជា បើក​សិទ្ធ​សេរីភាព​ឲ្យ​ទៅ​ពិនិត្យ​មើល​ដោយ​ងាយស្រួល​ឡើយ។ ក្រុម​មន្ត្រី​ដែល​ការពារ​ព្រំដែន​ខាង​កម្ពុជា និយាយ​ថា ការ​រឹត​បន្តឹង​ដូច​នេះ គឺ​ជា​ការ​ស្នើ​របស់​ភាគី​វៀតណាម។ រឹត​តែ​ជា​បញ្ហា​ទៀត​នោះ គឺ​ថា វៀតណាម ហាម​ដាច​ខាត​មិន​ឲ្យ​មាន​ការ​ថត​រូប​ជា​វីដេអូ សូម្បី​ថត​ជា​រូប​សន្លឹក​ក៏ដោយ នៅ​លើ​ទឹកដី​កម្ពុជា ក្បែរ​ទីតាំង​ថ្ម៣ដុំ៖ «»។

ជុំវិញ​រឿង​នេះ ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ទីប្រឹក្សា​ព្រះ​មហា​វីរក្សត្រ ព្រះ​អង្គ​ធ្លាប់​មាន​បន្ទូល​ថា កម្ពុជា​សព្វថ្ងៃ គឺ​មិន​សុខ​ពី​កម្ពុជា​ក្រោម​ប៉ុន្មាន​ទេ។ ព្រះអង្គម្ចាស់ ធម្មិកោ យល់​ឃើញ​ថា ដោយសារ​តែ​នៅ​តាម​ស្ថាប័ន​រដ្ឋ​ខ្លះ មាន​វៀតណាម នៅ​បម្រើការ និង​មាន​សិទ្ធិ​ពេញលេញ​ដូច​ពលរដ្ឋ​កម្ពុជា ដែរ ទាំង​របប​នយោបាយ និង​បែប​បទ​រដ្ឋបាល។

អ្នក​ភូមិ​រស់​នៅ​ខេត្ត​តាកែវ លោក ឃុត សាឃឿន ហាក់​ពុំ​មាន​ជំនឿ​សោះ​ថា ការ​បោះ​បង្គោល​ព្រំដែន​រួច​ហើយ អាច​រក្សា​បាន​នូវ​អធិបតេយ្យភាព​ណាស់ ព្រោះ​មាន​ខ្សែ​បន្ទាត់​ព្រំដែន ដែល​បាន​បន្សល់​តាំង​ពី​សម័យ​អាណានិគមនិយម​បារាំង រួច​ម្ដង​មក​ហើយ ក៏ប៉ុន្តែ​នៅ​តែ​ភាគី​វៀតណាម មិន​គោរព និង​អនុវត្ត​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឡើយ។ ហេតុ​នេះ ការ​កំណត់​ខ្សែ​បន្ទាត់​ជា​ថ្មី​ទៀត ក្នុង​យុគសម័យ​ថ្មី​នេះ ថា​តើ​ប្រវត្តិសាស្ត្រ​អាច​នឹង​ដើរ​ជាន់​ដាន​ដូច​ដែល​អាណានិគម​បារាំង បាន​បន្សល់​ទុក​នូវ​ខ្សែ​បន្ទាត់​ព្រំដែន​រួច​មក​ហើយ ឲ្យ​កម្ពុជា​ទៀត​ដែរ​ទេ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។