ការ​អភិវឌ្ឍ​នៅ​ទ្វីប​អាហ្វ្រិក​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ប៉ះ​ពាល់​លើ​បរិស្ថាន

ការ​អភិវឌ្ឍ​នៅ​ទ្វីប​អាហ្វ្រិក​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ប៉ះ​ពាល់​លើ​បរិស្ថាន

រូបឯកសារ៖ ទីតាំង​អភិវឌ្ឍន៍ដែល​មាន​ប្រវែង​​សរុប ៥៣.០០០គីឡូម៉ែត្រ ត្រូវ​បាន​គេ​ស្នើឡើង​ ឬ​កំពុង​ដំណើរការ​នៅ​ក្នុង​តំបន់​វាលខ្សាច់​សាហារ៉ានៃ​ទ្វីបអាហ្វ្រិក។​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ក្នុងកិច្ច​ប្រជុំ​កំពូល​ស្តី​ពី​បម្រែបម្រួល​អាកាស​ធាតុ​នៅ​ទីក្រុង​ប៉ារីស គឺ​គម្លាត​ពី​គ្នា​រវាង​ប្រទេស​អ្នក​មាន ​និង​ប្រទេស​អ្នក​ក្រ​ ដោយ​ប្រទេស​អ្នក​ក្រ​នឹង​មាន​ភាព​ងាយ​រងគ្រោះ​ខ្លាំង​ពីបម្រែបម្រួល​អាកាសធាតុ។ វ៉ាស៊ីនតោន—

ចំនួន​ប្រជាជន​ក្នុង​ទ្វីប​អាហ្វ្រិក​ត្រូវ​គេ​រំពឹង​ថា​ នឹង​កើន​ឡើង​បួន​ដង​នៅ​ក្នុង​សតវត្សរ៍​នេះ។ ការ​កើន​ឡើង​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ចាំបាច់​ដែល​មិន​ស៊ី​សង្វាក់​គ្នា​ក្នុង​ការ​ផលិត​ស្បៀង​អាហារ​បន្ថែម​ទៀត។ ទន្ទឹម​នឹង​នេះ​ដែរ​ ទ្វីប​នេះ​ក៏​កំពុង​បើក​ទូលាយយ៉ាង​លឿន​ចំពោះ​ការ​ធ្វើ​អាជីវកម្ម​ដ៏​មមារញឹក​ ដែល​ភាគ​ច្រើន​ត្រូវ​បាន​ជំរុញ​បន្ថែម​ដោយ​ប្រាក់​មក​ពី​បរទេស។

លោក​ William Laurance​ គឺ​ជា​នាយក​មជ្ឈមណ្ឌល​សម្រាប់​វិទ្យាសាស្ត្រ​បរិស្ថាន​តំបន់​ត្រូពិច​និង​និរន្តភាព នៃ​សាកលវិទ្យាល័យ​ James Cook ​ក្នុង​ប្រទេស​អូស្ត្រាលី។ លោ​កនិយាយ​ថា៖ «ដោយ​សារ​តែ​រឿង​ទាំង​នោះ​ហើយ ទើប​មាន​ការ​ដាក់​ស្នើ​ដ៏​ធំ​ ក្នុង​ការ​កសាង​ផ្លូវ​ថ្នល់ មហាវិថី ផ្លូវ​រថភ្លើង​ គឺ​គម្រោង​ទាំង​នេះ​ហើយ​ដែល​នឹង​ឈាន​ជើង​ចូល​ទៅ​ក្នុង​តំបន់​ដាច់​ស្រាល​នៃ​ទ្វីប​អាហ្វ្រិក»។

លោក​បន្ថែម​ថា ផ្លូវ​នៃ​ការ​អភិវឌ្ឍ​ទាំង​នេះ​ ដែល​ជា​មធ្យម​មាន​ប្រវែង​ពី​១.០០០ ទៅ​៤.០០០​គីឡូម៉ែត្រ​ នឹង​អាច​មាន​ផលប៉ះពាល់​យ៉ាង​ធំ​ទៅ​លើ​ទ្វីប​នេះ។

«ផ្លូវ​ទាំង​នេះ​នឹង​មាន​ភាព​ខ្វាត់ខ្វែង​ក្នុង​ទ្វីប​អាហ្វ្រិក។ ពួក​វា​នឹង​មាន​ប្រវែង​សរុប​ជាង​៥៣.០០០​គីឡូម៉ែត្រ និង​មាន​រូប​រាង​ដូច​ជា​សំបុក​ពីង​ពាង​យក្ស​ ដែល​គ្រប​ដណ្តប់​លើ​ទ្វីប​អាហ្វ្រិក​ទាំង​មូល»។

ក៏ប៉ុន្តែ​ លោក​និយាយ​ថា​ គ្មាន​ផែន​ការ​ជា​ទូទៅ​ណាមួយ ​ឬ​យុទ្ធសាស្ត្រ​ពិត​ប្រាកដ​ បាន​លេច​ចេញ​ឡើង​ទេ​ ក្នុង​ការ​សម្រួល​ដល់​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ ទាំង​នៅ​ក្រៅ​ និង​ក្នុង​ប្រទេស។

ក្នុង​របាយការណ៍​សិក្សា​មួយ​ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ដោយ​ទស្សនាវដ្ដី​ជីវវិទ្យា​ថ្មី​ (Current Biology) លោក​ Laurance​ និង​ក្រុម​របស់​លោក​បាន​វិភាគ​ទៅ​លើ​គម្រោង​ធំៗ​ចំនួន​៣៣ ដែល​ត្រូវ​បាន​គេ​ស្នើ​ឡើង​ និង​គម្រោង​ខ្លះ​ទៀត​កំពុង​ដំណើការ។ ការ​វិភាគ​នោះ​ផ្តោត​ទៅ​លើ​ចំនួន​ប្រជាជន​ សក្តានុពល​នៃ​កសិកម្ម​ និង​តម្លៃ​នៃ​បរិស្ថាន​ បូក​បញ្ចូល​ទាំង​ជីវៈ​ចម្រុះ ប្រភេទ​សត្វ​ជិត​ផុតពូជ​ ទីជម្រក​សត្វ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ និង​ដំណើរ​នៃ​ការ​លូតលាស់​របស់​រុក្ខជាតិ​ក្នុង​ការ​រក្សា​ទុក​ធាតុ​កាបូន។

«មាន​គម្រោង​ប្រហែល​៦​ ដែល​មើល​ទៅ​ហាក់​ដូច​ជា​គម្រោង​ដែល​មាន​គំនិត​ល្អៗ​ ក្នុង​ន័យ​ថា​ គម្រោង​ទាំង​នោះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​កសិកម្ម​បានច្រើន ហើយ​មិន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ច្រើន​ដល់​បរិស្ថាន​ទេ។ ហើយ​ក៏​មាន​គម្រោង​៦​ផ្សេង​ទៀត​ដែល​ បើ​សិន​ជា​ខ្ញុំ​វិញ​ ខ្ញុំ​នឹង​ដក​ចេញ​ពី​បញ្ជី​ ហើយ​គម្រោង​ទាំង​នោះអាច​ប៉ះពាល់​ចំតំបន់​បរិស្ថាន​សំខាន់ៗ​បំផុត​របស់​ទ្វីប​អាហ្វ្រិក ដូច​ជា​អាង​ទឹក​នៃ​ទន្លេ​ Congo តំបន់​ព្រៃ​ឈើ​នៅ​អាហ្វ្រិក​ខាង​លិច​ ក៏​ដូចជា​ព្រៃ​ឈើ​តំបន់​អេក្វាទ័រ​ដែល​កំពុង​រងគ្រោះ​យ៉ាង​ខ្លាំង​នៅ​អាហ្វ្រិក​ភាគ​ខាង​កើត។ តំបន់​ទាំង​នេះសម្បូរ​ទៅ​ដោយ​ធនធាន​សត្វ​ព្រៃ​ និង​ធនធាន​ធម្មជាតិ​យ៉ាង​ច្រើន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល»។

មាន​គម្រោង​ផ្សេងៗ​ទៀត​ដែល​មាន​លក្ខណៈ​សក្តិសម​នឹង​ត្រូវ​បាន​គេ​អនុវត្ត​នៅ​ចំណុច​កណ្តាល​នៃ​ទ្វីប​អាហ្វ្រិក។ លោក​ Laurance បាន​ផ្តល់​អនុសាសន៍​ថា​ គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បន្ត​គម្រោង​ទាំង​នោះ​ទៅ​មុខ​ទៀត។ លោក​ថា​ អ្វី​ដែល​មើល​ទៅ​ហាក់​ដូច​ជា​អស្ចារ្យ​មុន​ពេល​អនុវត្ត​ អាច​ប្រែក្លាយ​ទៅ​ជា​ផ្តល់​ផលវិបាក​ដែល​យើង​មិន​ប្រាថ្នា​ចង់​បាន។ ជា​ឧទាហរណ៍ ដូច​ជា​ក្នុង​ករណី​ជីក​រក​រ៉ែ​ក្នុង​ទ្រង់ទ្រាយធំ​ជាដើម។

«មាន​មនុស្ស​តិច​តួច​ប៉ុណ្ណោះ​ដែល​ក្លាយ​ជា​អ្នក​មាន​ខ្លាំង​ពិត​ប្រាកដ ហើយ​មាន​ការងារ​ធ្វើ​បន្ថែម​មួយ​ចំនួន​ទៀត​ ក៏​ប៉ុន្តែ​ជា​ញឹកញយ​ អ្វី​ដែល​អ្នក​តែង​មើល​ឃើញ​គឺ​ថា​ មាន​មួយ​ភាគ​ធំ​នៃ​ចំនួន​ប្រជាជន​នៅ​តែ​ប្រឈម​មុខ​ដោះ​ស្រាយ​លើ​បញ្ហា​ផ្សេងៗ​ជា​បន្ទាន់​ ដូច​ជា​អាហារ ដីធ្លី ហើយ​របស់របរ​ជា​ច្រើន​ទៀត​បាន​ឡើង​ថ្លៃ​ ហើយ​ប្រជាជន​ទាំង​នោះ​ មិន​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ទាំង​អស់​ពី​គម្រោង​ទាំង​នោះ។ ដូចនេះ អ្នក​កំពុង​តែ​បង្កើន​នូវ​គម្លាត​ផ្នែក​សេដ្ឋកិច្ច។ យើង​មាន​សសរស្តម្ភ​នៃ​សេដ្ឋកិច្ច​នោះគឺ​វិស័យ​រ៉ែ ​ដែល​កំពុង​តែ​រីកធំ​ឡើង​ ហើយ​ក្លាយ​ជា​វិស័យ​ដ៏​អស្ចារ្យ​មួយ​ ក៏ប៉ុន្តែ​សសរស្តម្ភ​ផ្សេង​ទៀត​នៃ​វិស័យ​សេដ្ឋកិច្ច​ កំពុង​រួម​តូច​ហើយ​ក្លាយ​ជា​ធាតុ​មិន​សូវ​មាន​ប្រយោជន៍»។

លោក​ Laurance​ អំពាវនាវ​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​ស្រុក​ និង​ជា​លក្ខណៈ​ជាតិ​ ដែល​អាច​តម្រង់​ទិស​រដ្ឋាភិបាល​ឲ្យ​ប្រើប្រាស់​វិធានការ​ជំនួស​ផ្សេងៗ​ និង​ប្រើ​វិធានការ​ការពារ​បរិស្ថាន​ដែល​ធានា​ថា​ នឹង​មាន​អនាគត​វិជ្ជមាន។

លោក​និយាយ​ថា៖ «បើសិន​វិធានការ​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​យក​មក​អនុវត្ត​ទេ​ អ្នក​នឹង​មាន​តែ​ការ​បំផ្លាញ​ព្រៃឈើ​ដ៏​រលត់​រលាយ។ នឹង​មាន​បទ​ល្មើស​លើ​បំផ្លាញ​សត្វ​កាន់​តែ​ច្រើន។ នឹង​មាន​ការ​បាត់​បង់​ចំនួន​សត្វ​ព្រៃ​ជាច្រើន។ អ្នក​អាច​បាត់​បង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍»។

លោក​ Laurance និយាយ​ថា​ ពេល​វេលា​ដែល​ត្រូវ​អនុវត្ត​វិធានការ​គឺ​ពេល​នេះ​ហើយ នៅ​មុន​ពេល​ដែល​គម្រោង​បទ​ល្មើស​ទាំង​នោះ​រីក​ចម្រើន​ឡើង​ ដែល​ពិបាក​នឹង​បន្ថយ​ល្បឿន៕

ប្រែសម្រួល​ដោយ នៀម ឆេង