វៀតណាម​នឹង​នាំ​ចូល​ធ្យូងថ្ម​ចាប់ពី​ឆ្នាំ​2017 តទៅ

ប្រទេស​វៀតណាម ៖ យោង​តាម​ប្រធាន​សមាគម​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​រ៉ែ​របស់​វៀតណាម (VIMA) លោក Nguyen Tien Chinh ឲ្យ​ដឹង​ថា ៖ « ប្រទេស​វៀតណាម​នឹង​ក្លាយជា​អ្នក​នាំ​ចូល​ធ្យូងថ្ម​ចំនួន​២,៣​លាន​តោន​នៅ​ក្នុង​ឆ្នាំ​២០១៧ សម្រាប់​ផលិតកម្ម​អ​គិ្គ​ស​នី​ក្នុងស្រុក » ។ លោក​បាន​ប្រកាស​បែប​នេះ​ក្នុង​សន្និសីទ​ថាមពល​មួយ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ កន្លង​មក ។

សន្និសីទ​នេះ​មាន​ទិស​ដៅ​ស្វែងរក​ដំណោះស្រាយ​លើ​ការ​គ្រប់គ្រង​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ជឿនលឿន​សម្រាប់​រ៉ែ​ប្រេងកាត និង​ធ្យូងថ្ម​នៅ​ប្រទេស​វៀតណាម ។
ថ្មី​ៗ​នេះ ធ្យូងថ្ម​បម្រុង​ទុក​សរុប​ទាំងអស់​របស់​វៀតណាម​មាន​ប្រមាណ​៤៧​ប៊ី​លាន​តោន​។ ក្នុង​នោះ​ធ្យូងថ្ម​បម្រុង​ដែល​គេ​រំពឹង​ទុក​មាន​ចំនួន​៣,៩​ប៊ី​លាន​តោន ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក Le Van Duan អគ្គនាយករង​ក្រុមហ៊ុន VINACOMIN Industry Investment Consulting JSC ។

តាម​ការ​អះអាង​ពី​ប្រធាន​សមាគម​ខាងលើ ឱ្យ​ដឹង​ថា ៖ « នៅ​ឆ្នាំ​២០២៥ ខាង​មុខ បរិមាណ​នៃ​ការ​នាំ​ចូល​ធ្យូងថ្ម​នឹង​មាន​ចំនួន​៤៨​លាន​តោន​ហើយ​នៅ​ឆ្នាំ​២០៣០ នឹង​មាន​ប្រមាណ​ជា​៨០​លាន​តោន » ។

លោក​បន្ត​ថា ៖ « ប្រទេស​វៀតណាម​អាច​នាំ​ចូល​ពី​បណ្តា​ប្រទេស​នាំ​ចេញ​ធ្យូងថ្ម​ធំ​ៗ ដូច​ជា ប្រទេស​អូស្ត្រាលី ឥណ្ឌូ​ណេ​ស៊ី រុ​ស្ស៊ី ឬ​អាហ្វ្រិក​ខាងត្បូង ប៉ុន្តែ​ប្រទេស​ទាំងនោះ​មាន​បញ្ហា​រៀង​ៗ​ខ្លួន » ។

ប្រទេស​អូស្ត្រាលី​មាន​គោលនយោបាយ​នាំ​ចូល​ធ្យូងថ្ម​កម្រិត​ថេរ ប៉ុន្តែ​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​ខ្ពស់ ។ ចំណែក​ឥណ្ឌូ​ណេ​ស៊ី​មានគុណ​ស​ម្ប​តិ្ត​លើ​រយៈ​ចម្ងាយ​ដឹក​ជញ្ជូន ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត​តម្រូវការ​របស់​ប្រទេស​នេះ​នឹង​កើនឡើង ហេតុ​ដូច្នេះ​ហើយ​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី មាន​ទំនោរ​ដើម្បី​កំណត់​ក្នុង​ការ​នាំ​ចេញ ។

ចំណែក​ប្រទេស​រុ​ស្ស៊ី​វិញ​មាន​សក្តានុពល​ដ៏​ប្រសើរ​បំផុត​ក្នុង​ផ្នែក​ធ្យូងថ្ម​បម្រុង​ទុក ប៉ុន្តែ​មាន​លក្ខខណ្ឌ​អាកាសធាតុ​មិនល្អ ព្រមទាំង​នៅ​ឆ្ងាយ​ពី​ប្រទេស​វៀតណាម​ទៀត​ផង ។ ដោយឡែក អាហ្វ្រិក​ខាងត្បូង​ជា​ប្រទេស​ដែល​មាន​សក្តានុពល​លើ​ការ​បម្រុង​ទុក​ធ្យូងថ្ម ដែល​ការ​ចំណាយ​លើ​ផលិតកម្ម​មាន​កម្រិត​ទាប ប៉ុន្តែ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​មាន​កម្រិត​ខ្សោយ ។

ដោយសារ​តែ​ប្រទេស​នីមួយ​ៗ​មាន​បញ្ហា​ដូច​ខាងលើ​បែប​នេះ ប្រធាន​សមាគម​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​រ៉ែ បាន​សន្និដ្ឋាន​ថា ៖ « ដើម្បី​ផ្តល់​នូវ​ការ​ផ្គត់ផ្គង់​ថេរ​សម្រាប់​ផលិតផល​ក្នុងស្រុក វៀតណាម​គួរតែ​ផលិត និង​រៀបចំ​គោលនយោបាយ ព្រមទាំង​យុទ្ធសាស្ត្រ ក្នុង​ការ​នាំ​ចូល​តែ​ម្តង »  ៕