លោក​ ជឹម ស៊ីថា ​​អធិការ​ខណ្ឌ​ដង្កោ​ ដឹកនាំ​កម្លាំង​​ចុះ​បង្ក្រាប​​ចោរ​លួច​កាច់​សោ.ក​ម៉ូតូ​បាន​៣នាក់​​ភ្លាមៗ

រាជ​ធានី​ភ្នំពេញ ៖ កម្លាំងប៉ូលិស​ខណ្ឌ​ដង្កោ​ ដឹកនាំ​​ផ្ទាល់​ដោយ​លោក​វរសេនីយ៍​ទោ ជឹម ស៊ីថា អធិការ​នគរ​បាល​ខណ្ឌ បាន​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​៣នាក់​​លួច​កាច់​សោ.ក​ម៉ូតូ​​មួយគ្រឿង​ ​ខណៈ​​ពេលដែល​ក្រុម​ចោរ​ទាំង​នេះ​កំពុង​ធ្វើ​​សកម្មភាព​បាន​សម្រេច​ហើយ​​ជិះ​រត់​គេច​ខ្លួន​កាលពី​វេលាម៉ោង​៩និង​១៥នាទី​ព្រឹក​ថ្ងៃទី​១៦ ធ្នូ នៅ​ចំណុច​វាល​ស្រែ ស្ថិត​​ក្នុងភូមិ​ស្ពាន​ថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ ។​

ប៉ូលិស​មិន​ទាន់​បង្ហើប​ប្រាប់ពី​អត្តសញ្ញាណ​​​ក្រុម​ជន​សង្ស័យ​នៅ​ឡើយ​ទេ ព្រោះ​​​ស្ថិត​នៅ​ក្នុង​ការ​សាកសួរ ប៉ុន្តែ​បាន​បញ្ជាក់​ថា ​ជន​សង្ស័យ​ទាំង​៣នាក់​នេះ មាន​ប្រុស​២នាក់ ​ត្រូវ​​ចាប់​បាន​ភ្លាមៗ​នៅ​តាម​ផ្លូវ ​និងស្រី​ម្នាក់​ទៀត​ត្រូវ​​ចាប់​​ខ្លួន​បាន​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ ។ ដោយឡែក​​ជន​រងគ្រោះជា​ម្ចាស់​ម៉ូតូ​ ​ឈ្មោះ ​ទូច ណារ៉ា អាយុ​៣៨​ឆ្នាំ ​ភេទ​ប្រុស ស្នាក់​នៅ​ភូមិ​ស្ពាន​ថ្ម​ សង្កាត់​ស្ពាន​ថ្ម ខណ្ឌ​ដង្កោ ដោយបាន​​ចត​ម៉ូតូ​ទុក​​នៅ​លើ​ភ្លឺស្រែ ចំណុច​កើត​ហេតុ​ខាង​លើ ​ហើយ​ក្រុម​ជន​សង្ស័យ​បាន​នាំ​គ្នា​​ទៅ​ធ្វើ​សកម្ម​ភាព​​កាច់​សោ.ក​​ជិះ​​​ចេញ​ ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់ ក៏​ស្រែ​ថា «ចោរៗ» ​បង្ក​ការភ្ញាក់​ផ្អើល​ ក៏​ត្រូវកម្លាំង​ប៉ូលិស​​​​​ដឹក​​នាំ​ដោយ ​លោក ជឹម ស៊ីថា ​ចេញ​ស្ទាក់​​គ្រប់​ទី​កន្លែង និង​ចាប់​ខ្លួន​បាន​ភ្លាមៗ​តែ​ម្តង ៕