រដ្ឋសភា អនុម័ត​ដោយ​ឯកច្ឆ័ន្ទ លើ​សេចក្តីព្រាងច្បាប់​ទាំង​៣ ដោយ​មិនមាន​ការកែប្រែ​អ្វី​ទេ​

ភ្នំពេញ: ​រហូតដល់​ម៉ោង​ប្រមាណ ១២ ថ្ងៃត្រង់ ថ្ងៃទី​១៦ ខែធ្នូ​នេះ រដ្ឋសភា បាន​ប្រជុំ​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​សេចក្តីព្រាងច្បាប់​ចំនួន ៣ ដែលជា​របៀបវារៈ​នៃ​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃនេះ ដោយ​សំឡេង​ ១០០ លើ ១០០ សំឡេង​។ ក្រោយ​កិច្ចប្រជុំ​រដ្ឋសភា​បាន​បន្តិច សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ក៏បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា ក្នុងនាម​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​។​

​សូម​រម្លឹកថា កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ បាន​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ចំនួន ៣ គឺ​៖
១-​សេចក្ដីព្រាងច្បាប់ ស្ដីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ សម្រាប់ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស ស្ដីពី ការបង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​បញ្ចូល​កិច្ចព្រមព្រៀង ស្ដីពី កិច្ច​សម្រួល​ពាណិជ្ជកម្ម ទៅក្នុង​ឧបសម្ព័ន្ធ​១​ក នៃ​កិច្ចព្រមព្រៀង ម៉ា​រ៉ា​កេស​។

​ទី​២- សេចក្ដីព្រាងច្បាប់ ស្ដីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្ដីពី ការបង្កើត​មជ្ឈមណ្ឌល​ជីវចម្រុះ​អាស៊ាន

​និង​ទី​៣- សេចក្ដីព្រាងច្បាប់​ស្ដីពី សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​

​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ​នេះ មានការ​ចូលរួម​ពី​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក​កឹម​សុខា ចំនួន ៣៤ រូប​។ ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ពហិការ មិន​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា ចាប់តាំងពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ ខណៈដែល​រដ្ឋសភា បាន​ប្រជុំ​អនុម័ត​ដកតំណែង​លោក​កឹម​សុខា ចេញពី​អនុប្រធាន​ទី​១ រដ្ឋសភា​។​

​មកដល់ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ទុក​កៅអី​អនុប្រធាន​ទី​១ រដ្ឋសភា និង​កៅអី​តំណាងរាស្ត្រ​របស់លោក​ស​មរ​ង្ស៊ី នៅ​ទំនេរ ដោយ​មិន​ដាក់​បេក្ខភាព​ថ្មី ទៅ​ជំនួស​នោះទេ​៕