ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ​រិះគន់​មន្ត្រី​ជំនាញថា​​មិន​ត្រួតពិនិត្យ​ការ​នាំ​សត្វ​មាន់​-​ទា​ពី​ប្រទេស​ថៃ​ចូល​ដី​ខ្មែរ

ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋ​ក្រុង​ព្រះ​វិហារ​ដែល​បាន​ទៅ​លេង​ច្រក​ទ្វារ​អានសេះ​បាន​រិះគន់​ទៅ​ដល់​មន្ត្រី​ជំនាញ​ ពេទ្យសត្វ មិន​អើពើ​អំពី​ឈ្មួញ​ដែល​នាំ​សត្វ​មាន់​-​ទា​ពី​ប្រទេស​ថៃ​ចូល​ទឹកដី​កម្ពុជា ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ច្បាស់លាស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព​យ៉ាង​ខ្លាំង ។

ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តព្រះវិហារ​បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ​ថា ពួក​គាត់​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​បញ្ហា​ការ​នាំ​ចូល​សត្វ​មាន់ សត្វ​ទា ដែល​ក្រុម​ឈ្មួញ​បាន​ចូល​ទៅ​ទិញ​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អានសេះ ចូល​មក​ក្នុង​ខេត្តព្រះវិហារ ក្នុង​១​ថ្ងៃ​ៗ​រាប់​ពាន់​ក្បាល ដើម្បី​ចែកចាយ​លក់​បន្ត តែ​មិនឃើញ​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​ណា​ម្នាក់​ឡើយ ។

ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា ការ​នាំ​ចូល​សត្វ​មាន់ សត្វ​ទា គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​បែប​នេះ បាន​បង្ក​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព ព្រោះថា សត្វ​មាន់ សត្វ​ទា ដែល​នាំ​ចូល​ទាំងនោះ​មិនដឹង​ថា មាន​ជម្ងឺ ឬ​មិន​មាន​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​អ្នក​បរិភោគ​ប៉ះ​ចំ​មាន់​-​ទា​មាន​ជម្ងឺ ជា​ពិសេស​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​របស់​ពួក​គាត់​ទៀត​ផង ។

ពាក់ព័ន្ធ​ការ​នាំ​សត្វ​មាន់​-​ទា​ពី​ប្រទេស​ថៃ​ចូល​ទឹកដី​ខេត្តព្រះវិហារ ឈ្មួញ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ពួក​ខ្លួន​បាន​នាំ​សត្វ​មាន់​-​ទា​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អានសេះ​ក្នុង​មួយ​ថ្ងៃ​មិន​ក្រោម​ពី​៥០០០​ក្បាល​នោះ​ទេ ដើម្បី​យក​មក​ចែកចាយ​លក់​បន្ត​នៅ​តាម​បណ្តា​ស្រុក ក្រុង ក្នុង​ខេត្តព្រះវិហារ តែ​បញ្ហា​ការ​នាំ​ចូល​តាម​ច្រក​ទ្វារ​អានសេះ​មិនសូវ​ឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ត្រួតពិនិត្យ​ច្បាស់​លាស់​​នោះ​ទេ ព្រោះ​អី​ខ្លួន​គ្រាន់តែ​បង់​លុយ​ទៅ​ពួក​លោក​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បន្តិចបន្តួច​គឺ​អាច​ដឹក​ចេញ-ចូល​​បាន​ហើយ មិន​មាន​អ្នកត្រួតពិនិត្យ​បន្ត​ទៀត​នោះ​ទេ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ​ដែរ លោក វេ​ង ហុង​លី​ម ប្រធាន​ការិយាល័យ​បសុពេទ្យ នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ បាន​លើក​ឡើង​ថា កន្លង​មក​លោក​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ពេទ្យសត្វ ដើម្បី​ត្រួតពិនិត្យ​ការ​នាំ​សត្វ​មាន់​-​ទា​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អានសេះ​ជា​ប្រចាំ​រៀងរាល់ថ្ងៃ​បើក​ច្រក តែ​ចំពោះ​បញ្ហា​សុខភាព​សត្វ​មាន់​-​ទា ដែល​នាំ​ចូល​កន្លង​ទៅ​មិន​មាន​បញ្ហា​នោះ​ទេ តែបើ​មានការ​នាំ​ចូល​សត្វ​មាន់ និង​សត្វ​ទា​មាន​ជម្ងឺ​ចូល​មក ជំនាញ​បសុពេទ្យ​មិន​អនុញ្ញាត​ឲ្យ​នាំ​ចូល​ជា​ដាច់ខាត ហើយ​ចំពោះ​បញ្ហា​ការ​យក​លុយកាក់​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ឈ្មួញ​នាំ​ចូល​សត្វ​មាន់​-​ទា​ទាំងនោះ លោក​មិន​បានដឹង​នោះ​ទេ គឺ​លោក​ធ្វើ​តាមតែ​តួនាទី​ភារកិច្ច​របស់​លោក​តែ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​នាំ​ចូល​សត្វ​មាន់​-​ទា​ពី​ប្រទេស​ថៃ​ចូល​មក​ទឹកដី​កម្ពុជា​តាម​ច្រក​ទ្វារ​អានសេះ​មក​ចែកចាយ​លក់​បន្ត​នៅ​ក្នុង​ខេត្តព្រះវិហារ និង​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​រៀង​រាល់​២​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍ គឺ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ព្រហស្បតិ៍ ការ​នាំ​ចូល​សត្វ​មាន់​-​ទា​ពី​៥០០០​ក្បាល​ទៅ​៦០០០​ក្បាល​ក្នុង​១​ថ្ងៃ ៕