ប្រជាពលរដ្ឋ​សំដែង​ក្តី​ព្រួយបារម្ភ ចំពោះ​ករណី​ចោរលួច​ឆក់​ប្លន់ ដែល​កើតមាន​ជា​ញឹកញាប់ នៅក្នុង​ទឹកដី​ខណ្ឌដូនពេញ​

ភ្នំពេញ: ​ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌដូនពេញ​សព្វថ្ងៃ បាន​សំដែង​នូវ​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ករណី​ចោរលួច ឆក់ ប្លន់​ដែល​តែងតែ​កើតមាន​ជា​ញឹកញាប់ នៅក្នុង​ទឹកដី​ខណ្ឌដូនពេញ សូម​ឲ្យ​អាជ្ញាធរ​ជួយ​ល្បាត​ទប់ស្កាត់​បញ្ហា​នេះ​។​

​ថ្លែង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​២ ឆ្នាំ​២០១៥ ក្នុង​ខណ្ឌដូនពេញ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ លោក​មេភូមិ​៥ សង្កាត់​ផ្សារ​ថ្មី​២ និង​អ្នកស្រី គីម ចាន់​សុភាព ជា​មេភូមិ​៧ ស្ថិតនៅក្នុង​សង្កាត់​ជ័យជំនះ ក្នុង​ខណ្ឌដូនពេញ បានលើកឡើង​ស្រដៀង​គ្នា ទៅកាន់​អាជ្ញាធរ​ថា សព្វថ្ងៃនេះ បញ្ហា​ចោ​រលួច ឆក់​ប្លន់ មិនចាំបាច់​និយាយ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ឡើយ និយាយ​តែ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទួល​ដូនពេញ​តែមួយ​ប៉ុណ្ណោះ បញ្ហា​ចោ​លួច​ឆក់ ប្លន់​នេះ​តែងតែ​កើតមាន​នៅក្នុង​តំបន់​ជាប្រចាំ បើទោះបីជា​មានការ​បង្ក្រាប​ជាច្រើន​លើ​ពី​កម្លាំង​សមត្ថកិច្ច យ៉ាងណាក្តី​។ ដូច្នេះ​សូម​អាជ្ញាធរ​ជួយ​បង្ក្រាប​អំពី​បញ្ហា​នេះ​ព្រោះ​ប្រជាជន​កំពុង​ព្រួយបារម្ភ​។​

​លោក​ប្រធានភូមិ​៥ បាន​បន្តថា "នៅ​សង្កាត់​ផ្សារ​ថ្មី​២ បច្ចុប្បន្ន​ចោរ​ឆក់​ប្លន់​វា​ញាប់​ពេក ឈប់​នៅ​ស្តុ​ប កា​រ៉ា​ស់​ឡាន​និង​កន្លែង​ចាក់សាំង​ធ្វើ​សកម្មភាព​ប្លន់ វា​ពាក់មួក​ឃ្លុប​ដែល​ធ្វើ​សកម្មភាព​គឺ​ក្មេងៗ​។​ខ្ញុំ​សុំ​ណូ​ម​ពរ​ឲ្យ​ប៉ូលិស ប៉េអឹម​ជួយ​បង្ក្រាប​ផង ព្រោះ​ប្រជាជនមាន​ការព្រួយបារម្ភ​បញ្ហា​នេះ​...​គេ​ឲ្យ​ខ្ញុំ​និយាយប្រាប់​ទូរ​ទស្ស​ន៍ឲ្យ​បងប្អូន​ទាំងអស់​បានដឹង បានឮ ហើយ​ប៉ូលិស ប៉េអឹម​ជួយ ចាក់​ការ​រឿង​ចោ​នេះ​ផង​"។​
 
​ឆ្លើយតប​បញ្ហា​នេះ លោក អៀង អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ និង​ក្រុមប្រឹក្សា​ថ្នាក់​រាជធានី បាន​ទទួលស្គាល់ថា មាន​ចោ​លួច ចោ​ឆក់ កើតមាន និង​បានធ្វើ​សកម្មភាព​នៅក្នុង​ខណ្ឌ​ទួល​ដូនពេញ​នេះ​មែន​។ លោក​បន្តថា ដើម្បី​ចំណាត់ការ​ទប់ស្កាត់បាន​ទាន់ពេល​ជូន​បងប្អូន លោក បានដាក់​ចេញ​នូវ​ផែនការ​ដល់​អភិបាលខណ្ឌ អធិការនគរបាល ក៏​ដូច​ប្រធាន​ប៉ុ​ស្តិ៍ តាម​សង្កាត់ ត្រូវ​សហការគ្នា​ចាត់វិធានការ​ទប់ស្កាត់ និង​ប​ង្ក្រា​ម​ក្រុមចោរ​គ្រប់​ប្រភេទ​នេះ​ជូន​ប្រជាពលរដ្ឋ​និង​អនុវត្ត​ទៅតាម​ប្រសា​ស​ន៍​របស់​សម្តេច​តេ​ជោ ក្នុងការ​បង្ក្រាប​ពួកចោរ​លួច ចោរ​ប្លន់​នេះ ដើម្បី​បំបាត់​ភាពភ័យខ្លាច​ជូន​ប្រជាជន​។​

​ទោះបីជា​យ៉ាងណាក្តី​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អាជ្ញាធរ​គួរ​ចាត់វិធានការ​ឲ្យ​បាន​ឆាប់រហ័ស និង​ធ្វើយ៉ាងណា​ត្រូវ​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព នូវ​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន សុវត្ថិភាព​ទាំង​៩​ចំណុច​៕

ប្រជាពលរដ្ឋ​សំដែង​ក្តី​ព្រួយបារម្ភ ចំពោះ​ករណី​ចោរលួច​ឆក់​ប្លន់ ដែល​កើតមាន​ជា​ញឹកញាប់ នៅក្នុង​ទឹកដី​ខណ្ឌដូនពេញ​

ប្រជាពលរដ្ឋ​សំដែង​ក្តី​ព្រួយបារម្ភ ចំពោះ​ករណី​ចោរលួច​ឆក់​ប្លន់ ដែល​កើតមាន​ជា​ញឹកញាប់ នៅក្នុង​ទឹកដី​ខណ្ឌដូនពេញ​