រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ណែនាំ​ដល់​អង្គភាព​សារព័ត៌មាន ឲ្យ​ប្រើ​គោរមងារ “​សម្តេច​”

ភ្នំពេញ: ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានចេញ​លិខិត​ណែនាំ​ចំហរ​មួយ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​អង្គភាព​សារព័ត៌មាន​ទាំងអស់ គោរព​លិខិត​ក្រើនរម្លឹក ស្តីពី​ការគោរព​វិជ្ជាជីវៈ​សារព័ត៌មាន របស់​ក្រសួង ចុះ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០០​។ ក្នុង​លិខិត​ចុងក្រោយ​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​រម្លឹក​ឲ្យ​អង្គភាព​សារព័ត៌មាន​ទាំងអស់ ត្រូវគោរព​គោរមងារ ដែល​ប្រោស​ព្រះរាជទាន​ដោយ​ព្រះមហាក្សត្រ ជាពិសេស​គោរមងារ "​សម្តេច​"​។​

​សូម​រម្លឹកថា នៅ​កម្ពុជា​សព្វថ្ងៃនេះ ឥស្សរជន​កំពូលៗ ដែល​ទទួលបាន​គោរមងារ​ជា "​សម្តេច​" រួមមាន​៖ សម្តេច ហ៊ុនសែន សម្តេច ហេង សំរិន សម្តេច​ប៊ុនរ៉ានី សម្តេច ស ខេង សម្តេច សាយ ឈុំ សម្តេច គង់ សំអុល ព្រមទាំង​ព្រះរាជវង្សានុវង្ស​ជាច្រើន​ផ្សេងទៀត។

កន្លងមក ស្ថាប័នអង្គភាពព័ត៌មាន ក្នុងស្រុក​ ពិសេសទូរទស្សន៍ និងវិទ្យុ បានហៅ​ឥស្សរជន​​កំពូលៗ តាមគោរមងារ ដែលព្រះមហាក្សត្រ ប្រោសប្រទាន គឺ "ឯកឧត្តម" ឬ "លោកជំទាវ" ចាប់ពី​ប្រធាន​នាយកដ្ឋាន រហូតដល់រដ្ឋមន្ត្រី​​ ទេសរដ្ឋមន្ត្រី និង​ឧបនាយក​​រដ្ឋមន្ត្រី។ ចំណែកគោរមងារ ជា "សម្តេច" ត្រូវបានកាសែតក្នុងស្រុក ប្រើ​សម្រាប់ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា និងព្រះរាជវង្សានុវង្ស​។

ក៏ប៉ុន្តែមានតែស្ថាប័ន​អង្គភាពវិទ្យុក្រៅស្រុក និងក្នុងស្រុកមួយចំនួន ដែលគេចាត់​ទុកថា ឯករាជ្យ និងវិទ្យុ​កាសែតរបស់គណបក្ស​​​ប្រឆាំង ព្រមទាំង​​កាសែត​ ជាភាសា​បរទេសមួយចំនួនប៉ុណ្ណោះ ដែល​នៅ​ប្រើពាក្យថា លោក ឬលោកស្រី ដោយមិនហៅ​តាម​គោរមងារថា "ឯកឧត្តម" "លោកជំទាវ" ឬ "សម្តេច" នោះទេ។

ការមិនប្រើពាក្យតាមគោរមងារដូច្នេះ ដោយសារតែអង្គភាពព័ត៌មានទាំងនោះ យល់​ថា ដើម្បីឲ្យស្ថាប័នរបស់ខ្លួនឯករាជ្យ មិនស្ថិតក្រោមគំនាប​របស់រាជរដ្ឋាភិបាល៕

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ណែនាំ​ដល់​អង្គភាព​សារព័ត៌មាន ឲ្យ​ប្រើ​គោរមងារ "​សម្តេច​"