សិស្សសាលា​ជើង​ខ្លាំង​​៤​នាក់​ក្នុង​ចំណោម​ជិត​២០​នាក់​​ត្រូវ​​ឃាត់ខ្លួន​ បន្ទាប់​ពី​វាយ​តប់​តាម​ផ្លូវ​សា​ធារ​ណៈ

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ជា​សិស្សសាលា​ជើង​ខ្លាំង​ចំនួន​០៤​នាក់​ក្នុង​ចំណោម​យុវ​សិស្ស​ជិត​២០​នាក់​ មកពី​វិទ្យាល័យ​ហ៊ុន សែន ​ក្រុង​(​អូ​០២) ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ចរាចរ​ណ៍សហការ​​​ជាមួយ​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល និង​កំលាំង​ព្រហ្មទណ្ឌ​ប្រមាញ់​ចាប់​បាន បន្ទាប់​ពី​យុវ​សិស្ស​ទាំង​នោះ​បាន​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​ក្រុម​សិស្ស​អនុ​វិទ្យាល័យ​សម្តេចឪ ​ក្រុងព្រះសីហនុ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​​ និងភ្ញៀវ​ទេសចរ​​​តាម​ផ្លូវ ។

លោក​អនុសេនីយ៍ទោ ភុល ភ័​ស្តា​ អធិការ​នគរបាល​ក្រុងព្រះសីហនុ បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ជុំវិញ​ករណី​សិស្សសាលា មក​ពីវិទ្យាល័យ​ហ៊ុន សែន ​ក្រុង​(​អូ​០២) បាន​ជិះ​ម៉ូតូ​ដេញ​វាយ​ក្រុម​សិស្ស​នៃ​អនុ​វិទ្យាល័យ​យ​សម្តេចឪ​ ក្រុងព្រះសីហនុ​នៅ​ចំណុច​មុខ​អនុ​វិទ្យាល័យ​សម្តេចឪ ​ស្ថិត​ក្នុងភូមិ​០១​ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

លោក​បាន​បញ្ជា​កំលាំង​ក្រោមឱ​វាទឱ្យសហការ​​​ជាមួយ​កំលាំង​អន្តរា​គម​ន៍ពិសេស និង​កំលាំង​ចរាចរ​ណ៍ចេញ​ស្ទាក់​តាម​គោលដៅរហូត​ឃាត់ខ្លួន​បាន​ចំនួន​០៤​នាក់ ក្នុង​ចំណោម​ជិត​២០​នាក់ យក​មក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ស្នាប់ដៃ​អ៊ី​ណុ​ក​ចំនួន​០១ ដំបង​ដែក​ចំនួន​០១​ដើម ដែកឆាប​ចំនួន​០១ ដើម្បី​កសាង​នីតិ​វិធី​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរ​បាល​ខេត្តចាត់ការ​បន្ត​៕