ថៃ​៖ គ្រាន់តែ​ប្រមាថ​សត្វ​ឆ្កែ​ស្តេច បុរស​ម្នាក់​អាច​ជាប់ពន្ធនាគារ​៣៧​ឆ្នាំ​

​ប៉ូលិស​ថៃ​បាន​ចោទប្រកាន់​បុរស​ម្នាក់​ពីបទ​ប្រមាថ ក្សត្រ​ថៃ ព្រះ​ចៅ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត ប្រមាថ​របប​យោធា និង​មើលងាយ​សុនខ របស់​ទ្រង់ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ ជន​ដែលជា​កម្មករ​រោងចក្រ​នេះ​អាច​ជាប់ពន្ធនាគារ​ដល់ ៣៧​ឆ្នាំ​ឯណោះ​។ នេះ​បើ​យោងតាម ទីភ្នាក់ងារ​ព័ត៌មាន New York Times​។

​បុរស​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ Thanakorn Siripaiboon ប្រឈមមុខ​នឹង​ការជាប់​ឃុំឃាំង​រយៈពេល​៣៥​ឆ្នាំ ព្រោះ​ត្រូវ​រង​ការចោទប្រកាន់ថា បាន​ប្រមាថ​ព្រះមហាក្សត្រ​ថៃ ព្រះ​ចៅ​ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត និង​ឆ្កែ​របស់​ទ្រង់​ឈ្មោះ Tongdaeng តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។

​លោក Anon Numpa មេធាវី​ជនជាប់ចោទ​បាន​ថ្លែង​ដោយ​ហួសចិត្ត​ថា ៖« ខ្ញុំ​មិនដែល​ស្រមៃ​ថា គេ​ប្រើប្រាស់​ច្បាប់​បរិហារកេរ្តិ៍ ព្រះមហាក្សត្រ​សម្រាប់​រឿង​សត្វ​ឆ្កែ​របស់​ស្តេច​បែបនេះ​ទេ​។ វា​មិនមាន​ហេតុផល​សោះ​»​។​

​ក្រៅ​ពីបទ​ចោទ​ប្រមាថមើលងាយ​សត្វ​ឆ្កែ​នោះ លោក Thanakorn Siripaiboon ដែលមាន​វ័យ​២៧​ឆ្នាំ ក៏ត្រូវ​រង​ការចោទប្រកាន់​ពី​ករណី​ផ្សេងទៀត​ដូចជា​បទល្មើស​ប្រមាថ​ស្ដេច ការបះបោរ និង​បទ​ចោទ​ឧក្រិដ្ឋកម្ម​តាម​បណ្ដាញ​កុំព្យូទ័រ​។ នេះ​ក៏ដោយ​សារ ជននេះ​បាន​ចុច Like លើ​រូបថត​សម្រាក​ព្យាបាល​របស់​ស្ដេច​ថៃ​ហើយ​បាន​ចែករំលែក (Share) រូបថត​នោះ ព្រមទាំង​ចុច Like លើ​រូបភាព​បង្ហាញ​ពី​រឿងអាស្រូវ​ពុករលួយ​របស់​របប​យោធា​ថៃ​។ នេះ​មានន័យថា Siripaiboon អាច​នឹង​ជាប់គុក​ដល់​ទៅ​៣៧​ឆ្នាំ​។  

​ដូចដែល​គេ​ធ្លាប់​បានដឹង​រួចហើយ ប្រទេស​ថៃ​មានច្បាប់​ប្រឆាំង​រាល់​ការប្រមាថ​ព្រះមហាក្សត្រ​។ ជន​ណាក៏ដោយ​ដែល​ត្រូវបាន​រកឃើញថា បាន​ប្រមាថ​ព្រះមហាក្សត្រ​ព្រះជន្ម​វ័យ​៨៨​វស្សា​នេះ ព្រះមហាក្សត្រី​យ៍​ឬ​រាជទាយាទ ព្រមទាំង​សមាជិក​រាជវង្ស​ដទៃទៀត នឹងត្រូវ​ជាប់ពន្ធនាគា​រ​ចាប់ពី​១៥​ឆ្នាំ​ឡើងទៅ​។

​លើសពីនេះ ចាប់តាំងពី​យោធា​ដណ្តើម​អំណាច​កាលពី​ឆ្នាំមុន​មក ការចោទប្រកាន់​និង​កាត់ទោស​ប្រជាជន​ពាក់ព័ន្ធ​ករណី​ប្រមាថ​ព្រះមហាក្សត្រ​នេះ​មានការ​កើនឡើង​យ៉ាងខ្លាំង​។ ហើយ​សូម្បីតែ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ទីក្រុង​បាងកក ក៏​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត ក្រោម​បទ​ប្រមាថ​ស្ដេច​ដែរ ដោយសារតែ​បាន​និយាយ​រិះគន់​ដល់​ការកាត់ទោស​ដែលមាន​រយៈពេល​យូរ​។​

​សូមបញ្ជាក់ថា ព្រះមហាក្សត្រ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត ដែលជា​ស្ដេច​គ្រងរាជ្យ​យូរ​ជាងគេ ត្រូវបាន​គោរព​យ៉ាងខ្លាំង​ក្នុងចំណោម​ប្រជាជន​ថៃ​និង​ត្រូវ​ចាត់ទុកជា​និមិត្តរូប​ឯកភាព​ជាតិ​។ ម្យ៉ាងទៀត ស្ដេច​អង្គ​នេះ​ត្រូវបាន​ការពារ​ដោយ​ច្បាប់ ដែល​មិន​អនុញ្ញាត​ឲ្យ​មានការ​និយាយ​ប៉ះពាល់​ឡើយ​៕