ជនជាតិ​យួន​នេសាទ​ខុសច្បាប់​តាម​អំពើ​ចិត្ត​នៅ​ខេត្តពោធិ៍សាត់ ដោយសារ​មានការ​បើកដៃ​ពី​មន្ត្រី​ជំនាញ​

ប្រជា​នេសាទ​នៅ​តំបន់​ទន្លេសាប​នៃ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​ជនជាតិ​យួន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ហើយ​គ្មាន​មន្ត្រីរដ្ឋបាល​ជលផល​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​ក្រគរ និង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ គិតគូរ​តែ​រឿង​ផលប្រយោជន៍ ហើយ​បើកដៃ​ឲ្យ​ជនជាតិ​យួន​ប្រព្រឹត្ត​បទល្មើស​នេសាទ​តាម​អំពើ​ចិត្ត​។ សូម្បីតែ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏​ទំនង​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ដែរ ទើប​មិន​គិតគូរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​ក្រគរ​។

សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ក្នុង​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ និង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា ជនជាតិ​យួន​មានឈ្មោះ​ជា​ខ្មែរ​ដូចជា ឈ្មោះ សេង ហ៊ុ​ង​(​ហៅ​អា​ក្បាល​ដែក​) និង​ឈ្មោះ ចក់ ប្រុស​ឡា​(​ហៅ​អា​ញី​វ​) កំពុង​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ប្រភេទ​អួន​ហ៊ុំ​ទឹកសាប អួន​កែច្នៃ និង​រុញ​ស៊ី​ប ដោយ​កាណូត​ធំៗ​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​ទាំងយប់​ទាំង​ថ្ងៃ​។ មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​ក្រគរ និង​ស្រុក​កណ្ដៀង ដែល​ទទួលបាន​ផលប្រយោជន៍​ពី​ជនជាតិ​យួន​ទាំង​២​នាក់​ខាងលើនេះ នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​រិះគន់​ចំៗ​ថា មន្ត្រីជលផល​គឺជា​អ្នក​បើកដៃ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ទើប​ជនជាតិ​យួន​ទាំងនោះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ញញើត​នឹង​សមត្ថកិច្ច​ខ្មែរ​។​

ថ្មីៗ​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ធ្លាប់បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ស្រុក​ក្រគរ ប៉ុន្តែ​បន្ទាប់ពី​លោក អេង ជា​សាន វិលត្រឡប់​ទៅវិញ​ករណី​ជនជាតិ​យួន​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅតែ​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​ដដែល​។ បញ្ហា​នេះ​លោក អេង ជា​សាន គួរពិនិត្យមើល​ឲ្យ​បាន​ដិតដល់​ចំពោះ​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​កណ្ដៀង​និង​ស្រុក​ក្រគរ ក៏ដូចជា​ចាត់វិធានការ​លើ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ ជាបន្ទាន់​។ ដោយហេតុថា​ក្រុមមន្ត្រី​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​កណ្ដៀង​និង​ស្រុក​ក្រគរ យ៉ាង​ពេញបន្ទុក​ហើយ​បែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​បំផុត​៕

17067850055_39071c4abf_o2