ល្បែងស៊ីសង​ក្នុង​ក្រុង​ប៉ោយប៉ែត កំពុង​បំផ្លាញ​សន្តិសុខ​សង្គម​គួរ​ឲ្យ​ព្រួយបារម្ភ​

ប្រជាពលរដ្ឋ​តាម​បណ្ដា​សង្កាត់​នានា​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​បច្ចុប្បន្នកំពុង​រាលដាល​កាន់តែខ្លាំង​ឡើងៗ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ដូចជា បៀ​អាប៉ោង កន្ទុយលេខ បញ្ជល់មាន់ និង​ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម​។ ជាពិសេស​នៅក្នុង​កាស៊ីណូ​ឡាក់​គី​ក្រុង​ប៉ោយប៉ែត បាន​បើក​លេងល្បែង​ខុសច្បាប់​ជាច្រើន​ប្រភេទ ហើយ​អ្នក​ចូល​លេង​ភាគច្រើន​លើសលប់​ជា​ជនជាតិខ្មែរ មិនមែនជា​ជនបរទេស​នោះទេ​។ ប្រការនេះ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក ឱ បូ​រិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។

ការដាក់ចេញ​នូវ​ផែនការ​ពង្រឹង​សន្តិសុខ​ក្នុង​ខេត្តបន្ទាយមានជ័យ របស់លោក ឱ បូ​រិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មិន​ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​មានការ​ជឿជាក់​នោះទេ ព្រោះ​បច្ចុប្បន្ន​ល្បែងស៊ីសង អំពើចោរកម្ម បទល្មើស​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​ទៀត​រាលដាល​កាន់តែខ្លាំង​នៅក្នុង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ល្បែង​បញ្ជល់មាន់​ត្រូវបាន​គេ​បើក​លេង​ក្នុង​កាស៊ីណូ​ឡាក់​គី​ក្រុង​ប៉ោយប៉ែត ហើយ​បញ្ជល់​ត​ខ្នាយ​ដែក​ក្នុង​មួយគូ​ដាក់​ដើម​ថា​ន់​រាប់ម៉ឺន​ដុល្លារ​ក៏មានដែរ​។ ក្រៅពី​ល្បែង​បញ្ជល់មាន់ គឺមាន​បៀ​អាប៉ោង ភ្នាល់​ដាក់​លុយ​រាប់លាន​រៀល និង​រាប់លាន​បាត ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនដែល​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​រិះគន់ថា លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត លោក អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត និង​លោក ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានដឹង​យ៉ាងច្បាស់​ពី​ល្បែងស៊ីសង​ដែល​រាលដាល​ទាំង​ក្នុង​កាស៊ីណូ និង​ក្រៅ​កាស៊ីណូ​។ ក៏ប៉ុន្តែ​ទាំង​មន្ត្រី​អាជ្ញាធរ ទាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត មិន​ចាត់វិធានការ​លុបបំបាត់​ឡើយ ហើយ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច នគរបាល និង​កងរាជអាវុធហត្ថ គឺជា​អ្នកទទួល​ផលប្រយោជន៍​ពី​ក្រុម​អ្នកបើក​ល្បែងស៊ីសង​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទៅលើ​បទល្មើស​ល្បែងស៊ីសង​ក្នុង​ក្រុង​ប៉ោយប៉ែត ជាបន្ទាន់​ព្រោះ​ផ្ដើមចេញពី​ល្បែងស៊ីសង​នាំ​ឲ្យ​មាន​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម និង​គ្រឿងញៀន​រាលដាល​កាន់តែ​ខ្លាំងក្លា​៕

12366739_1508024236159820_963512715_nលោក ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
a-nak21-500x375 a-nak1-500x333 a-nak11-500x281