Cambodian Tiger ​គ្រោង​ទិញ​ខ្សែ​ប្រយុទ្ធ​ពី​ J- League ​មក​ពង្រឹង​ក្រុម

Cambodian Tiger ​គ្រោង​ទិញ​ខ្សែ​ប្រយុទ្ធ​ពី​ J- League ​មក​ពង្រឹង​ក្រុម

ក្លិប Cambodian Tiger ​បន្ទាប់​ពី​ធ្វើ​ការ​ប្រកាស​រួម​បញ្ចូល​ជាមួយ​ក្រុម​វេស្ទើន​ភ្នំពេញ​​ហើយ​នោះ ក្លិប​ដែល​មាន​ថ្នាក់​ដឹក​នាំ​ជា​ជនជាតិ​ជប៉ុន​មួយ​នេះ​បាន​បញ្ជាក់​ទៀត​ថា ​នឹង​មាន​គម្រោង​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ម្នាក់​លេង​នៅ J- League របស់​ជប៉ុន​មក​រួម​ក្រុម នា​ខែ​មករា​ ឆ្នាំ​២០១៦​ខាង​មុខ ដើម្បី​ឱ្យ​តំបន់​ប្រយុទ្ធ​កាន់​តែ​មុត​ស្រួច។

 Cambodian Tiger ​គ្រោង​ទិញ​ខ្សែ​ប្រយុទ្ធ​ពី​ J- League ​មក​ពង្រឹង​ក្រុម លោក Kato Akihiro ប្រធាន​ក្លិប Cambodian Tiger

 

Cambodian Tiger ​ក្នុង​រដូវ​កាល​២០១៥​ ដែល​ទើប​តែ​បញ្ចប់​ទៅ​នេះ បាន​បង្ហាញ​សមត្ថភាព ​និង​ទម្រង់​លេង​ខ្លាំង​របស់​ខ្លួន​ដោយ​អាច​ឈាន​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ ជាមួយ​ក្រុម​ខ្លាំង​ៗ​ដូចជា​បឹង​កេត​អង្គរ ណាហ្គាវើល ​និង​ភ្នំពេញ​ក្រោន ហើយ​ចុង​បញ្ចប់​ពួកគេ​បាន​ចំណាត់​ថ្នាក់​លេខ​៤។ ខណៈ​ដែល​​ម្សិលមិញ​នេះ ក្លិប​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ជប៉ុន​មួយ​នេះ បាន​សហការ​ជាមួយ​ក្រុម​វេស្ទើន​​ទៀត គឺ​រឹត​តែ​ធ្វើ​ឱ្យ​ពួកគេ​មាន​ទំនុក​ចិត្តខ្លាំង ត្រៀម​ខ្លួន​ចូល​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

 

ដើម្បី​ជា​ការ​ប្រុងប្រៀប​ខ្លួន​ប្រជែង​យក​ពាន​រង្វាន់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ខាង​ថ្នាក់​ដឹក​នាំ​របស់​ក្រុម Cambodian Tiger  លោក Kato Akihiro ​បាន​បញ្ជាក់​ថា​ ក្រុម​របស់​លោក​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ពង្រីក​ក្លិប​ឱ្យ​មាន​ឈ្មោះ​ល្បី ដើម្បី​ឱ្យ​មាន​កីឡាករ​ល្អ​ៗ​​ច្រើន ពេញ​ចិត្ត​ចូល​មក​លេង​ជាមួយ​ក្រុម​របស់​លោក។ ដោយ​ជា​ដំបូង​នេះ ភ្នាក់ងារ​ទីផ្សារ​របស់ Cambodian Tiger ​កំពុង​តែ​ព្យាយាម​នាំ​យក​ខ្សែ​ប្រយុទ្ធ​ម្នាក់​ពី​លីក​ជប៉ុន មក​កម្ពុជា​ហើយ ដោយ​អ្វី​គ្រប់​យ៉ាង​នឹង​សម្រេច​ជា​ផ្លូវ​ការ​នៅ​ខែ​មករា​ខាង​មុខ​នេះ។

 

បច្ចុប្បន្ន​ Cambodian Tiger ​មាន​កីឡាករ​សញ្ជាតិ​ជប៉ុន​ចំនួន​៤​នាក់​ហើយ ខណៈ​ដែល​ក្រុម​មួយ​នេះ​នឹង​ព្យាយាម​ទិញ​កីឡាករ​ល្អ​ៗ​ពី​ក្រៅ​ស្រុក​បន្ថែម​ទៀត​នៅ​រដូវ​កាល​ក្រោយ ដោយ​មិនមែន​គិត​តែ​យក​កីឡាករ​ជប៉ុន​នោះ​ទេ៕

 

​អត្ថបទ៖ មុន្នី រម្យ