ព័ត៌មានបន្ថែម ៖ ប៉េ​អឹ​ម​ចាប់​យួន​ដៃដល់​ម្នាក់ ពាក់ព័ន្ធ​ករណី​វាយ​អ្នកនេសាទ​ខ្មែរ​របួស​១៨​នាក់

ខេត្តសៀមរាប ​៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់​មុខសញ្ញា​អ្នក​បង្ក​របួស​ស្នាម​បាន​ម្នាក់ កាលពី​វេលា​មោង​០៧​យប់​ថ្ងៃ​ទី​១៥ ធ្នូ ២០១៥ បន្ទាប់​ពី​បាន​ហៅ​មក​សួរនាំ​ពាក់ព័ន្ធ​លើ​ករណី​វាយ​អ្នកនេសាទ​ខ្មែរ​ចំនួន​១៨​នាក់ កាលពី​វេលា​យប់​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ព្រំប្រទល់​ឡូ​តិ៍​លេខ​៤ រវាង​សង្កាត់​ចុង​ឃ្នៀស និង​ឃុំ​កំពង់​ភ្លុក ។ ក្រុម​អ្នកនេសាទ​យួន​ព្រួត​វាយ​អ្នកនេសាទ​ខ្មែរ​របួសធ្ងន់​-​ស្រាល​១៥​នាក់ ក្នុងស្រុក​ប្រាសាទបាគង

ក្រោយ​ពី​កើតហេតុ កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ​រក​ជន​ដៃដល់ ដើម្បី​យក​មក​ផ្តន្ទាទោស រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៤០​នាក់​ដែល​បាន​រត់គេច​ខ្លួន​បាត់ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ដូ យ៉ាំ​ង​ថា​ន់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​អ្នក​ចិញ្ចឹម​ត្រី មាន​ទីលំនៅ​ភូមិ​ចុង​ឃ្នៀស សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប និង​បក្សពួក​ចំនួន៤០​នាក់​នោះ កម្លាំង​ជំនាញ​បាន​ស្គាល់​ថែម​៤​នាក់​ទៀត ១-​ឈ្មោះ​ដូ យ៉ាំ​ង​សួរ​, ២-​ឈ្មោះ​ដូ យ៉ាំ​ង​យូរ​, ៣-​ឈ្មោះ​ដូ យ៉ាំ​ង​សរ​, និង​៤-​ឈ្មោះ​ដូ យ៉ាំ​ង​ឌឹ​ក ទាំង​៤​នាក់​ជា​អ្នកនេសាទ រស់នៅ​ភូមិ​ទី​៧ សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ។ ចំណែក​បក្សពួក​ផ្សេង​ទៀត កម្លាំង​សមត្ថកិច្ច​មិន​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ហើយ​បាន​គេចខ្លួន​បាត់​អស់ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។