លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យប្រជុំ​ពង្រឹង​ការងារ​សន្តិសុខ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​គ្រប់​កម្លាំង​នគរបាល​ជំនាញព្រហ្ម​ទណ្ឌខេត្ត-​ស្រុក​-​ក្រុង និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​-​សង្កាត់ ត្រូវ​ក្តាប់​មុខសញ្ញា​ចេញពី​ពន្ធនាគារ​ ​មុខសញ្ញា​មាន​ដីកា​តាម​ចាប់ខ្លួន​ និង​មុខសញ្ញា​ចេញ​រត់គេចខ្លួនឲ្យ​បាន​ណែន​នៅ​ក្នុង​ដៃ ។

​ការ​លើក​ឡើង​បែប​នេះ ក្នុង​ឱកាស​ដែល​លោក​ឧត្តមសេនីយ៍ទោ​ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បើក​ការ​ប្រជុំ​ពង្រឹង​កិច្ច​ការងារ​សន្តិសុខ​ជា​បន្ទាន់​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​ធ្នូ ​​២០១៥​នេះ ទាក់ទង​បញ្ហា​ដែល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​កើត​មាន​សកម្មភាព​ចោរប្លន់​ប្រដាប់​អាវុធ​យ៉ាង​កក្រើក​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​។

​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម មាន​ប្រសាសន៍​បញ្ជាក់​សង្កត់ធ្ងន់​ទៅ​លើ​បញ្ហា​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់ និង​បញ្ហា​គ្រឿងញៀន ដោយ​ឲ្យ​អធិការ អធិការ​ង ក៏​ដូច​ជា​នគរបាល​នគរបាល ក្តាប់​ឲ្យ​បាន​ពីមុខ​សញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ។​

ជាង​នេះ​ទៀត​ គឺ​ត្រូវ​ពង្រឹង​លើ​ការ​ល្បាត​ពេល​យប់ ការ​ដាក់​កងកម្លាំង​យាម​តាម​ផ្សារ​ធំ​ៗ និងផ្សព្វផ្សាយ​ពី​លេខ​ទូរស័ព្ទ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ អាជីវករ គាត់​មានការ​ទំនាក់ទំនង នៅ​ពេល​មាន​ហេតុការណ៍​អ្វី​កើតឡើង​​ដូច​ជា​តាម​កន្លែងលក់​មាស ដូរ​លុយ តាម​រោង​ម៉ាស៊ីនកិនស្រូវ ជាដើម៕
    ​