តំណាងរាស្ត្រ CNRP ២១នាក់ អវត្តមាន​ប្រជុំ​សភា​ថ្ងៃនេះ

ក្នុងចំណោម​សមាជិកសភា​គណបក្សប្រឆាំង​ចំនួន៥៥រូប មានតែ​សមាជិកសភា​ ៣៤ រូប ប៉ុណ្ណោះ ដែល​បាន​ចូលរួម​ប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី ៥ នីតិកាល​ទី ៥ ដើម្បី​ពិភាក្សា​ពី​សេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ។ សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន២១រូប ដែល​មិនបាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្ងៃនេះ ដោយសារតែ​តំណាងរាស្ត្រ​ខ្លះ​ជាប់​បំពេញភារកិច្ច​នៅក្រៅ​ប្រទេស  អ្នកខ្លះ​មាន​ជំងឺ និង​ខ្លះទៀត​មាន​បញ្ហា​ក្ដីក្ដាំ​ដែល​មិនអាច​ចូលមក​កម្ពុជា​វិញ​បាន។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា ក្នុងចំណោម​សមាជិកសភា​បក្សប្រឆាំង២១រូប ដែល​អវត្តមាន​នោះ ក្នុងនោះ​តំណាងរាស្ត្រ១២រូប មាន​លោក អេង ឆៃអ៊ាង  លោក គង់ បូរ៉ា លោកស្រី មូ សុខ​ហួរ និង​លោកស្រី ជូ​ឡុង សូ​មូរ៉ា ជាដើម កំពុង​បំពេញ​បេសកម្ម​នៅក្រៅ​ប្រទេស ដូចជា ប្រទេស​កាណាដា និង​អាមេរិក។

រីឯ​តំណាងរាស្ត្រ​ចំនួន៩រូប​ទៀត​កំពុង​នៅក្នុង​ប្រទេស ដែល​មិនបាន​ចូលប្រជុំ​សភា​នោះ ដោយសារតែ​អ្នកខ្លះ​មាន​ជំងឺ​ដូចជា​លោក គង់ សភា លោក ញ៉យ ចំរើន ត្រូវ​ត្រៀម​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស ហើយ​លោក ប៉ែន សុវណ្ណ កំពុង​ឈឺ​ធ្ងន់១ឆ្នាំ​មកនេះ និង​ខ្លះទៀត​ត្រូវ​ចុះ​ជួប​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន។ នេះ​បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ។

ជាការ​កត់សម្គាល់​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្សប្រឆាំង ដែល​បាន​រិះគន់ធ្ងន់ៗទៅកាន់​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​ព្រំដែន​នោះ កំពុងស្នាក់នៅ​ក្រៅប្រទេស​អស់​រយៈពេល​ច្រើន​ខែ​មកហើយ ក៏​មិនទាន់​ចូលមក​កម្ពុជា​វិញ ដើម្បី​បំពេញ​តួនាទី​តំណាងរាស្ត្រ​ដែរ ក្រោយពី​រដ្ឋាភិបាល​ព្រមាន​ចាប់ខ្លួន អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​លើ​បញ្ហា​ព្រំដែន​នេះ។ចំណែក​លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង មិនអាច​ចូលរួម​ប្រជុំ​សភា​បាន ដោយសារ​លោក​ត្រូវបាន​រដ្ឋសភា​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ ក្រោយពី​បានជា​ប់​ឈ្មោះ​ជា «ទណ្ឌិត»ពាក់ព័ន្ធ​នឹង​បញ្ហា​ក្ដីក្ដាំ​រវាង​លោក ជាមួយ​លោក ហោ ណាំហុង និង​បទចោទប្រកាន់​ជា​បន្ដបន្ទាប់​ទៀត ពាក់ព័ន្ធ​នឹង​ករណី​លោក ហុង សុខ​ហួរ និង​ការ​បរិហាកេរ្តិ៍​ប្រធានរដ្ឋសភា​ជាដើម៕