ក្រុមហ៊ុន URBAN ARCHITECTURE ផ្ដល់ថវិកា ១៦,០០០ដុល្លារ ដល់អង្គការ ភូមិកុមារ អរុណរះកម្ពុជា

ភ្នំពេញ៖ លោក កេត សុន្ធរៈ តំណាងអគ្គនាយកក្រុមហ៊ុន CTS Group និងជាតំណាងក្រុមហ៊ុន URBAN ARCHITECTURE នៅថ្ងៃទី១៥ ខែធ្នូនេះ លោកបានប្រគល់ថវិការចំនួន ១៦,០០០ដុល្លារអាមេរិក ដល់អង្គការភូមិកុមារអរុណរះកម្ពុជា ដើម្បីជាការរួមចំណែកជួយសម្រួល ដល់ចំណាយផ្សេងៗ នៅក្នុងអង្គការក្រៅរាជរដ្ឋាភិបាលមួយនេះ ។

លោក កេត សុន្ធរៈ បានមានប្រសាសន៍ថា ថវិការខាងលើ គឺទទួលបានពីការរៀបចំ កម្មវិធីជិះកង់សប្បុរសធម៌ (Fun Race for Orphans) កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅ ហើយមានក្រុមហ៊ុនជាច្រើន បានបរិច្ចាគថវិការ ដើម្បីជួយដល់ការងារសង្គម ពិសេសគឺអង្គការភូមិ កុមារអរុណរះកម្ពុជា ដែលកំពុងជួបការខ្វះខាត ក្នុងការជួយកុមារក្រីក្រ និងកុមារកំព្រាជាច្រើនផងនោះ ។

ក្រុមហ៊ុនដែលចូលរួម ជាថវិកាសប្បុរសធម៌ រួមមានក្រុមហ៊ុន, Dynamic Pharma, ក្រុមហ៊ុន J&L Property Development, ធនាគារ FTB, Highbrand tech, SCPC Automation, Legend Management, Shukaku Inc, ទឹកបរិសុទ្ធVital, LCH Investment, Attwood Import Export, iOne, EM Construction Import Export, Power Equipment, 5 Siblings Rock Mining, Central Park Sports Complex, Phnom Penh Precast Plants, ការិយាល័យមេធាវី Sok Siphana និងសាលា Karate Do-Shotokan Academy ។ លោកបន្ដថា ចំពោះថវិកា លក់សំបុត្រ គឺទទួលបានតែ ៨៩៥ដុល្លារប៉ុណ្ណោះ ដូច្នេះក្រុមហ៊ុន CTS ក៏បន្ថែម ៦០៥ដុល្លារ ពីលើថវិការទទួល បានពីក្រុមហ៊ុននានា ទើបគ្រប់ចំនួន ១៦,០០០ដុល្លារ ជូនដល់អង្គការភូមិកុមារអរុណរះកម្ពុជា ។ លើសពីនេះ ក្រុមហ៊ុនបានប្ដេជ្ញាចិត្តថា នឹងរៀបចំកម្មវិធីសប្បុរសធម៌បែបនេះជារៀងរាល់ឆ្នាំ ដើម្បីចូលរួមជួយ ក្នុងកិច្ចការសង្គមឲ្យបានច្រើន ។

ជាការឆ្លើយតបលោកស្រី  Geraldine Cox ប្រធានអង្គការភូមិកុមារអរុណរះកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន URBAN ARCHITECTURE និងក្រុមហ៊ុនសប្បុរសនានា ដែលជួយដល់អង្គការលោកស្រី ។ ចំនួនទឹកប្រាក់នេះ គឺជាចំនួនដ៏ច្រើនបំផុត ដែលអង្គការពុំធ្លាប់ទទួលបាន ពីស្ថាប័នណាមួយឡើយ ដូច្នេះលោកស្រីនឹងប្រើប្រាស់ថវិកានេះ សាងសង់អគារមជ្ឈមណ្ឌលសិក្សាដ៏ស្រស់ស្អាត ១ខ្នង ដើម្បីផ្តល់ការអប់រំប្រកបដោយគុណភាព និងឥតគិតថ្លៃ ព្រមទាំងការអភិវឌ្ឍន៍ផ្នែករាងកាយ និងស្មារតី ដល់កុមារក្រីក្រតូចៗ ចាប់ពីអាយុ២-៥ឆ្នាំយ៉ាងតិចចំនួន  ១០០នាក់ មកពីសហគមន៍ ជុំវិញអង្គការភូមិកុមារអរុណរះកម្ពុជា ខេត្តកណ្តាល៕

ក្រុមហ៊ុន URBAN ARCHITECTURE ផ្ដល់ថវិកា ១៦,០០០ដុល្លារ ដល់អង្គការ ភូមិកុមារ អរុណរះកម្ពុជា

ក្រុមហ៊ុន URBAN ARCHITECTURE ផ្ដល់ថវិកា ១៦,០០០ដុល្លារ ដល់អង្គការ ភូមិកុមារ អរុណរះកម្ពុជា