ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​សម្រេចចិត្ត​បិទទ្វារ​សាលារៀន​ដោយ​លើក​ឡើង​ពី​ការ​គំរាមកំហែង​ភេរវកម្ម

អាជ្ញាធរ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​កាលពី​ថ្ងៃ​ទី​១៥ ធ្នូ បាន​ចេញ​បញ្ជា​ឱ្យ​បិទទ្វារ​សាលារៀន​សាធារណៈ​ទាំងអស់ ។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រកាស​ពី​ការ​គំរាមកំហែង​គួរ​ឱ្យ​ជឿជាក់​មួយ​សំដៅលើ​អគារសិក្សា​ជា​ច្រើន អ្នក​ទទួលខុសត្រូវ​សហរដ្ឋ​អា​េ​ម​រិ​កមួយ​ចំនួន​ក៏​ចាប់ផ្តើម​គូសបញ្ជាក់​ពី​រឿង​នេះ​ដែរ ។

សាលារៀន​សាធារណៈ​ជិត​១.០០០​របស់​ទីក្រុង​នៃ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​នេះ ដែល​តាម​ពេល​ធម្មតា​ទទួល​សិស្ស​ដល់​ទៅ​៦៧០.០០០​នាក់ នៅ​តែ​បិទទ្វារ​នា​ថ្ងៃ​ទី​១៥ ធ្នូ រួច​ប្រតិបត្តិការ​ឆែកឆេរ​ដ៏​ទូលំទូលាយ​មួយ​ត្រូវ​បាន​ធ្វើ​ក្នុង​អគារសិក្សា​ទាំងនោះ ។ វា​ជា​លើក​ដំបូង​ចាប់តាំងពី​មួយ​ទស​វត្ស​មក​ហើយ ដែល​មានការ​អនុវត្ត​សេចក្តី​សម្រេចចិត្ត​បែប​នេះ ។

អាជ្ញាធរ​មូលដ្ឋាន​គូសបញ្ជាក់​ថា បាន​ទទួល​ការ​គំរាមកំហែង​អេ​ឡិច​ត្រូ​និក​មួយ ដែល​លើក​ឡើង​ពី​សន្តិសុខ​ក្នុង​បណ្តា​សាលារៀន ។ លោក RAMON CORTINES អ្នក​ទទួលខុសត្រូវ​លើ​បណ្តា​គ្រឹះស្ថានសិក្សា​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស អះអាង​ថា​វា​ពុំ​មែន​ជា​ការ​គំរាមកំហែង​ទាក់ទិន​នឹង​សាលា​មួយ សាលា​ពីរ ឬ​សាលា​បី​ឡើយ​។ ការ​គំរាមកំហែង​សំដៅ​សាលា​ជា​ច្រើន​ដែល​ពុំ​មានការ​បញ្ជាក់​ច្បាស់ ។ នេះ​ជា​ហេតុផល​ដែល​ខ្ញុំ​សម្រេច​ប្រកាស​បិទ​សាលា​សាធារណៈ​ទាំងអស់​។ ខ្ញុំ​មិន​ប្រថុយឱ្យ​បណ្តា​កុមារ​យើង​នាំ​មក​កាន់​សាលា បើ​ដរាបណា​ខ្ញុំ​ពុំ​ទាន់​ប្រាកដ​ថា ពួក​គេ​មាន​សន្តិសុខ​ទេ​នោះ ។

កាលពី​២​ស​ប្តា​ហ៍​មុន គឺ​នា​ថ្ងៃ​ទី​២ ធ្នូ ខ្មាន់កាំភ្លើង​២​នាក់​បាន​សម្លាប់​មនុស្ស​១៤​នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​សង្គម​មួយ​នៃ​ទីក្រុង SAN BERNARDINO រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ។ នេះ​ជា​ការ​បាញ់​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​នៅ​សហរដ្ឋអាមេរិក​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​២០១២​មក ។

នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក អុ​ី​ម៉ែ​ល​នានា​ដែល​ធ្វើការ​គំរាមកំហែង​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ត្រូវ​គេ​ធ្វើ​មិនដឹងមិនឮ ។ អាជ្ញាធរ​ក្រុង​នេះ​យល់​ថា ការ​គំរាមកំហែង​ទាំងនោះ​ពុំ​មាន​អ្វី​គួរ​ឱ្យ​ជឿជាក់​ឡើយ ។ លោក BILL BRATTON ប្រមុខ​ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក បន្ទាប់​ពី​ការ​ប្រកាស​របស់​ប៉ូលិស​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​ពី​ការ​សម្រេច​បិទទ្វារ​សាលារៀន បាន​រិះគន់​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​ថា មាន​ប្រតិកម្ម​ខ្លាំង​ជ្រុល ។ ទោះជា​រឿង​លេងសើច​មួយ ឬ​ក៏​ពួក​ភេរវ​ករ​ពួក​គេ​គ្រាន់តែ​ធ្វើការ​បំភិតបំភ័យ និង​ធ្វើ​ឱ្យ​ស្ទះ​ដល់​សកម្មភាព​ជា​ទម្លាប់​ប៉ុណ្ណោះ ។

នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស វិធានការ​បិទទ្វារ​ទាក់ទិន​នឹង​សាលា​សាធារណៈ​ជិត​១.០០០ ដែល​ការ​ត្រួតពិនិត្យ​ត្រូវធ្វើ​ពេល​រង់ចាំ​បើកទ្វារ​ឡើង​វិញ ។ សាលា​រដ្ឋ​មួយ​ចំនួន​ក៏​ដូច​ជា​បណ្តា​សាលា​ឯកជន​នៅ​បន្ត​បើកទ្វារ ។

ការ​គំរាមកំហែង​មាន​ក្នុង​សារ​អេ​ឡិច​ត្រូ​និក​មួយ​បញ្ជូន​តាម​រយៈ​អា​ស័​យ​ដ្ឋា​ន IP នៅ FRANCFORT ប្រទេស​អា​ល្លឺ​ម៉​ង់ ក៏​ប៉ុន្តែ​តាម​ពិត​អាច​ចេញ​នៅ​សហរដ្ឋ​អា​េ​ម​រិ​ក​តែ​ម្តង ។ អភិបាលក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស លោក ERIC GARCETTI និយាយ​ថា លោក​គាំទ្រ​សេចក្តីសម្រេច​ចិត្ត​របស់​លោក RAMON CORTINES ហើយ​ប្រមុខ​ប៉ូលិស​ទីក្រុង​នេះ លោក CHARLIE BECK វាយតម្លៃ​ថា គេ​មិន​ត្រូវ​ចាប់អារម្មណ៍​លើ​ពាក្យ​រិះគន់​ទាំងឡាយ​ឡើយ ពេល​គេ​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​មួយ ដែល​អាច​ច្បាស់​បំផុត​សម្រាប់​បណ្តា​គ្រឹះស្ថានសិក្សា​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ។ លោក​និយាយ​ថា សារ​គំរាមកំហែង​រៀបរាប់​ពី​បណ្តា​កាំភ្លើង​វាយលុក និង​អាវុធ​ឯទៀត​ៗ​ក៏​ដូច​ជា​ការ​ប្រើ​គ្រឿងផ្ទុះ ។

ប្រភព​មួយ​ជិតដិត​នឹង​ប៉ូលិស​ថ្លែងប្រាប់​រ៉​យ​ទ័​រថា អាជ្ញាធរ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​សបាន​ចេញ​បញ្ជា​ឱ្យ​បិទទ្វារ​សាលារៀន ដោយ​ពុំ​បាន​ពិគ្រោះ​ជា​មុន​ជាមួយ FBI ដែល​ធ្វើ​រាល់​ការ​ស៊ើបអង្កេត​ទាក់ទិន​នឹង​ភេរវកម្ម​ឡើយ ៕