អ​.​ស​.​ប ចាប់ផ្តើម​ដំណើរការ​ជ្រើសរើស​អ្នក​បន្ត​តំណែង​ពី​លោក​បាន គី​មូ​ន

កាលពី​ថ្ងៃ​ទី​១៥ ធ្នូ អ​.​ស​.​ប ប្រកាស​ជា​ផ្លូវការ​ពី​ការ​ចាប់ផ្តើម​ដំណើរការ​ជ្រើសរើស​អគ្គលេខាធិការ​ថ្មី​របស់​ខ្លួន ដែល​ការ​ជ្រើសរើស​នេះ​នឹង​មាន​តម្លាភាព​ជាង​ពី​ពេល​កន្លង​ទៅ ។

អគ្គលេខាធិការ អ​.​ស​.​ប បច្ចុប្បន្ន​លោក​បាន គី​មូ​ន ត្រូវ​បញ្ចប់​អាណត្តិ​ទី​២ និង​ជា​អាណត្តិ​ចុង​ក្រោយ​របស់​លោក​រយៈពេល​៥​ឆ្នាំ​នា​ដំណាច់ឆ្នាំ​២០១៦ រួច​ការ​ស្វែងរក​បន្តវេន​ពី​លោក​ចាប់ផ្តើម​ធ្វើ​ហើយ ។

ក្នុង​សារលិខិត​រួម​១​ច្បាប់ ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក លោកស្រី SAMANTHA POWER និង​ប្រធាន​មហាសន្និបាត អ​.​ស​.​ប ជនជាតិ​ដា​ណឺ​ម៉ាក លោក MOGENS  LYKKETOFT បាន​ស្នើ​ជា​លើក​ដំបូង​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​ឱ្យ​បង្ហាញ​បេក្ខជន​របស់​ពួក​គេ​សម្រាប់​តំណែង​នេះ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

លោក LYKKETOFT អះអាង​ប្រាប់​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ថា សារលិខិត​នេះ​ត្រូវ​បាន​បញ្ជូន​ដល់​ប្រទេស​ទាំង​១៩៣ ជា​សមាជិក អ​.​ស​.​ប ។ ឈ្មោះ និង​ប្រវត្តិរូប​សង្ខេប​របស់​បណ្តា​បេក្ខជន​នឹង​ត្រូវ​ចេញផ្សាយ​ជា​សាធារណៈ ហើយ​បេក្ខជន​ទាំងនេះ​នឹង​ត្រូវ​ឆ្លងកាត់​ការ​ពិភាក្សា​គ្នា​នានា ។ ក្រុមប្រឹក្សាសន្តិសុខ​នឹង​ចាប់ផ្តើម​ធ្វើការ​ជ្រើសរើស​នា​ដំណាច់ខែ​កក្កដា​ខាង​មុខ​នេះ ហើយនឹង​ជម្រាប​ដល់​មហាសន្និបាត អ​.​ស​.​ប  ឱ្យ​បាន​ឆាប់​នូវ​អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​អាច​ឱ្យ​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​រៀបចំ​ខ្លួន​ឡើង​កាន់​តំណែង​ថ្មី​នេះ ។

សារលិខិត​នោះ​បញ្ជាក់​ថា បណ្តា​នារី​ក៏​ស្នើ​ឱ្យ​ឈរឈ្មោះ​ស្មើភាព​នឹង​បុរស​ដែរ ។ លោក LYKKETOFT អះអាង​ថា តើ​អាច​មាន​នារី​ម្នាក់​ក្លាយជា​អគ្គលេខាធិការ អ​.​ស​.​ប ដំបូង​គេ​ដែរ​ទេ0x017d7 មនុស្ស​ជា​ច្រើន​ចង់ឱ្យ​នារី​ម្នាក់​ក្លាយជា​អគ្គលេខាធិការ អ​.​ស​.​ប ម្តង បន្ទាប់​ពី​អគ្គលេខាធិការ​៨​រូប ហើយ​សុទ្ធតែ​ជា​បុរស ។ ការ​ជ្រើសរើស​ក៏​ត្រូវ​ប្រកាន់​ប្រពៃណី​គិត​ទៅ​តាម​តំបន់​ដែរ ពោល​គឺ​ប្តូរ​វេន​គ្នា​ទៅ​តាម​ភូមិសាស្ត្រ ។

ប្រសិនបើ​គេ​អនុវត្ត​តាម​គោលការណ៍​នេះ បន្ទាប់​ពី​ជនជាតិ​កូរ៉េ​ខាងត្បូង លោក​បាន គី​មូ​ន និង​ជនជាតិ​ហ្គា​ណា លោក​កូ​ហ្វី អាណា​ន់ តំណែង​នោះ​លើក​នេះ​ដល់​វេន​អឺរ៉ុប​ខាងកើត ។ ពិសេស​ប្រទេស​រុ​ស្ស៊ី​គេ​ចង់បាន ប៉ុន្តែ​ក្នុង​សារលិខិត​ពុំ​បាន​បញ្ជាក់​ឡើយ ។

រូបភាព​រ៉ូ​បូ​មួយ​នៃ​អគ្គលេខាធិការ អ​.​ស​.​ប ដែល​គេ​ចង់បាន​ទាល់តែ​អ្នក​នោះ​ជា​មនុស្ស​មានគំនិត​ដឹកនាំ មាន​សមត្ថភាព​ខាង​ការ​គ្រប់គ្រង មានបទពិសោធន៍​ច្រើន​ខាង​ទំនាក់ទំនង​អន្តរជាតិ និង​មាន​ទេព​កោសល្យ​ខាង​ការទូត ព្រមទាំង​មាន​ជំនាញ​ខាង​ភាសា និង​ការ​ទាក់ទង ៕