រុ​ស្ស៊ី និង​អា​មេ​រិ​ក​ប្រកាស​ពី​កិច្ចប្រជុំ​សំខាន់​មួយ​ស្តី​ពី​ស៊ី​រី​នៅ​ក្រុង​ញូ​វ​យ៉​ក

ក្រោយ​ពី​ការ​ជួប​ពិភាក្សា​គ្នា​យ៉ាង​យូរ​នៅ​វិមាន​ក្រឹម​ឡាំង​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​ច​ន ឃ័​រ​រី និង​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ក្រុង​មូ​ស្គូ និង​ក្រុង​វ៉ា​ស៊ី​ន​តោន បាន​ប្រកាស​នា​ថ្ងៃ​ទី​១៥ ធ្នូ ពី​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់​មួយ​ស្តី​ពី​ស៊ី​រី​នា​ថ្ងៃ​ទី​១៨ ធ្នូ នៅ​ទីក្រុង​ញូ​វ​យ៉​ក ។

លោក​ច​ន ឃ័​រ​រី បាន​ពិភាក្សា​គ្នា​ជាមួយ​លោកពូ​ទី​ន​រយៈពេល​ដល់​ជាង​៣​ម៉ោង បន្ទាប់​ពី​ការ​ពិភាក្សា​យូរ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ រវាង​ប្រមុខ​ការទូត​រុ​ស្ស៊ី លោក​ស័​រ ហ្គេ​យ​ឡាវ​រ៉ូ​វ និង​សម​ភាគី​អា​មេ​រិ​ក ដែល​មក​បង្ហាញ​ពី​សំណើ​នានា​របស់​លោក ។

មហាអំណាច​ទាំង​២​ដែល​ជំរុញ​ដំណើរការ​ការទូត​លើ​បញ្ហា​ស៊ី​រី​ខិតខំ​ធ្វើ​ឱ្យ​មានការ​ខិតចូល​ជិត​គ្នា​នៃ​ជំហរ​បស់​ពួក​គេ​ដែល​ជួនកាល​ផ្ទុយ​គ្នា ហើយ​លោក​ឡាវ​រ៉ូ​វ បាន​ប្រកាស​ពី​ការ​ជួប​គ្នា​ថ្មី​កម្រិត​រដ្ឋមន្ត្រី​របស់​ក្រុម​អន្តរជាតិ​ស្តី​ពី​ស៊ី​រី​នា​ថ្ងៃ​ទី​១៨ ធ្នូ នៅ​ក្រុង​ញូ​វ​យ៉​ក ។

សន្និសីទ​នេះ​ដែល​លើក​ឡើង​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ ក៏​ប៉ុន្តែ​ពុំ​ទាន់​ប្រកាស​ជា​ផ្លូវការ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរការ​ក្រុង​វី​យែ​ន ។ ប្រទេស​១៧ ក្នុង​នោះ​រួម​មាន​រុ​ស្ស៊ី និង​អុ​ី​រ៉​ង់​ផង​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា លើ​ផែនទី​បង្ហាញផ្លូវ​នយោបាយ​មួយ​សម្រាប់​ស៊ី​រី ។

យោង​តាម​លោក​ឡាវ​រ៉ូ​វ និង​លោក​ឃ័​រ​រី ថា ក្រុង​មូ​ស្គូ និង​ក្រុង​វ៉ា​ស៊ី​ន​តោន ចង់ឱ្យ​មាន​ដំណោះស្រាយ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ដែល​ចែង​ពី​បណ្តា​គោល​ការណ៍​​មាន​ក្នុង​ឯកសារ​ក្រុង​វី​យែ​ន គឺ​សេចក្តីថ្លែងការណ៍​ក្រុង​វី​យែ​ន​ចុះ​ថ្ងៃ​ទី​៣០ តុលា និង​សេចក្តីថ្លែងការណ៍​ក្រុង​វី​យែ​ន​ចុះ​ថ្ងៃ​ទី​១៤ វិច្ឆិកា ។

ផែនទី​បង្ហាញផ្លូវ​ដែល​រៀបរៀង​នៅ​ទីក្រុង​វី​យែ​ន​គ្រោង​ឱ្យ​មានការ​ជួប​ចរចា​គ្នា​ចាប់ពី​ថ្ងៃ​ទី​១ មក​រា ទៅ​រវាង​តំណាង​ពួក​ប្រឆាំង និង​តំណាង​នៃ​របប​ស៊ី​រី​សម្រាប់​ការ​បង្កើត​រដ្ឋាភិបាលបណ្តោះអាសន្ន​មួយ ក្នុង​រយៈពេល​៦​ខែ និង​ការ​បោះ​ឆ្នោត​ក្នុង​រយៈពេល​១៨​ខែ ៕