លោក ហោ ណាំហុង ឆ្លើយតប​នឹង​ការប្រកាស​ប្តឹង​ពី​លោក​សួន​សេរី​រដ្ឋា ពាក់ព័ន្ធ​នឹង​សំណុំរឿង​បរិហារកេរ្តិ៍​

ភ្នំពេញ: ​ឆ្លើយតប​នឹង​ការប្រកាស​របស់លោក​សួន​សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ប្តឹង​រូបលោក​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ លោក​ហោ​ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បាន​បញ្ចេញ​ប្រតិកម្ម​តប ដោយ​លោក លើកឡើង​ដដែល​ថា លោក​សួន​សេរី​រដ្ឋា ធ្លាប់មាន​បញ្ហា​កន្លងមក ជាមួយ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​។ ក៏ប៉ុន្តែ​ពេលនេះ លោក​សួន​សេរី​រដ្ឋា ត្រូវបាន​លើកលែងទោស ហើយ​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ចូលរួម​ធ្វើ​នយោបាយ ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅ​កម្ពុជា​។​

​បន្ទាប់ពីចូលរួមពិធីបិទកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី៣ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥​ នៅរាជធានីភ្នំពេញ​ លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​មានប្រសាសន៍​បញ្ជាក់ថា "​នាពេល​កន្លងមកនេះ ខ្ញុំ​បាន​និយាយថា កុំ​ឲ្យ​គិតថា អត់​មាន​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ អត់​គណបក្ស​ច្រើន ចូល​បោះឆ្នោត​។ ខ្ញុំ​បាន​និយាយ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​ការបង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ក៏​ចូលរួម​។ អត់​មាន​បញ្ហា​អី​ទេ​"​។

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​បញ្ជាក់ថា "​ដោយសារ​កន្លងមក គាត់ ( លោក​សួន​សេរី​រដ្ឋា ) មាន​បញ្ហា​ជាមួយ​យុត្តិធម៌​ដែរ ចង់បាន​ឯកសារ​សួរ​ក្រសួងយុត្តិធម៌ គេ​មានអី​ខ្លះ ឯកសារ​ជា​ភស្តុតាង​?"​។

​អត្ថាធិប្បាយ​របស់លោក​ហោ​ណាំហុង ខាងលើនេះ បានធ្វើ​ឡើង ដើម្បី​ជាការ​ឆ្លើយតប​នឹង​លិខិត​របស់​គណបក្ស​អំណាច​ខ្មែរ ដែល​បានប្រកាសថា នឹងធ្វើ​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ប្រកាស​ពី​ការ​ចោទ​ប្រឹង​លោក​ហោ​ណាំហុង ពីបទ​បរិហាកេរ្តិ៍ លោក សួន​សេរី​រដ្ឋា និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ចំពោះ​គណបក្ស​អំណាច​ខ្មែរ​។​

​សេចក្តីប្រកាស​ចុះ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ គណបក្ស​អំណាច​ខ្មែរ បាន​លើកឡើងថា សម្តី​របស់លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស ដែល​បាន​និយាយ​កាលពីពេល​ថ្មីៗ​នេះ មាន​អត្ថន័យ ខ្លឹមសារ​បរិហាកេរ្តិ៍ លោក សួន​សេរី​រដ្ឋា ក៏ដូចជា ពាក្យសម្តី​មួយចំនួនទៀត ដែល​បង្កប់ន័យ​ញុះញង់​ឲ្យ​មហាជន និង​ពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស មានការ​រើសអើង​ចំពោះ​គណបក្ស​អំណាច​ខ្មែរ ដូចជា​ពាក្យ​ថា "​មាន​សមាជិក​ជា​ភេរ​វករ នៅក្នុង​គណបក្ស​អំណាច​ខ្មែរ​" ជាដើម​។​

​សូម​រម្លឹកថា ក្នុងអំឡុងពេល​បោះឆ្នោត កាលពី​ឆ្នាំ​២០១៣ តុលាការ​កម្ពុជា បាន​ចោទប្រកាន់ និង​កាត់ទោស​កំបាំងមុខ ដាក់ពន្ធនាគារ លើ​លោក​សួន​សេរី​រដ្ឋា និង​បក្ខពួក​យ៉ាងហោចណាស់ ២ នាក់ ក្នុង​សំណុំរឿង​ក្បត់ជាតិ និង​រារាំង​អ្នកបោះឆ្នោត ជាដើម​។

​ក៏ប៉ុន្តែ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានទូល​ថ្វាយ​ព្រះមហាក្សត្រ ស្នើសុំ​លើកលែងទោស​ដល់​លោក​សួន​សេរី​រដ្ឋា​។ លោក​សួន​សេរី​រដ្ឋាភិបាល ក៏បាន​ដាក់ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស អំណាច​ខ្មែរ ហើយ​លោក​បាន​វិល​ត្រលប់​ចូលក្នុង​ប្រទេស​កម្ពុជា កាលពី​ខែតុលា ឆ្នាំ​២០១៥៕​