ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ២០

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ២០

​កូន​របស់​អ្នក​ក្នុង​អាទិត្យ មាន​ទម្ងន់​ប្រហែលជា ២៩៧ ក្រាម និង​មាន​ប្រវែង​ប្រហែល​ជា ១៦,៥១ សង់ទីម៉ែត្រ គឺ​ប្រហែល​ប៉ុន​នឹង​ផ្លែ​ចេក​។ ក្នុង​សប្តាហ៍​ទី ២០ នេះ ជើង​របស់​កូន​អ្នក ប្រហែល​ជា​រួញ​ចូល តាម​ដង​ខ្លួនគេ ដែល​ជា​ហេតុ​ធ្វើឲ្យ​គ្រូពេទ្យ​ពិបាក នឹង​វាស់​ប្រវែង​កូន​អ្នណា​ស់​។​

​គេ​ចាប់ផ្តើម​លេប​អាហារ​ច្រើន ដែល​ជា​ប្រការ​ល្អ សម្រាប់​ប្រព័ន្ធ​ក្រពះ​ពោះវៀន​របស់គេ​។ កូន​របស់​អ្នក​ក៏​កំពុង​ផលិត meconium ដែល​ជា​សារធាតុ​ជំនួយ ដល់​ប្រព័ន្ធ​ពោះវៀន​របស់គេ ហើយ​អ្នកនឹង​ឃើញ​វា ពេល​គេ​ជុះ​លា​មកជា​លើកដំបូង​។ ចំពោះ​ទារក​មួយចំនួន នឹង​បញ្ចេ meconium តាំងពី​នោះ​ក្នុង​ពោះ ឬ​អំឡុង​ពេល​សម្រាល​។​។​

​ការផ្លាស់ប្តូរ​ជីវិតរ​បស់​អ្នក​
​សូម​ចូលរួម​អបអរសាទរ​! អ្នក​ឈានដល់​ចំណុច​ពាក់កណ្តាល នៃ​ការ​ពរ​ពោះ​របស់​អ្នក​ហើយ​។ កំពូល​ស្បូន​របស់​អ្នក ប្រហែល​ជា​ឡើង​ជិត​ដល់​រន្ធ​ផ្ចិត ហើយ​អ្នក​ក៏​ប្រហែលជា​ឡើង​ទម្ងន់​បាន ៤,៥ គីឡូ​កន្លះ​ដែរ​។ យ៉ាងណាមិញ អ្នក​ក៏​នឹង​ត្រូវ​ឡើង​គី​ឡូ ជា​រៀងរាល់​អាទិត្យ​ដែរ ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន ចំពោះ​ចំណីអាហារ ដែល​អ្នក​ទទួល​ទាន​។ ត្រូវ​ចាំ​ថា អ្នក​មិន​គួរ​ឡើង​គីឡូ​ច្រើន ឬ​មិន​ឡើង​គីឡូ​សោះ​នោះ​ទេ​។ ចូរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ថា​តើ អ្នក​គួរតែ​ឡើង​ប៉ុន្មាន​គី​ឡូ ក្នុង​មួយអាទិត្យ ទើប​សមស្រប​។​

​អំឡុង​ពេល​មាន​ផ្ទៃពោះ រាងកាយ​អ្នកត្រូវការ​ជាតិ​ដែក ច្រើន​ជាង​ធម្មតា ដែល​បំពេញ​តម្រូវការ​របស់​ឈាម និង​សម្រាប់​ការលូតលាស់​របស់​កូន និង​សុក​ផងដែរ​។ សាច់​ក្រហម គឺជា​ប្រភព​ដ៏​អស្ចារ្យ នៃ​ជាតិ​ដែក ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​។ ក្រៅពីនេះ នៅ​មាន​បន្លែ​គ្រប់​មុខ ស្ពៃ​ក្តោប ទឹក​ផ្លែ​ព្រូ​ន ទំពាំងបាយជូរ​ក្រៀម និង​គ្រាប់​ធញ្ញជាតិ​។​

​អ្វី​ដែល​អ្នក​គួរ​ធ្វើ ក្នុង​អាទិត្យ​នេះ​
​ថែរក្សា​ខ្លួន​អ្នក​ឲ្យបាន​ល្អ ដើម្បី​សុខភាព​អ្នក និង​កូន ពី​ព្រោះ​អ្នក​ដើរ​បាន​ពាក់កណ្តាល​ផ្លូវ ដូច្នេះ ត្រូវ​ខំ​ព្យាយាម​បន្តទៀត ដើម្បី​សុខភាព​កូន​របស់​អ្នក​។ អ្នក​ក៏​អាចបង្កើត​បរិយាកាស​រី​ក​រាយ ជាមួយ​នឹង​ស្វាមី​របស់​អ្នក​ផងដែរ ដូចជា ៖
•​    ​ដើរលេង​មាត់សមុទ្រ ដើម្បី​បន្ថយ​ស្ត្រេ​ស និង​បង្កើន​ភាពស្និទ្ធស្នាល​ឡើងវិញ​
•​    ​ទិញ​សម្លៀកបំពាក់​ស្អាតៗ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​
•​    ​រក​នឹក​ឈ្មោះ​ដាក់​ឲ្យ​កូន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។