ពលរដ្ឋ​និង​អាជីវករ​រង់ចាំ​ទិញ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អក​នៅ​កំពង់ឆ្នាំង

អាជីវករ និង​ពលរដ្ឋ​ដែល​មាន​បំណង​ទិញ​ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ ផ្អក បាន​បោះ​តង់​ស្នាក់នៅ និង​ត្រៀម​កន្លែង​ដាក់​ត្រី​ប្រហុក​នៅ​មាត់​ទន្លេ​កំពង់ផែ​ផ្សារ​ក្រោម។ ប៉ុន្តែ​ដោយសារ​ត្រី​មិន​ទាន់​សំបូរ​ខ្លាំង តម្លៃ​ត្រី​ស្ថិត​នៅ​ចន្លោះ​ពី ១.៤០០​រៀល ទៅ​ជាង ២.០០០​រៀល ក្នុង​១​គីឡូក្រាម​នៅ​ឡើយ។

ក្រុម​អាជីវករ និង​ពលរដ្ឋ​ត្រៀម​កន្លែង​ដាក់​ត្រី​ប្រហុក​ដែល​ខ្លួន​នឹង​ទិញ​យក​ទៅ​លក់​បន្ត ឬ​ទុក​ហូប​ប្រចាំ​ឆ្នាំ កើត​មាន​មួយ​ថ្ងៃ​ក្រោយ​រដ្ឋបាល​ជលផល​ប្រកាស​ថា ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០១៥-​២០១៦ នៅ​ដង​ទន្លេសាប​អាច​រក​ត្រី​បាន​ច្រើន​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ បើ​ផ្ទៃ​មេឃ​ស្រឡះ​ល្អ និង​គ្មាន​ភ្លៀង​កក់ខែ។

អាជីវករ​ម្នាក់​មក​ពី​ខេត្ត​ត្បូងឃ្មុំ ដែល​កំពុង​រៀបចំ​កន្លែង​ដាក់​ត្រី​ដោយ​ក្រាល​កៅស៊ូ​តង់​ផ្ទាល់​ដី និង​ជីក​បង្គោល​ប្រក់​កៅស៊ូ​ពី​លើ​ដើម្បី​ការពារ​ទឹក​ភ្លៀង ឬ​កម្ដៅ​ថ្ងៃ គឺ​លោក កង វឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ថា ប្ដី​ប្រពន្ធ​លោក និង​អ្នក​ស្រុក​ពញាក្រែក ៥​នាក់​ផ្សេង​ទៀត បាន​មក​ដល់​ខេត្ត​កំពង់ឆ្នាំង តាំង​ពី​ពីរ​ថ្ងៃ​មុន ហើយ​ទើប​ជួល​ដី​រៀបចំ​កន្លែង​ដាក់​ត្រី និង​រង់ចាំ​ទិញ​ត្រី​នៅ​មាត់​ច្រាំង​តាំង​ពី​ព្រឹក។

លោក កង វឿន៖ «គោលបំណង​ទិញ​ត្រី​ធ្វើ​ប្រហុក​ទៅ​លក់​ក្នុង​មួយ​នាក់ ៣​តោន ឬ ៤​តោន តាម​ត្រី​ត្រូវ​ច្រើន ឬ​ត្រូវ​តិច។ អ្នក​នៅ​ក្បែរ​ខេត្ត​កំពង់ឆ្នាំង អត់​ទាន់​ឡើង​មក ព្រោះ​ត្រី​អត់​ទាន់​ត្រូវ ទាល់​តែ​ត្រី​ត្រូវ​ខ្លាំង​បាន​គេ​ឡើង​មក​ទាំង​ឡានៗ។ … ព្រោះ​ដឹង​ខែ​ហ្នឹង​ខែ​ត្រី​ត្រូវ​ធ្លាប់​មក»

លោក កង វឿន បញ្ជាក់​ថា លោក​ត្រៀម​ប្រាក់​បី​ពាន់​ដុល្លារ​ទិញ​ត្រី​ធ្វើ​ប្រហុក​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​លោក​មិន​ដឹង​ថា ទិញ​បាន​ប៉ុន្មាន​គីឡូក្រាម​នោះ​ទេ បើ​ត្រី​នៅ​ថ្លៃ និង​មិន​សម្បូរ​ដូច​នេះ។ លោក​នឹង​រង់ចាំ​ទិញ​ត្រី​រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ក្រែង​មាន​ត្រី​ច្រើន ហើយ​តម្លៃ​ត្រី​ល្អិត​មិន​ទាន់​ធ្វើ​រួច​នៅ​ក្រោម ១​ពាន់​រៀល និង​ត្រី​ប្រហុក​ប្រភេទ​លេខ​១ ធ្វើ​រួច​អាច​ចុះ​នៅ​ត្រឹម ២.៤០០​រៀល​ក្នុង​១​គីឡូក្រាម លោក​នឹង​ទិញ។

ចំណែក​អាជីវករ​ម្នាក់​ទៀត គឺ​លោកស្រី ឈឹម ផល ប្រាប់​ថា បើ​ទោះ​បី​ជា​ត្រី​ឆ្នាំ​នេះ​ថ្លៃ ឬ​ថោក​ក៏​គាត់​នៅ​តែ​ទិញ ដើម្បី​ធ្វើ​ប្រហុក និង​ផ្អក​ទុក​លក់​តាម​ផ្សារ​នៅ​ឆ្នាំ​ក្រោយ។ លោកស្រី​ថា រយៈពេល ៦​ឆ្នាំ​ហើយ​ដែល​លោកស្រី​មាន​មុខ​របរ​លក់​ប្រហុក ដោយ​មក​ទិញ​ត្រី​នៅ​កំពង់ផែ​ផ្សារ​ក្រោម យក​ទៅ​ធ្វើ៖ «ដាក់​លុយ​មក​ប្រុង​ទិញ​ឲ្យ​បាន​ ៣​តោន ដល់​ត្រី​ថ្លៃ​ទិញ ២​តោន​អី​ទៅ។ លក់​តាម​ហ្នឹង​ទៅ លៃ​ឲ្យ​ចំណេញ។ ផ្អក​ជូរ​លក់​បាន ៥​ពាន់ ៨​ពាន់ បើ​ប្រហុក​លក់​បាន ៥​ពាន់​អី​ដែរ»

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សោម ភិរុណ មិន​ទាន់​ហ៊ាន​អះអាង​ថា ត្រី​នៅ​ឆ្នាំ​នេះ​សម្បូរ ឬ​មិន​សម្បូរ​កម្រិត​ណា​នោះ​ទេ។ ប៉ុន្តែ​លោក​ថា បញ្ហា​កម្រិត​ទឹក​ទន្លេ​ទាប​នៅ​ឆ្នាំ​នេះ ត្រី​មិន​សូវ​ធំធាត់​ច្រើន​នោះ​ទេ៖ «ខ្ញុំ​មើល​ជាក់​ស្ដែង គឺ​ថា ត្រី​ឆ្នាំ​នេះ​មិន​សូវ​ធំ​ទេ ដោយសារ​ត្រី​ខ្វះ​ចំណី ខ្វះ​ជម្រក ព្រោះ​ទឹក​អត់​លិច ព្រៃ​លិច​ទឹក អ៊ីចឹង​វា​នៅ​តែ​ក្នុង​ទន្លេ វា​អត់​មាន​ចំណី​ទេ ដល់​អ៊ីចឹង​វា​ធំ​ទៅ​តាម​យថាកម្ម​របស់​វា ដោយសារ​កត្តា​ទឹក»

យ៉ាង​ណា​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើ​វិស័យ​ជលផល និង​អ្នក​ប្រកប​មុខ​របរ​នេសាទ​អះអាង​ថា ទិន្នផល​ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក​នៅ​ឆ្នាំ​នេះ អាច​មាន​ការ​ថយ​ចុះ​ច្រើន ព្រោះ​ប្រជា​នេសាទ​ដែល​ធ្លាប់​ចាប់​ត្រី​បាន​ចន្លោះ​ពី ១៥ ទៅ ២០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ធ្លាក់​ចុះ​មក​ចន្លោះ​ពី​៥ ទៅ​៨​គីឡូក្រាម​ប៉ុណ្ណោះ បើ​ប្រៀបធៀប​រយៈ​ពេល​នៃ​ថ្ងៃ​ត្រី​ត្រូវ​ដូច​គ្នា​នោះ។

ប្រជាពលរដ្ឋ ឬ​អាជីវករ​ដែល​មាន​បំណង​ធ្វើ​ត្រី​ប្រហុក ឬ​ផ្អក អាច​មក​រក​ទិញ​នៅ​តាម​កំពង់ផែ​ផ្ទាល់។ ទីតាំង​ទាំង​នោះ​មាន​នៅ​កំពង់ផែ​កំពង់ប្រាសាទ និង​នៅ​កំពង់ផែ​កំពង់ត្រឡាច​ក្រោម នៃ​ស្រុក​កំពង់ត្រឡាច ឬ​អាច​ទៅ​កំពង់ផែ​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង និង​នៅ​កំពង់ផែ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។