ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​បញ្ឈប់​ឡាន​ដឹក​ដី​ធ្វើ​ឲ្យ​ខូច​ផ្លូវ

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​ឡាន​ដឹក​ដី ដែល​បំផ្លាញ​ផ្លូវ ធ្វើ​ឲ្យ​ពិបាក​ធ្វើ​ដំណើរ​ឆ្លង​កាត់ និង​មាន​ដី​ហុយ តែ​ម្ចាស់​ឡាន​ដឹក​ដី បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរអណ្ដូង១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ត្អូញត្អែរ​ពី​បញ្ហា​ធូលី​ដី និង​ការ​ពិបាក​ធ្វើ​ដំណើរ ដោយសារ​ផ្លូវ​ចាក់​បេតុង​មួយ​ខ្សែ​ដែល​ពួក​គាត់​ខំ​កសាង​នោះ កំពុង​រង​ការ​ខូចខាត នៅ​បន្ទាប់​ពី​មាន​ឡាន​ដឹក​ដី​ឆ្លង​កាត់​ជាច្រើន​ជើង​ក្នុង​មួយ​ថ្ងៃៗ។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ យឹម សាវុធ លើក​ឡើង​ថា រយៈពេល​ប្រមាណ ៤​ខែ​ហើយ​ដែល​ឡាន​ធំៗ ដឹក​ដី​យក​ទៅ​ចាក់​នៅ​តំបន់​ភូមិ​អូរអណ្ដូង១ នោះ ហើយ​បណ្ដាល​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​ខូចខាត​ផ្លូវ ពិបាក​ធ្វើ​ដំណើរ និង​រស់នៅ៖ «ដឹក​ហុយ បាក់​បែក​ខូចខាត​គ្មាន​អ្នក​ណា​ទទួល​ខុស​ត្រូវ​ឡើយ។ អ៊ីចឹង​គ្នា​អ្នក​រស់នៅ​ទីនេះ រស់នៅ​ម៉េច​បាន? ប៉ះពាល់​បរិស្ថាន គ្រោះថ្នាក់​ចរាចរណ៍ ពេល​ភ្លៀង​វិញ​ពិបាក​ធ្វើ​ដំណើរ​កាន់​តែ​ខ្លាំង សិស្ស​សាលា​ដួល​ច្រងាប់ច្រងិល»

ប្រជាពលរដ្ឋ​ផ្សេង​ទៀត គឺ​លោក ផេង ផល្លាប ឲ្យ​ដឹង​ដែរ​ថា ពួក​គាត់​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​ឡាន​ដឹក​ដី​ឯកជន​នោះ ដោយសារ​ក្រុមហ៊ុន​ឡាន​ដឹក​ដី​មិន​បាន​គោរព​ទៅ​តាម​ការ​សន្យា​ដែល​ថា ជួយ​សម្អាត និង​ជួសជុល​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​វិញ ប្រសិន​បើ​មាន​ការ​ខូចខាត៖ «សំណូមពរ​របស់​អ្នក​ភូមិ គឺ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ឡើង​វិញ ឬ​ក៏​ផ្អាក​ការ​ដឹក​តែ​ម្តង។ បើ​បន្ត​ដឹក គឺ​ក្រុមហ៊ុន​ត្រូវ​ដឹង​ថា តើ​ក្រុមហ៊ុន​ត្រូវ​ធ្វើ​អី​ដើម្បី​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បាន»

ទន្ទឹម​គ្នា​នេះ​ដែរ អនុប្រធាន​ភូមិ និង​មន្ត្រី​សង្កាត់​ព្រែកប្រា ក៏​មិន​ចង់​ឃើញ​វត្តមាន​ក្រុមហ៊ុន​ឡាន​ដឹក​ដី​នោះ​ដែរ ប៉ុន្តែ​ពួក​គាត់​គ្មាន​សមត្ថភាព​ទប់ស្កាត់​ឡើយ។ ឡាន​ដឹក​ដី​នោះ ដឹក​ដី​ពី​ទីក្រុង​ភ្នំពេញ យក​អាចម៍​ដី​ទៅ​ចាក់​នៅ​ដី​ឡូ​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​ព្រែកប្រា ដែល​អ្នក​ភូមិ​អះអាង​ថា ក្រុមហ៊ុន​នេះ​នឹង​ដឹក​ដី​រយៈពេល ២​ឆ្នាំ។

ម្ចាស់​ឡាន​ដឹក​ដី លោកស្រី សុផារី បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ។ លោកស្រី​ខំ​ប្រឹង​និយាយ​ទាំង​ទឹក​ភ្នែក​ថា កន្លង​មក ក្រុមហ៊ុន​ឡាន​ដឹក​ដី​តែង​តែ​ជួសជុល​ផ្លូវ​ដែល​ខូចខាត​វិញ​ជា​បន្តបន្ទាប់៖ «បើ​ដឹង​ថា​សង្កាត់ និង​វៀតណាម អស់​ហ្នឹង​ចិត្ត​ខ្មៅ ខ្ញុំ​មិន​ទទួល​កុងត្រា​គេ​ធ្វើ​ទេ។ ខ្ញុំ​ចាក់​ថ្ម​អស់​ប្រមាណ ៤ ទៅ ៥​ពាន់​ហើយ។ ប៉ុន្មាន​ថ្ងៃ​មុន ក៏​កៀរ​ដី​ចេញ​ស្អាត​ដែរ តើ​ខ្ញុំ​ចាក់​ដី​ប៉ុណ្ណឹង តើ​ខ្ញុំ​ចំណេញ​ប៉ុណ្ណា?»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គាត់​មិន​បាន​ហាម​ឃាត់​ការងារ​រក​ស៊ី​របស់​ក្រុមហ៊ុន​ឡាន​ដឹក​ដី​នោះ​ទេ ប៉ុន្តែ​សុំ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ។ ប្រជាពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា ម្ចាស់​ក្រុមហ៊ុន​នេះ​មាន​អំណាច ដែល​អាច​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ខណ្ឌ​នៅ​ពី​ក្រោយ​ខ្នង។ អ្នក​ភូមិ​រៀបរាប់​ថា ពេល​ព្រឹក​ធ្វើ​ឲ្យ​ស្ទះ​អ្នក​ដំណើរ មាន​សិស្សានុសិស្ស​ទៅ​សាលា​មិន​ទាន់។ រីឯ​អ្នក​ធ្វើ​ការ​វិញ ក៏​ខក​ម៉ោង​ដែរ។ នៅ​ពេល​យប់ ឡាន​ដឹក​ដី​នេះ​បាន​ដឹក​រហូត​ដល់​ជិត​ម៉ោង ១០​យប់ ដែល​រំខាន​ដល់​ការ​សម្រាក​របស់​អ្នក​ភូមិ និង​ដី​ហុយ។

ប្រជាពលរដ្ឋ​តែង​តែ​ចោទ​ក្រុម​ឡាន​ធំៗ​ដែល​ដឹក​ដី ខ្សាច់ គ្រួស ថ្ម ថា​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​គិត​ប្រយោជន៍​អ្នក​ដទៃ​ឡើយ ដោយ​ធ្វើ​ឲ្យ​ខូច​ផ្លូវ និង​ប៉ះពាល់​បរិស្ថាន។ ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ មាន​វិធានការ​ចំពោះ​ឡាន​ដឹក​ដី​ហៀរ​រឡិករឡាក់​ទាំង​នោះ ដើម្បី​ប្រយោជន៍​រួម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។