ប្រជាពលរដ្ឋ​ប្រមាណ​៥០នាក់​នាំគ្នា​តវ៉ាតុលាការ​សុំ​ឱ្យ​ដោះ​លែងបាតុករ​ម្នាក់

ខេត្តបន្ទាយមានជ័យ ៖ តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា មូលហេតុ​ដែល​ពួក​គាត់​ជាង​៥០​នាក់ នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ត​ក្នុង​គោលបំណង​សុំ​ឱ្យ​ដោះ​លែង​ឈ្មោះ ឆេ​ង ប៊ុ​ន​ហាក់ ភេទ​ប្រុស ដែល​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ត្រូវ​កម្លាំង​នគ​បាល​ឃាត់​ខ្លួន កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

នៅ​ពេល​ពួក​គាត់​ធ្វើ​ក្បួន​ដង្ហែ​តវ៉ា​សុំ​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត គឺ​លោក​ង៉ោ ម៉េ​ង​ជ្រួ​ន ចេញ​មុខ​ដោះស្រាយ​ជូន​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​លើ​ចំណី​ផ្លូវ​រថយន្ត​ភ្លើង ដែល​មិន​ទាន់​ដោះស្រាយ​គោលនយោបាយ ។

ហើយ​ទុក​រហូត​ដល់​ពេល​នេះ មិន​ទាន់​ទទួល​ដំណោះស្រាយ​ជា​រឿង​អយុត្តិធម៌ សម្រាប់​ប្រជាពលរដ្ឋ​ទើប​ធ្វើការ​តវ៉ា​ជុំវិញ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មាន​តំណាង​ប្រជាពលរដ្ឋ​ជាង​៥០​នាក់​។

តំណាង​រូប​នោះ​បាន​បន្ត​ថា ការ​ចាប់ខ្លួន​លោក​ឆេ​ង ប៊ុ​ន​ហាក់ ជា​រឿង​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ ដែល​ធ្វើការ​តវ៉ា​អហិង្សា​ត្រូវ​កម្លាំង​នគ​បាល​ឃាត់ខ្លួន ។ តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ត ដែល​មាន​លើក​បដា​ផង សុំ​ឱ្យ​ដោះ​លែង​លោក​ឆេ​ង ប៊ុ​ន​ហាក់ ដែល​ត្រូវ​សាលាដំបូង​ឃុំខ្លួន​ជា​រឿង​អយុត្តិធម៌​។

លោក ស៊ុំ ចាន់​គារ អ្នក​សម្រោប​សម្រួល​អា​ដ​ហុ​ក​ប្រចាំ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត គឺ​តវ៉ា​ដោយ​អហិង្សា​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់ ។ តែ​ត្រូវ​កម្លាំង​ឃាត់​ប្រជាពលរដ្ឋ​ម្នាក់ ទើប​ពួក​គាត់​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ត​សុំ​ឱ្យ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ ។

គួរ​កត់​សម្គាល់ថា លោក​ស៊ុំ ចាន់​គារ តែងតែ​ដឹកនាំ​ធ្វើ​បាតុកម្ម​ច្រើន​រូបភាព​មក​ហើយ ។ ធ្លាប់​ដឹកនាំ​បាតុកម្ម​រាប់​ឆ្នាំ​នៅ​ខេត្តកំពង់​ឆ្នាំង ធ្វើ​ឱ្យ​បាតុករ​រង​ទុក្ខទោស​មិន​តិច​នាក់​ទេ ។ ពេល​នេះ មក​បន្ត​នៅ​ខេត្តបន្ទាយមានជ័យ​ទៀត ដែល​ក្រុម​អ្នក​សង្កេតការណ៍​យល់​​​ថា គាត់​ជា​មេខ្លោង​ខាង​បាតុកម្ម​ទាមទារ ។