ប្រធានាធិបតី​ចិន​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី ផ្តោត​លើ​ការ​ពង្រឹង​ទំនាក់ទំនង

ពេល​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​លោក​ឌី​មី​ឌ្រី ម៉េ​ដ​វេ​ដេ​វ នៅ​ទីក្រុង WUZHEN ខេត្ត ZHEJIANG ភាគ​ខាងកើត​ចិន ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង សម្តែង​កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ពី​ក្តី​សង្ឃឹម​ពង្រឹង​ទំនាក់ទំនង​ចិន​-​រុ​ស្ស៊ី​នា​ឆ្នាំ​ខាង​មុខ ដើម្បី​នាំ​មក​នូវ​ផលប្រយោជន៍​នានា​ថែម​ទៀត​សម្រាប់​ប្រជាជន​ទាំង​២ ។

ដោយ​សរសើ​េ​រ​ចំពោះ​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​ឆ្នាំ​២០១៥ លោក​ស៊ី ថ្លែង​ថា សម​ភាគី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន និង​រូប​លោក​ផ្ទាល់​បាន​ព្រមព្រៀង​គ្នា​លើ​ការ​ធ្វើ​ឱ្យ​ស៊ីជម្រៅ​ថែម​ទៀត ដល់​ភាព​ជា​ដៃគូ​សម្របសម្រួល​យុទ្ធសាស្ត្រ និង​ទាំងស្រុង​ចិន​-​រុ​ស្ស៊ី ទោះបី​សភាពការណ៍​តំបន់ និង​អន្តរជាតិ​មានការ​វិវត្តន៍​បែប​ណា​ក្តី ។

លោក​បន្ត​ថា ចិន និង​រុ​ស្ស៊ី​ប្តេជ្ញា​ធ្វើការ​ខិតខំ​ប្រឹងប្រែង​រួម ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍន៍​រួម និង​ថែរក្សា​យុត្តិធម៌​អន្តរជាតិ សន្តិភាព និង​ស្ថេ​រ​ភាព​លើ​ពិភពលោក ។ ចិន និង​រុ​ស្ស៊ី​ត្រូវ​រួម​គ្នា​ស្វែងរក​គំនិត​ថ្មី​ៗ និង​បណ្តា​វិធានការ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទាំងឡាយ​ដូច​ជា​ពាណិជ្ជកម្ម វិនិយោគ កសិកម្ម សំណង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ផ្លាស់ប្តូរ​គ្នា​រវាង​ប្រជាជន​ទាំង​២ ។

ចំណែក​លោក​ម៉េ​ដ​វេ​ដេ​វ ថ្លែង​ថា រុ​ស្ស៊ី​រីករាយ​ចំពោះ​ការ​ពង្រីក​ទំនាក់ទំនង​កម្រិត​ខ្ពស់​រវាង​រុ​ស្ស៊ី និង​ចិន រួច​កត់សម្គាល់​ឃើញ​ការ​ជំរុញ​ជាប់​ជា​និច្ច​នូវ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​វប្បធម៌ ។ លោក​បន្ត​ថា រុ​ស្ស៊ី​សន្យា​ធ្វើ​ឱ្យ​ស៊ីជម្រៅ​ដល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន ក្នុង​វិស័យ​ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ហិរញ្ញវត្ថុ វិនិយោគ និង​បណ្តាញ​ព័ត៌មានវិទ្យា ។

លោក​ស៊ី និង​លោក​ម៉េ​ដ​វេ​ដេ​វ ស្ថិត​នៅ​ក្រុង WUZHEN ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​ពិភពលោក​ស្តី​ពី​អីុ​ន​ធើ​រ​ណេ​ត​លើក​ទី​២ រួច​លោក​ម៉េ​ដ​វេ​ដេ​វ ក៏​ចូលរួម​នា​ថ្ងៃ​ទី​១៥ ធ្នូ ក្នុង​កិច្ចប្រជុំ​ថ្នាក់​នាយក​រដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀង​ហៃ OCS លើក​ទី​១៤ នៅ​ទីក្រុង ZHENGZHOU ខេត្ត​ហ៊ឺ​ណា​ន់​ផង​ដែរ ៕