ប៉ាស្ទ័រ​កា​ណា​ដា​ម្នាក់​ត្រូវ​កាត់ទោស​ដាក់គុក​មួយ​ជីវិត​នៅ​កូរ៉េ​ខាងជើង

តុលាការ​កំពូល​កូរ៉េ​ខាងជើង​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ថា ប៉ាស្ទ័រ​កា​ណា​ដា​ម្នាក់​កើត​នៅ​ក្រុង​សេ​អ៊ូ​ល​កូរ៉េ​ខាងត្បូង ទទួល​ការ​កាត់ទោស​ជាប់គុក​អស់​មួយ​ជីវិត​ពី​បទ​ធ្វើ​សកម្មភាព​វិច្ឆេទកម្ម​នានា ។

អាយុ​៦០​ឆ្នាំ លោក HYEON SOO LIM ទទួល​ការ​ចោទប្រកាន់​ថា ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង ហើយ​បំផ្លាញ​ប្រព័ន្ធ​សង្គម​តាម​រយៈ​សកម្មភាព​សាសនា​នានា​ក្នុង​ប្រទេស​រយៈពេល​១៨​ឆ្នាំ​ចុង​ក្រោយ​នេះ ។

តុលាការ​កំពូល​កូរ៉េ​ខាងជើង​ក៏​ចោទប្រកាន់​លោក LIM ដែរ​ថា ចូលរួម​ជាមួយ​សហរដ្ឋ​អា​េ​ម​រិ​ក និង​កូរ៉េ​ខាងត្បូង​ក្នុង​សកម្មភាព​ចាប់បង្ខំ​នានា​ប្រឆាំង​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាងជើង ព្រមទាំង​ផលិត និង​ធ្វើ​ចរាចរណ៍​ឯកសារ​ឃោសនា​ភូត​កុហក​ផ្សេង​ៗ ដែល​ធ្វើ​ឱ្យ​បាក់មុខ​មាត់​របស់​ប្រទេស ។ លោក​ក៏​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ជួយ​ផ្តល់​ហិរញ្ញវត្ថុ និង​ជួយ​ដល់​ពួក​អ្នក​រត់ចោលស្រុក​ឱ្យ​ចាក​ចេញពី​ប្រទេស ។ លោក LIM នៅ​ជាប់ចោទ​ម្យ៉ាងទៀត​ពី​បទ​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរ​ដ្ខ​ទូត​សហរដ្ឋ​អា​េ​ម​រិ​ក​ប្រចាំ​ប្រទេស​ម៉ុង​ហ្គោ​លី ពី​បណ្តា​វិធានការ​ដែល​សំដៅ​នាំ​អ្នក​រត់ចោលស្រុក​មួយ​ចំនួន​ចេញពី​ប្រទេស​កាត់​តាម​ម៉ុង​ហ្គោ​លី ។

តុលាការ​កំពូល​កូរ៉េ​ខាងជើង​គូសបញ្ជាក់​ថា លោក LIM ទទួលស្គាល់​រាល់​បទឧក្រិដ្ឋ ហើយ​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​របស់​លោក ៕