ស្ថាប័ន​ចំនួន​បី ចុះហត្ថលេខា​ទទួល​ជំនួយ​ជាង ២ សែន​ដុល្លារ​ពី​រដ្ឋាភិបាល​ជប៉ុន​

ភ្នំពេញ: ក្រោម​គ្រោងការណ៍​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​( ជំនួយ​គូ​សាណូ​ណិ​) រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​សរុប​ចំនួន​២៦៨.២៤៨ ដុល្លារ ដល់​ស្ថាប័ន​ចំនួន​បី លើ​គម្រោង​ស្តារឡើងវិញ នៅ​ពោធិ៍សាត់ និង​ខេត្តព្រៃវែង​។​

​កិច្ចសន្យា​ផ្តល់ជំនួយ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​រប​ស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​តំណាង​ស្ថាប័ន​ទទួល​ជំនួយ​ទាំងបី​នៅ​ស្ថានទូត​ជប៉ុន នា​រសៀល​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៥​។​

​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ បាន​មានប្រសាសន៍ថា "​ថ្ងៃនេះ​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ ដើម្បី​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ជំនួយ​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​ចំនួន​បី​រួមមាន​៖ គម្រោង​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​អន្លុង​រូង ក្នុង​ខេត្តពោធិ៍សាត់ គម្រោង​ស្តារឡើងវិញ​ប្រឡាយ​រង​ស្តៅ ក្នុង​ខេត្តព្រៃវែង និង​គម្រោង​សាងសង់​ទីស្នាក់ការ​អភិរក្ស​តំបន់​ព្រៃ​ការពារ​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល ក្នុង​ខេត្តពោធិ៍សាត់​"​។​

​ស្ថាប័ន​ទទួល​ជំ​នួន​ទាំងបី​នោះ​រួ​មាន​៖

១)​ថវិកា​ចំនួន ៨៩.៧៧៥​ដុល្លារ​សម្រាប់​គម្រោង​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​អន្លុង​រូង ក្នុង​ខេត្តពោធិ៍សាត់ ផ្តល់ជូន ៖ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​។​គម្រោង​នេះ​រួមមាន​ការស្តារ​ប្រឡាយ​រង​១​ខ្សែ​ប្រវែង​២.១០០​ម៉ែត្រ ការសាងសង់​សំណង់​ក្បាល​ប្រឡាយ​រង​១​កន្លែង សំណង់​លូ​ជ្រុង​១​កន្លែង និង​សំណង់​លូ​បញ្ចេញ​ទឹក​៣​កន្លែង​។ យើង​រំពឹងថា​ប្រជាកសិករ​ប្រមាណ​ជា​១.៥០០​នាក់ នឹង​ទទួលបាន​ទឹក​ស្រោចស្រព​លើដី​ស្រែ​របស់​ពួកគាត់​កាន់តែច្រើន​បន្ទាប់ពី​គម្រោង​នេះ​ត្រូវ​បានបញ្ចប់​។​

២)​ថវិកា​ចំនួន​៨៩.៤២៣​ដុល្លារ​សម្រាប់​គម្រោង​ស្តារឡើងវិញ​ប្រឡាយ​រង​ស្តៅ ក្នុង​ខេត្តព្រៃវែង ផ្តល់ជូន​៖ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តព្រៃវែង​។ គម្រោង​នេះ​រួមមាន​ការស្តារ​ប្រឡាយ​រង​១​កន្លែង​ប្រវែង​២.២៥០​ម៉ែត្រ ការសាងសង់​សំណង់​បញ្ចូល​ទឹក​១​កន្លែង សំណង់​ស្ទាក់​ទឹក​១​កន្លែង និង​សំណង់​លូ​រំដោះ​ទឹក​២​កន្លែង​។ ជាមួយនឹង​គម្រោង​នេះ យើង​រំពឹងថា ប្រជាកសិករ​ប្រមាណ​១.០០០​នាក់ នឹង​ទទួលបាន​ទឹក​ស្រោចស្រព​លើដី​ស្រៃ​របស់​ពួកគេ បន្ទាប់ពី​គម្រោង​នេះ​ត្រូវ​បានបញ្ចប់​។​

៣) ថវិកា​ចំនួន​៨៩.០៥០​ដុល្លារ សម្រាប់​គម្រោង​សាងសង់​ទីស្នាក់ការ​អភិរក្ស​តំបន់​ព្រៃ​ការពារ​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល ក្នុង​ខេត្តពោធិ៍សាត់  ផ្តល់ជូន ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់​។ យើង​រំពឹងថា គម្រោង​នេះ នឹង​ផ្តល់ជូន​នូវ​ទីស្នាក់ការ​យាមល្បាត​មួយ​ខ្នង​ពីរ​ជាន់​ដែលមាន​១០​បន្ទប់​។ ទីស្នាក់ការ​នេះ នឹង​ជួយ​ពង្រឹង​នៃ​ការ​យាមល្បាត​ពី​ការកាប់​ព្រៃ​ខុសច្បាប់ ហើយនឹង​ផ្តល់​អត្ថប្រយោជន៍​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ពឹង​អាស្រ័យ​ផល​អនុផល​ព្រៃឈើ ប្រមាណ​ជា​៥.៤០០​គ្រួសារ​ផងដែរ​។​

​លោក​ទូត បានបញ្ជាក់​បន្ថែមថា "​ខ្ញុំ​សង្ឃឹមថា គម្រោង​ទាំងបី​នេះ ដែល​បាន​ចុះហត្ថលេខា​កិច្ចសន្យា​ផ្តល់ជំនួយ​នៅថ្ងៃនេះ នឹង​ត្រូវបាន​អនុវត្ត​យ៉ាង​រលូន​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ជាមួយ​ដៃគូ​របស់​យើង​។ ខ្ញុំ​សង្ឃឹមថា សំណង់​ខាងលើនេះ នឹងត្រូវ​បាន​ថែទាំ​យ៉ាង​ត្រឹមត្រូវ ដើម្បី​ឲ្យ​ប្រជាជន​កាន់តែច្រើន​អាច​ទទួលបាន​ពី​គម្រោង​ទាំងនេះ តាម​ដែល​អាចទៅរួច​"៕