ឃាត់ខ្លួន​ជនសង្ស័យ ៣ នាក់ ពីបទ​ហឹ​ង្សា​ចេតនា ដោយ​ដេញ​កាប់ មន្ត្រី​យោធា ដែល​ខំ​ទៅ​ឃាត់ កុំអោយ​ឈ្លោះ​គ្នា​

បន្ទាយមានជ័យ: មន្ត្រី​យោធា​ម្នាក់ ខំ​ទៅ​ឃាត់​ក្រុមស្ទាវ ២​ក្រុម កុំអោយ​ឈ្លោះ​គ្នា តែ​ត្រូវ​រងគ្រោះ​ត្រូវ​ក្រុម​នោះ ដេញ​កាប់​ទៅវិញ​។ ប៉ុន្តែ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​នោះ ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​។

​លោក ស៊ិន រ៉ាស៊ី មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ បានអោយដឹង កាលពី​ថ្ងៃទី​១៦​ធ្នូ​ថា ជនរងគ្រោះ ឈ្មោះ ទេព សា​មាន ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរ​ជា​យោធិន ក្នុង​កងពលតូច​ថ្មើរជើង​លេខ​៥១ រស់នៅក្នុង​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ប្តឹង​ជនសង្ស័យ​ចំនួន ៣​នាក់ ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​។​
   
​លោក​និយាយ​បន្តថា ជនសង្ស័យ​ទាំង ៣​នាក់​នោះ ១/​មានឈ្មោះ ជូន ហៀ​ង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​។ ២/​ឈ្មោះ ភួយ បរិបូ​ណ៍ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​។ ៣/​ឈ្មោះ នួន មុន្នី​ឬ​ទ្ធី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​។ អ្នក​ទាំង ៣​នាក់​នេះ រស់នៅក្នុង​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​
 
​នៅ​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥ ជនរងគ្រោះ​បាន​អង្គុយ​ហូបបាយ នៅមុខ​ផ្ទះ​ជាមួយ​ក្រុមគ្រួសារ ស្រាប់តែ​ពេលនោះ មាន​បុរស​ម្នាក់ បានមក​ប្រាប់​ឈ្មោះ ទេព សា​មាន ថា មាន​ក្រុមក្មេងស្ទាវ ២​ក្រុម ដេញ​វាយ​គ្នា​តាមផ្លូវ​។​
 
​ពេលនោះ ឈ្មោះ ទេព សា​មាន បានរ​ត់ទៅ​សួរនាំ​ក្មេង​ទាំង ២​ក្រុម​នេះ កុំ​ឲ្យ​ឈ្លោះ​គ្នា​។ ប៉ុន្តែ​ពេលនោះ ក្មេង​ទាំង ២​ក្រុម មិន​ស្តាប់ ហើយក៏​មក​បង្ករឿង​ជាមួយ​ជនរងគ្រោះ​។​
   
​ជនសង្ស័យ​ទាំង ៣​នាក់ បាន​យក​ដាវ​ស៊ាំ​ម៉ូ​រៃ កាប់​ទៅលើ​ឈ្មោះ ទេព សា​មាន ទាំង​កម្រោលចូល​។ ប៉ុន្តែ​ពុំមាន​របួសស្នាម​អ្វី​នោះទេ ព្រោះ​គេចផុត​។ ភ្លាមនោះ ជនដៃដល់ ក៏​គេចខ្លួន​បាត់អស់​។​
   
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​និយាយថា ករណីនេះ លោក​បាន​បញ្ជា​អោយ​លោក ស៊ិន រ៉ាស៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ព្រះនេត្រព្រះ បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវ​ជាវ ហើយ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៣ នាក់ នៅ​ថ្ងៃទី​១៥​ធ្នូ នៅ​ចំណុច​ភូមិ ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​
 
​ក្រោយ​ចាប់ខ្លួន និង​ជិត​បញ្ជូន​សំណុំរឿង ជនសង្ស័យ​ទាំង ៣​នាក់ បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​ដេញ​កាប់​ទៅលើ​ឈ្មោះ ទេព សា​មាន ព្រោះ​ខឹង​នឹង​ទៅ​ឈឺឆ្អាល និង​អុង​អាត់​មកឃាត់​ពួកខ្លួន ដែល​ឈ្លោះ​គ្នា​សោះ​។ កំលាំង​អាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​៕ 

ឃាត់ខ្លួន​ជនសង្ស័យ ៣ នាក់ ពីបទ​ហឹ​ង្សា​ចេតនា ដោយ​ដេញ​កាប់ មន្ត្រី​យោធា ដែល​ខំ​ទៅ​ឃាត់ កុំអោយ​ឈ្លោះ​គ្នា​

  • ឃាត់ខ្លួន​ជនសង្ស័យ ៣ នាក់ ពីបទ​ហឹ​ង្សា​ចេតនា ដោយ​ដេញ​កាប់ មន្ត្រី​យោធា ដែល​ខំ​ទៅ​ឃាត់ កុំអោយ​ឈ្លោះ​គ្នា​已关闭评论
  • 10 views
  • Hide Sidebar
    A+