លោក Jeb Bush ប្រឹង​ទិតៀន​បេក្ខជន​នាំមុខ ដូ​ណា​ល់ ត្រាំ រឿង​ហាម​ប្រជាជន​ម៉ូ​ស្លី​ម

​សំណើ​ហាម​ប្រជាជន​ម៉ូ​ស្លី​ម ​មិន​ឲ្យ​ចូល​ដី​អាមេរិក របស់​បេក្ខជន​នាំមុខគេ​ក្នុង​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់​ត្រាំ (Donald Trump) បានក្លាយ​ជា​រឿង​រសើប ​ក្នុង​ការជជែក​ដេញដោល​គ្នា​ ក្នុង​បក្ស​ជា​លើក​ទី​ថ្ងៃ​អង្គារ​ទី​១៥​ធ្នូ​នេះ​។ គេ​ឃើញ​បេក្ខជន​មួយចំនួន ​រួមទាំង​លោក ជេ​ប ប៊ុ​ស (Jeb Bush) ប្រឹង​ទិតៀន​លោក ដូ​ណា​ល់ ត្រាំ ខ្លាំងជាងគេ ​ដោយ​លោក​ហៅ​លោក ដូ​ណា​ល់ ត្រាំ ថា​ជាម​នុស្ស​ច្របូកច្របល់ ​គ្មាន​សណ្តាប់ធ្នាប់​។

​នៅ​ថ្ងៃ​អង្គារ​ទី ១៥​ខែធ្នូ  ការជជែក​ដេញដោល​គ្នា​ក្នុង​បក្ស​សាធារណរដ្ ឋ​បានចាប់ផ្តើម​ជា​លើកដំបូង​បំផុត​ ក្រោយ​ការវាយប្រហារ នៅ​ក្រុងប៉ារីស និង​នៅ San Bernardino ។ បញ្ហា​សន្តិសុខ​ បាន​ក្លាយជា​ប្រធានបទ​សំខាន់ ​និង​រសើប​បំផុត​ សម្រាប់​ការជជែក​ដេញដោល​គ្នា ​រវាង​បេក្ខជន​ប្រធានាធិបតី​។ បេក្ខជន​នាំមុខគេ​លោក ដូ​ណា​ល់ ត្រាំ រង​ការរិះគន់​ពី​សំ​ណាក់ដៃ​គូប្រជែង​ក្នុង​បក្ស​ខ្លាំង​ជា​គេ ក្រោយ​លើកសំណើហាម​រាល់​ប្រជាជន​ម៉ូ​ស្លី​ម​ ដែល​ចង់​ចូល​ទឹកដី​អាមេរិក ក្រោម​ហេតុផល​រក្សា​សន្តិសុខ​។

​ថ្វីបើ​សំណើ​លោក ដូ​ណា​ល់ ត្រាំ មាន​លក្ខណៈ​រើសអើង​ និង​បំពាន​សិទ្ធិ​សាសនា​ក៏ដោយ ​គេ​ឃើញថាការស្ទង់មតិ​អ្នកគាំទ្រ​លោក​ ក្នុងចំណោម​អ្នកគាំទ្រ​បក្ស​សាធារណរដ្ឋ​ មានការ​កើនឡើង​ហួស​ពី​ការ​ស្មាន​។ យោងតាម​ការស្ទង់មតិ​ថ្ងៃទី៧​ធ្នូ កន្លងមក សេដ្ឋី​អចលនវត្ថុ ដូ​ណា​ល់ ត្រាំ ​បានទទួល​សំឡេងគាំទ្រ​រហូតដល់៣៣​ភាគរយ ខ្ពស់​ជាងគេ​បំផុត​ក្នុងចំណោម​បេក្ខជន​ទាំងអស់​។

​ក្នុង​វេទិកា​ជជែក​ដេញដោល លោក ជេ​ប ប៊ុ​ស ដែល​បានទទួល​សំឡេងគាំទ្រ​តិចជាងគេ ​ក្នុងចំណោម​បេក្ខជន​ទាំងអស់​ក្នុង​បក្ស ស្រាប់តែ​ចេញមុខ​ទិតៀន​លោក ដូ​ណា​ល់ ត្រាំ ខ្លាំងជាងគេ​ ដោយ​លើកឡើង​ពី​សំណើ​ហាម​ប្រជាជន​ម៉ូ​ស្លី​ម​មក​និយាយ​ជាថ្មី​។ ចំណែក​បេក្ខជន​ផ្សេងទៀត​ ដូចជា​លោក Marco Rubio និង​លោក Ted Cruz រក្សា​ភាព​ស្ងៀមស្ងាត់ ដោយបាន​មិន​រិះគន់​លោក ដូ​ណា​ល់ ត្រាំ​ឡើយ តែ​ពួកគេ​ព្រួត​គ្នា​ធ្វើយ៉ាងណា​ចាប់កំហុស​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​មិនមាន​សមត្ថភាព​ការពារ​សន្តិសុខ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​។

​យោងតាម​សម្តី​ដែល​ស្រង់​ដោយសារ​ព័ត៌មាន CNN  អតីត​អភិបាលរដ្ឋ​ហ្វ្ល​រី​ដា​លោក ជេ​ប ប៊ុ​ស បាន​ហៅ​លោក ដូ​ណា​ល់ ត្រាំ ថា​បេក្ខជន​ដែលមាន​អារម្មណ៍​ច្របូកច្របល់ ​គ្មាន​សណ្តាប់ធ្នាប់ ហើយ​លោក​វាយតម្លៃថា ដូ​ណា​ល់ ត្រាំ នឹង​ក្លាយជា​ប្រធានាធិបតី​ដែល​គ្មាន​សណ្តាប់ធ្នាប់​ បើសិន​លោក​ជាប់ឆ្នោត​។

​តែ​លោក ដូ​ណា​ល់ ត្រាំ បាន​ព្យាយាម​បកស្រាយ​ពី​សំណើរបស់លោក​កន្លង​មក​ជាថ្មីទៀត​ដែរ ដោយ​លោក​នៅតែ​អះអាងថា វា​ជា​វិធានការ​សន្តិសុខ​ប៉ុណ្ណោះ​។ លោក​ថា ៖«​ ​យើង​មិនមែន​កំពុងនិយាយ​ពី​ការធ្វើ​ឲ្យ​មាន​ភាព​ឯកោ តែ​យើង​កំពុងនិយាយ​ពី​បញ្ហា​សន្តិសុខ​។ យើង​ក៏​មិនមែន​កំពុងនិយាយ​ពី​បញ្ហា​សាសនា តែ​យើង​ពិតជា​កំពុងនិយាយ​ពី​បញ្ហា​សន្តិសុខ​។ នេះ​ក៏ដោយ​សារ​ប្រទេស​យើង​គ្រប់គ្រង​លែង​បាន​ហើយ​»​។

​លោក ដូ​ណា​ល់ ត្រាំ ក៏​វាយបក​វិញ​ដែរ ដោយ​លោក​បញ្ចើ​ចបញ្ចើលោក ជេ​ប ប៊ុ​ស ដែល​ទទួល​សំឡេងគាំទ្រ​តិច​។ លោក​ថា ជេ​ប ប៊ុ​ស បរាជ័យ​រួចទៅហើយ ​ក្នុង​យុទ្ធនា​ការស្វែងរក​ការគាំទ្រ​ ដើម្បី​ឆ្ពោះទៅ​ដណ្តើម​តំណែង​ប្រធានាធិបតី​។  

​ជំហរ​ដាច់ដោយឡែក ដោយ​មិន​ទិតៀន​បក្ស​ប្រជាធិបតេយ្យ តែ​ងាក​មក​វាយប្រហារ​គូប្រជែង​ក្នុង​បក្ស​របស់លោក ជេ​ប ប៊ុ​ស អាចជា​យុទ្ធសាស្ត្រ​ទាក់ទាញ​ប្រជាប្រិយភាព​មួយ​។ សំណើ​លោក ដូ​ណា​ល់​ត្រាំ ត្រូវបាន​អ្នកនយោបាយ ​និង​មេដឹកនាំ​ពិភពលោក​ថ្កោលទោស ដូច្នេះការប្រឆាំង​សំណើ​របស់លោក ដូ​ណា​ល់​ត្រាំ វា​នឹង​ជួយ​ឲ្យ ជេ​ប ប៊ុ​ស ទាញ​ការគាំទ្រ​បាន​ខ្លះៗ​ដែរ​។ 

​ប៉ុន្តែគេ​មិន​រំពឹងថា ជេ​ប ប៊ុ​ស អាច​ឆក់​ឱកាស​ទាញយក​សំឡេងគាំទ្រ​ពី​អ្នកគាំទ្រ​បក្ស​សាធារណរដ្ឋ​បានទេ ព្រោះ​បើ​និយាយ​ជារួម ឲ្យ​តែ​ទាក់ទង​បញ្ហា​សន្តិសុខ​ជាតិ អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​នេះ ​ហាក់​ពេញចិត្ត ពេញ​ថ្លើម ចំពោះ​រាល់​វិធានការ​ និង​គោលនយោបាយ​របស់លោក ដូ​ណា​ល់ ត្រាំ៕