សហគមន៍ព្នង​​នៅ​មណ្ឌលគិរី​បដិសេធ​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​រឿង​ជម្លោះ​ដី

អាជ្ញាធរ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី បាន​សម្របសម្រួល​ឲ្យ​សហគមន៍​ព្នង ៤៤​គ្រួសារ​រស់​នៅ​ភូមិ​ពូចារ ចែក​ដី​​ជាមួយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ដើម្បី​បញ្ចប់​ជម្លោះ ក៏​ប៉ុន្តែ​ការ​សម្របសម្រួល​នេះ​មិន​បាន​ជោគជ័យ​ទេ ដោយសារ​សហគមន៍​មិន​ទទួល​បាន​ដី​សមស្រប​ទៅ​នឹង​ចំនួន​ប្រជាពលរដ្ឋ​ដែល​មាន។

សហគមន៍​ភូមិ​ពូចារ ហៅ​ការ​សម្របសម្រួល​ចែក​ដី​របស់​អាជ្ញាធរ​ស្រុក​កែវសីមា ថា​ជា​ការ​សម្រប​​សម្រួល​លំអៀង មិន​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ។

​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ប្រជាពលរដ្ឋ​ភូមិ​ពូចារ ប្រមាណ ៣០​នាក់ បាន​នាំ​គ្នា​ទៅ​កាន់​សាលា​ស្រុក​​កែវសីមា ជំរុញ​ឲ្យ​អាជ្ញាធរ​ស្រុក​ដោះស្រាយ​ពាក្យ​ប្ដឹង​របស់​ពលរដ្ឋ​ទាក់ទិន​ដី ៧៨​ហិកតារ​ដែល​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បាន​រំលោភ​ចូល​កាន់​កាប់​យក​ជា​សម្បត្តិ​ឯកជន។

តំណាង​សហគមន៍​ពូចារ លោក ណេត ស្រេង មាន​ប្រសាសន៍​ថា អភិបាល​ស្រុក​កែវសីមា បាន​សម្របសម្រួល​ឲ្យ​អ្នក​ភូមិ​ទទួល​យក​ដី ២៨​ហិកតារ​ក្នុង​ចំនួន​ដី ៧៨​ហិកតារ ដែល​ជា​ដី​សេសសល់​ពី​ការ​ឈូស​ឆាយ​ដាំ​ដុះ​របស់​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ ប៉ុន្តែ​អ្នក​ភូមិ​មិន​ព្រម។

លោក​បន្ត​ថា អ្នក​ភូមិ​នឹង​បន្ត​ជំរុញ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត ឬ​ថ្នាក់​ជាតិ ដោះស្រាយ​រឿង​ក្ដី​ដើម្បី​អ្នក​ភូមិ​ទទួល​បាន​ដី​សមស្រប​ប្រកប​របរ​ចិញ្ចឹម​ជីវិត៖ «បាទ! អយុត្តិធម៌ ពួក​ខ្ញុំ ៤៤​គ្រួសារ គិត​ទៅ​ម្នាក់​មិន​បាន​កន្លះ​ហិកតារ​ផង។ ដី​ស្រឡះៗ​កណ្តាលៗ​ហ្នឹង ដី​ចាស់​គាត់​យក​ទាំង​អស់ ទុក​ដី​កៀន​ព្រៃ​ឲ្យ​ពួក​ខ្ញុំ​ហ្នឹង»

​អាជ្ញាធរ​ស្រុក​កែវសីមា កាល​ពី​ថ្ង​ទី​៤ ខែ​ធ្នូ បាន​ចុះ​វាស់វែង​ដី​ដែល​មេបញ្ជាការ​កងរាជអាវុធហត្ថ​​ស្រុក​កែវសីមា គឺ​លោក សាក់ សារុន ចូល​កាន់កាប់​ជាក់ស្ដែង​មាន​ចំនួន ៤៤​ហិកតារ។

សមាជិក​សហគមន៍​មួយ​រូប​ទៀត គឺ​លោក នីវ ធី កត់សំគាល់​ថា លោក សាក់ សារុន ក៏​ដូចជា​ពលរដ្ឋ​​ទូទៅ​ដែរ គឺ​លោក​បាន​ទៅ​ឈូស​ឆាយ​យក​ដី​សហគមន៍ ដូច្នេះ​ប្រសិន​អាជ្ញាធរ​បែង​ចែក​ដី​នោះ​គួរ​​ប្រគល់​ឲ្យ​លោក សាក់ សារុន នូវ​ចំណែក​ដី​ស្មើ​គ្នា​នឹង​គ្រួសារ​ពលរដ្ឋ​មួយ​គ្រួសារៗ។

លោក​ថា ដី​ដែល​​អាជ្ញាធរ​សម្របសម្រួល​ឲ្យ​សហគមន៍​ទទួល​យក គឺ​ប្រភេទ​ដី​នៅ​ជាយ​ព្រៃ​មិន​អំណោយផល​​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចម្ការ៖ «ប្រជាពលរដ្ឋ​គេ​ទាមទារ​ថា ឲ្យ​ចែក​ស្មើ​គ្មាន​ទៅ បើ​ខាង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ពីរ​ហិកតារ​ឲ្យ​ពីរ​​ហិកតារ​ដូច​គ្នា​ទៅ។ ដល់​អ៊ីចឹង​គេ​អត់​ហ៊ាន​សម្រេច គេ​បញ្ជូន​ឯកសារ​ទៅ​លើ​ធ្វើ​របាយការណ៍​​ទៅ​លើ​វិញ»

កាល​ពី​ចុង​ខែ​វិច្ឆិកា កន្លង​ទៅ តំណាង​អ្នក​ភូមិ​ពូចារ បាន​ដាក់​ពាក្យ​ប្ដឹង​លើក​ទី​ពីរ​ជូន​មន្ទីរ​រៀបចំ​ដែន​​ដី នគរូបនីយកម្ម និង​សំណង់ អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​មណ្ឌលគិរី ចោទ​​ប្រកាន់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវសីមា និង​ឈ្មោះ ឡឹក ហ៊ា ពី​បទ​រំលោភ​ដី​សហគមន៍។ បន្ទាប់ពី​ការ​ដាក់​ពាក្យ​ប្ដឹង​នេះ អភិបាល​ស្រុក​កែវសីមា លោក សិន វណ្ណវុឌ្ឍ អះអាង​ថា អាជ្ញាធរ​ស្រុក​នឹង​ធ្វើ​ការ​សម្របសម្រួល​បញ្ហា​នេះ​ជូន​ពលរដ្ឋ​ដើម្បី​បញ្ចប់​ជម្លោះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ស៊ិន វណ្ណវុឌ្ឍ សុំ​អធិប្បាយ​ពី​ការ​សម្របសម្រួល​នោះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ដោយសារ​លោក​ជាប់​រវល់​ប្រជុំ។

ទាក់ទិន​ការ​សម្របសម្រួល​ចែក​ដី​នេះ​ដែរ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវសីមា សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ដូច​គ្នា ក៏ប៉ុន្តែ​អ្នក​គ្រប់គ្រង​ដី​ទំនាស់​នេះ​គឺ​លោក ឡឹក ហា មាន​ប្រសាសន៍​ថា លោក សាក់ សារុន យល់​ព្រម​ប្រគល់​ដី​ដែល​នៅ​សេសសល់​ជូន​ពលរដ្ឋ។ ដោយ​ឡែក​ដី​ដែល​លោក​បាន​ឈូស​ឆាយ​ដាំ​ដុះ ៤៤​ហិកតារ លោក សាក់ សារុន មិន​យល់ព្រម​ចែក​ទៅ​​ឲ្យ​សហគមន៍​ឡើយ៖ «ស្រុក​គាត់​មក​សម្របសម្រួល​ហ្នឹង​សុំ​ចែក​ឲ្យ​ប្រជាជន​វិញ​ខ្លះ។ ខ្ញុំ​ក៏​ឯកភាព​ដែរ​ដី​ដែល​ខ្ញុំ​ធ្វើ​ហើយ​ខ្ញុំ​មិន​ឲ្យ​ទេ ដី​ដែល​ខ្ញុំ​មិន​ទាន់​ធ្វើ​ទេ​គាត់​ចែក​គេ​ទៅ»

​មេឃុំ​ស្រែព្រះ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៥ បាន​ចេញ​លិខិត​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ ៤៤​គ្រួសារ​​ចុះ​ទៅ​ធ្វើស្រែ​នៅ​ស្រែ​ត្រពាំងចក ចំណុច​ពូត្រុំចាស់ បន្ទាប់​ពី​បុរស​ឈ្មោះ ឡឹក ហ៊ា ចូល​ទៅ​កាន់កាប់​​ដី​ចំណុច​នោះ​ហើយ​សំអាង​ថា ខ្លួន​ជា​អ្នកថែរក្សា​ដី​ឲ្យ​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក និង​មិន​​ព្រម​ចូល​ខ្លួន​មក​ពិភាក្សា​ការ​តវ៉ា​របស់​សហគមន៍​តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​ឃុំ​ចំនួន​ពីរ​លើក។

មេ​ឃុំ​ស្រែព្រះ លោក ព្យើក ប៉េ បដិសេធ​ថា ការ​ដោះស្រាយ​ជម្លោះ​ពេល​នេះ​ហួស​សមត្ថកិច្ច​របស់​​អាជ្ញាធរ​ឃុំ ហេតុ​នេះ​លោក​បាន​ណែនាំ​ឲ្យ​អ្នក​ភូមិ​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត​​រួច​ហើយ៖ «រឿង សាក់ សារុន ហ្នឹង គេ​រាយការណ៍​មក​ខ្ញុំ​ឆ្លង​ខ្ញុំ​ហើយ។ ខ្ញុំ​ថា មិន​មាន​លទ្ធភាព​ដោះស្រាយ​បាន​ទេ ​ឲ្យ​ជូន​ទៅ​ស្រុក បើ​ស្រុក​ដោះស្រាយ​មិន​បាន​ទេ ជូន​ទៅ​ខេត្ត។រឿង​ហ្នឹង​ឯកសារ​បញ្ជូន​ទៅ​ខេត្ត​អស់​​ហើយ ខ្ញុំ​មិន​អាច​ដោះស្រាយ​បាន​ទេ»

​ចំណែក​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ជួយ​ដោះស្រាយ​ការ​តវ៉ា​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ។ ដោយ​ឡែក​ស្ថាប័ន​​អយ្យការ​ត្រូវ​ប្រញាប់​ចាត់ការ​ស៊ើប​អង្កេត​បណ្ដឹង​របស់​ពលរដ្ឋ​ដែល​ចោទ​ប្រកាន់​មន្ត្រី​ប្រដាប់​​អាវុធ​ប្រើ​អំពើ​ហិង្សា​រំលោភ​សិទ្ធិមនុស្ស៖ «ត្រូវតែ​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​មន្ត្រី​សាធារណៈ​ណា​ដែល​យក​តួនាទី​អំណាច​របស់​ខ្លួន​ទៅ​ច្បាម​យក​ផលប្រយោជន៍​របស់​ប្រជាជន។ អាជ្ញាធរ​ខេត្ត ស្ថាប័ន​តុលាការ ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ឲ្យ​បាន​ពិត​ប្រាកដ»

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍​ពូចារ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ បាន​ថ្លែង​នៅ​ក្នុង​វេទិកា​​សាធារណៈ​ថ្នាក់​មូលដ្ឋាន​នៅ​ចំពោះ​មុខ​មន្ត្រី​អាជ្ញាធរ​ស្រុក ខេត្ត និង​មន្ត្រី​តំណាង​ថ្នាក់​ជាតិ ទាមទារ​​ឲ្យ​ដោះស្រាយ​ពាក្យ​ប្ដឹង​តវ៉ា​របស់​ពលរដ្ឋ។ ចំណែក​មន្ត្រី​ពាក់ព័ន្ធ​ចូល​រួម​ក្នុង​វេទិកា​បាន​សន្យា​ថា នឹង​ជួយ​ដោះស្រាយ​ការ​តវ៉ា​របស់​ពលរដ្ឋ​ជា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។