សមាជិក បក្សប្រឆំាង លើកដៃអនុម័ត សេចក្តីព្រាងច្បាប់ ជាមួយ បក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ក្រោយពីធ្វើពហិការ មិនចូលប្រជុំសភាអស់មួយរយៈមក សមាជិកសភាមកពីគណបក្សប្រឆំាង ដែលដឹកនំាដោយលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានចួលរួមលើកដៃអនុម័តច្បាប់ សេចក្តីព្រាងច្បាប់ចំនួន៣ ជាមួយសមាជិកសភា គណបក្សប្រជាជនកម្ពុជា ។

អង្គប្រជុំសភាដឹកនំាដោយ សម្តេច ហេងសំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៦ធ្នូ ដោយមាន សមាជិកសភាសរុបចំនួន១០០រូប ក្នុងនោះមកពី សមាជិកសភាមកពីគណបក្សប្រជាជន ចំនួន៦៦រូប និងមកពីសមាជិកបក្សសង្គ្រោះជាតិចំនួន៣៤រូប។

អង្គប្រជុំ បានលើកយករបៀបវារៈចំនួន៣ ក្នុងនោះមាន៖ ទី១ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតមជ្ឍមណ្ឌលជីវៈចម្រុះអាស៊ាន។ ទី២ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារសម្រាប់ធ្វើ វិសោធនកម្មកិច្ចព្រមព្រៀង ម៉ារ៉ាកេស ស្តីពីការបង្កើតអង្កការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ទៅក្នុងឧបសម្ព័ន្ធ១ក នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស ។  ទី៣  សេចក្តីព្រាងច្បាប់ស្តីពីសុខភាពសត្វ និងផលិកម្មសត្វ។

ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីការបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន មានគោលបំណងធានាឲ្យបាននូវការការពារ ធនធានជីវៈចម្រុះ ដែលកំពុងរងការគំរាមកំហែងក្នុងតំបន់អាស៊ាន ។ ការបង្កើតមជ្ឈមណ្ឌលចម្រុះអាស៊ាន គឺវិធានការយ៉ាងសំខាន់ ដើម្បីលើកកម្ពស់ស្ថានភាពជីវៈចម្រុះ នៅក្នុងតំបន់អាស៊ាន ដូចជាការការពារកាអភិរក្ស ការគ្រប់គ្រង និងការប្រើប្រាស់ប្រកបដោយនិរន្តភាព។
ក្នុងន័យនេះមជ្ឈមណ្ឌលជីវៈចម្រុះ អាស៊ាន មានតួនាទីសម្របសម្រួល និងសហការជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ស្ថាប័នរដ្ឋាភិបាល អង្គការអភិរក្សក្នុងតំបន់ និងអន្តរជាតិនានា ដើម្បីធានាដល់និរន្តភាពនៃធនធានជីវៈចម្រុះ និងការបែងចែក ផលប្រយោជន៍ នៃ  ធនធានសេនេនិចដោយសមធម៌ និងយុត្តិធម៌ ។

ចំណែកសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារសម្រាប់ធ្វើ វិសោធនកម្មកិច្ចព្រមព្រៀង ម៉ារ៉ាកេស ស្តីពី ការបង្កើតអង្កការ ពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មទៅក្នុងឧបសម្ព័ន្ធ ១កនៃកិច្ចព្រមព្រៀងម៉ារ៉ាកេស បានចែកចេញជាបីផ្នែក៖ ផ្នែកទី១  ការបោះពុម្ពផ្សាយ និងព័តមានដែលអាចរកបាន ឱកាសសម្រាប់បញ្ចេញយោបល់ ព័ត៌មានមុនពេលចូលជាធរមាន ។ ផ្នែកទី២ បញ្ញត្តិស្តីពីប្រព្រឹត្តិកម្មពិសេស និងដោយឡែកសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នឹងប្រទេសអភិវឌ្ឍន៍តិចតួច ដែលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក។ ផ្នែកទី៣  ការរៀបចំស្ថាប័ន និងអវសាន្តប្បញ្ញតិ្ត ។

ដោយឡែក សេចក្តីព្រាងច្បាប់ ស្តីពីសុខភាពសត្វ និងផលិកម្មសត្វមាន ចំនួន២២ជំពូក និង១២៤មាត្រា។ សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍន៍ក្របខណ្ឌគតិយុត្តិ របស់រាជរដ្ឋាភិបាល ដើម្បីគំាទ្រយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលនៃរដ្ឋសភា ដែលមានចែងយ៉ាងច្បាស់នៅក្នុងមុំទី២ ស្តីពីការលើកកម្ពស់ការចិញ្ចឹមសត្វ  និងវាតីវប្បកម្មនៃចតុកោណទី១ ស្តីពីការលើកស្ទួយវិស័យកសិកម្ម និងក្នុងបរិបទ ដែលកម្ពុជាត្រូវបំពេញ ក្នុងក្របខណ្ឌនៃអង្គការ ពាណិជ្ជកម្មពិភពលោក (WTO)  អង្កការសុខភាពសត្វពិភពលោក  (OIE) ការធ្វើសមារណកម្មកម្ពុជា ជាមួយអាស៊ាន និងបណ្តាប្រទេសក្នុងតំបន់ផងដែរ ៕

សមាជិក បក្សប្រឆំាង លើកដៃអនុម័ត សេចក្តីព្រាងច្បាប់ ជាមួយ បក្សប្រជាជនកម្ពុជា

សមាជិក បក្សប្រឆំាង លើកដៃអនុម័ត សេចក្តីព្រាងច្បាប់ ជាមួយ បក្សប្រជាជនកម្ពុជា