លោក ហោ ណាំហុងៈ ប្រទេសកំពុងអភិវឌ្ឍន៍ គ្រោះធម្មជាតិបង្ករ ដោយការប្រែប្រួល អាកាសធាតុ

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំ «រដ្ឋមន្ត្រីអាស៊ានស្តីពី ការគ្រប់គ្រង គ្រោះមន្តហន្តរាយលើកទី៣ » នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានមានប្រសាសន៍ថា ប្រទេសកំពុងអភិវឌ្ឍន៍ គ្រោះធម្មជាតិដែលកើតឡើង ភាគច្រើន គឺបង្ករមកពីការប្រែប្រួល អាកាសធាតុ ។

យោងតាមសុន្ទរកថាបិទកម្មវិធីរបស់ លោក ហោ ណាំហុង ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួល បាននៅ រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ លោកបានមានប្រសាសន៍ថា « សំរាប់ ប្រទេសកំពុងអភិវឌ្ឍន៍ គ្រោះធម្មជាតិ បង្ករ ដោយការប្រែប្រួលអាកាសធាតុ មិនត្រឹមតែការបាត់បង់ជីវិត និងវិនាសកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃ អសន្តិសុខរបស់ពលរដ្ឋ ទាំងផ្នែកអាយុជីវិត ម្ហូបអាហារ និងភាពក្រីក្រ ហើយរារាំងដល់ការភិវឌ្ឍន៍ ប្រកបដោយ ចីរភាពទៀតផង » ។

រដ្ឋមន្ត្រីក្រសួងការបរទេស បានមានប្រសាសន៍ទៀតថា  «សំរាប់អាស៊ានខ្ញុំសង្ឃឹមថា យើងនិងមានការ ឯកភាព ជាមួយខ្ញុំថា យើងមានការបារម្ភច្រើនជាង  ចំពោះការប្រែប្រួលអាកាសធាតុ  ដោយតំបន់អាស៊ីអាគ្នេយ៍យើង ងាយ រងគ្រោះពីគ្រោះធម្មជាតិ។ ជាងមួយទសវត្សtរ៍ចុងក្រោយ យើងបានជួបប្រទះគ្រោះធម្មជាតិញឹកញាប់ ដែលបង្កឲ្យ មានការបាត់បង់ជីវិតរាប់ពាន់នាក់ ការបំផ្លិតបំផ្លាញទ្រង់ទ្រាយធំ និងការខូចខាតរាប់ពាន់លានដុល្លារ» ។

ជាមួយ គ្នានោះផងដែល លោកឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ កោតសរសើរទៀតថា តាមទស្សនៈរបស់ លោក កិច្ចព្រមព្រៀងដែលគួរឲ្យកោតសរសើរនេះ មិនគួរគ្រាន់តែជាក្រដាសដែលសរសេរអំពី សេចក្តីប្រកាស ការទូត នោះឡើយ។ លោកជឿជាក់ថា ការពិភាក្សារបស់កិច្ចប្រជុំអំពីការគ្រប់គ្រងគ្រោះមហន្តរាយ រយៈពេលពីរ ថ្ងៃចុងក្រោយនេះ ពិតជាសមស្របទៅនឹង អ្វីដែលយើងត្រូវធ្វើដើម្បី ឲ្យបានសមស្របទៅតាម “កិច្ចព្រមព្រៀង នៅទីក្រុងប៉ារីស” បើតាមលោក ហោ ណាំហុង កិច្ចព្រមព្រៀងសន្និសិទនៃភាគី២១ទីក្រុងប៉ារីស ដែលទើបបិទ បញ្ចប់កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន នឹងធ្វើឲ្យ “តំបន់យើងមានសុវត្ថិភាពជាងមុនពីគ្រោះធម្មជាតិ យ៉ាងហោច ណាស់ នោះគឺជាការជឿជាក់ដ៏ស្មោះស្ម័គ្ររបស់ខ្ញុំ”៕

លោក ហោ ណាំហុងៈ ប្រទេសកំពុងអភិវឌ្ឍន៍ គ្រោះធម្មជាតិបង្ករ ដោយការប្រែប្រួល អាកាសធាតុ