ក្រុមសហជីព ស្នើសុំកិច្ចអន្តរាគមន៍ ពីនាយករដ្ឋមន្រ្តី ពាក់ព័ន្ធសេចក្តី ព្រាងច្បាប់សហជីព

ភ្នំពេញ៖ ក្រុមសហជីពនៅ កម្ពុជាជាង២០ បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យជួយអន្តរាគមន៍ ដើម្បីបានជួបជាមួយក្រុម តំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជា  និងស្នើសុំដាក់បញ្ចូល សំណើ រួមសំខាន់ៗរបស់ សហជីពទៅក្នុងសេចក្តី ព្រាងច្បាប់នេះ ដើម្បីអនុម័តនៅថ្ងៃខាងមុខ។

លិខិតរបស់សហជីពផ្ញើទៅសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងថា ថ្វីត្បិតកន្លងមក មានការកោះអញ្ជើញ ឲ្យចូលរួមនៅក្នុងដំណើរការពិគ្រោះ យោបល់ ជាទ្វេភាគី និងជាត្រីភាគី ជាច្រើនលើកជា ច្រើនសារក៏ពិតមែន ប៉ុន្តែរាល់លើកនៃកិច្ចពិភាក្សានោះ សហជីពបានលើកឡើងនូវ ការព្រួយបារម្ភ និងស្នើជា យោបល់ ដើម្បីកែសំរួលនិងដាក់បញ្ចូល ទៅក្នុងសេចក្តីព្រាងច្បាប់នោះ ប៉ុន្តែរាល់កំណែនៃសេចក្តីព្រាងច្បាប់នេះ មិនបានដាក់បញ្ចូលសំណើ សំខាន់របស់សហជីពទេ ផ្ទុយទៅវិញ កំណែចេញមកមួយលើកៗ តែងតែធ្វើឲ្យយ៉ាប់ យឺនជាងមុន ។

សហជីពមានការខកចិត្តយ៉ាងខ្លាំង ដោយក្រសួងការងារ មិនទទួលយកចំណុចដែលជាក្តីបារម្ភខ្លាំងរបស់សហជីព ទៅដាក់បញ្ចូលនៅក្នុងសេចក្តីព្រាងច្បាប់ ចុងក្រោយនេះ ហើយក៏មិនបានឲ្យបានដឹងជាផ្លូវការ អំពីសេចក្តីព្រាង ច្បាប់ចុងក្រោយនោះទេ។

លោក សៀង សម្បត្តិ ប្រធានសហព័ន្ធសហជីពមិត្តភាព បានថ្លែងថា ក្រុមសហជីពស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើយ៉ាងឲ្យពួកគាត់បានជួបជាមួយតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជាដើម្បី ពិភាក្សាសេចក្តីព្រាងនេះ មុនបញ្ជូនទៅអនុម័ត និងទទួលយកសំណើររបស់ពួកគាត់ផងដែរ ដើម្បីឲ្យមានការកែប្រែ។

លោកបន្តថា ក្រុមសហជីពក៏បានស្នើឲ្យបណ្តាស្ថានទូតនៅកម្ពុជា ដូចជា ស្ថានទូតអូស្រ្តាលី បារាំង អាម៉េរិក ស៊ុយអ៊ែត និងស្ថានទូតមួយចំនួនទៀត ជួយពិនិត្យលើករណីនេះផងដែរ។

សូមបញ្ជាក់ថា ច្បាប់សហជីពមាន១៧ជំពូក និង៩១មាត្រា។ កាលពីពេលថ្មីៗនេះ ពួកសហជីពក៏បានជួប ជាមួយ លោក កឹម សុខា អនុប្រធាន គណបក្សសង្រ្គោះជាតិ ផងដែរ ដើម្បីពិភាក្សាទៅលើ សេចក្តីព្រាងច្បាប់ ចុងក្រោយនេះ៕