ជប៉ុន ផ្ដល់ជំនួយឲ្យកម្ពុជា ជិត ២៧ម៉ឺនដុល្លារ សម្រាប់គម្រោងបី

ភ្នំពេញ៖ ជាថ្មីម្តងទៀត លោក គូម៉ាម៉ារ៉ូ យួជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាងឲ្យរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ជំនួយចំនួន ២៦៨,២៤៨ដុល្លារអាម៉េរិក សម្រាប់គម្រោងចំនួនបីនៅកម្ពុជា នៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០១៥នេះ ។

លោក គូម៉ាម៉ារ៉ូ បានថ្លែងក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ជំនួយថា សម្រាប់គម្រោងចំនួនបីនោះរួមមាន៖ទី១-សម្រាប់ពង្រីកផ្ទៃដីដាំដុះនៅក្នុងស្រុកបាកា ខេត្តពោធិ៍សាត់ ដែលមានថវិកាសរុប ៨៩,៧៧៥ដុល្លារអាម៉េរិក , ទី២-សម្រាប់ពង្រីកផ្ទៃដីដាំដុះនៅក្នុងស្រុកព្រះស្ដេច ខេត្ដព្រៃវែង ដែលមានថវិកាសរុប ៨៩,៤២៣ដុល្លារអាម៉េរិក , ទី៣ផ្ដល់ជូនដល់ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ សម្រាប់កសាងសង់ទីស្នាក់អភិរក្សតំបន់ព្រៃការពារជួរភ្នំភាគកណ្ដាល នៃខេត្ដ ពោធិ៍សាត់មួយខ្នង ដែលមានថវិកាសរុបចំនួន៨៩,០៥០ ដុល្លារអាម៉េរិក។

លោក ជុះ សុភី ប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែង តំណាង្យស្ថាប័នចំនួនទាំងបី បានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាជប៉ុនដែលជានិច្ចកាលបានជួយនិងគាំទ្រ ដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកបន្តថា  “ខ្ញុំសង្ឃឹមថា គម្រោងទាំងបី ដែលបានចុះកិច្ចសន្យាផ្ដល់ជំនួយនៅថ្ងៃនេះ និងត្រូវបានអនុវត្ដយ៉ាងរលូន និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាមួយដៃគូរបស់យើង”៕